កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ប្រឈមនឹងការរំខានធំៗមុនកម្មវិធីបើក
28, Apr 2024 , 8:59 pm        
រូបភាព
ទីក្រុងប៉ារីស នឹងប្រឈមមុខការរំខានដ៏ធំមួយពីបញ្ហាសន្តិសុខ ការគ្រប់គ្រងចរាចរណ៍ ក៏ដូចជាបញ្ហាសង្គ្រាមកំពុងកើតមានក្នុងប្រទេសអ៊ុយក្រែន និងតំបន់កាហ្សា មុនពេលកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ កម្មវិធីបើកការប្រកួតនៅតាមដងទន្លេសែន (Seine) ធ្វើឡើងថ្ងៃទី២៦ ខែកក្កដា អ្នករៀបចំកម្មវិធីបង្កើនវិធានការសន្តិសុខ ដើម្បីការពារព្រឹត្តិការណ៍ដ៏ធំមួយនេះ។

អ្នករៀបកម្មវិធី បានរំពឹងថាការដង្ហែរក្រុមអត្តពលិកមកពីប្រទេសជាច្រើនពិភពលោក លើទូកចំនួន ១៦០គ្រឿង បណ្តែតតាមដងទន្លេសែន (Seine) ប្រវែង ៦គីឡូឆ្ពោះទៅកាន់ប៉ម Eiffel នឹងទាក់ទាញទស្សនីយ៍ភាពអ្នកគាំទ្រ។ Paris 2024 ធ្លាប់បានរំពឹងថា អ្នកគាំទ្រប្រមាណ ៣សែនអ្នកនឹងទស្សនាពិធីបើកដោយផ្ទាល់ ដោយឈរនៅតាមដងទន្លេសែន។
 
ប៉ុន្តែកត្តាសុវត្ថិភាពកំពុងតែក្លាយជារឿងដ៏ឈឺក្បាលបំផុតមួយ សម្រាប់មន្ត្រីការពារសន្តិសុខក្នុងទីក្រុងប៉ារីស ព្រោះតែការគំរាមកំហែងពីបញ្ហាភេរវកម្ម និងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងតំបន់កាហ្សា ផ្តល់ការរំខាន។
 
បញ្ហាខាងលើនេះ ក៏ធ្លាប់ត្រូវបានលោក Emmanel Macron ប្រធានាធិបតីបារាំងលើកឡើងមកជជែកផងដែរ ដោយគម្រោងកម្មវិធីបើកតាមដងទន្លេសែន អាចនឹងត្រូវលុបចោល ប្រសិនបើមានហានិភ័យខ្ពស់ខ្លាំង។ លោកប្រធានាធិបតីបារាំង ធ្លាប់បញ្ជាក់ថា ផែនការជំនួសសម្រាប់កម្មវិធីបើកក៏ត្រូវបានត្រៀមរួចរាល់។
 
លោក Laurent Nunez មេប៉ូលិសទីក្រុងប៉ារីស បាននិយាយនៅក្នុងសន្និសីទព័ត៌មានមួយថា ប្រជាជនមានផ្ទះ ជាប់តាមដងទន្លេសែនអាចអញ្ជើញមិត្តភក្កិឱ្យទៅចូលរួមទស្សនា ដោយការរៀបចំតាមផ្ទះនីមួយៗ ។ លើសពីនេះ មេប៉ូលិសដដែល ក៏បានលើកឡើងពីបញ្ហាចរាចរណ៍ទាំងផ្លូវទឹក និងផ្លូវគោក ដែលនឹងអាចបណ្តាលជាបញ្ហាកកស្ទះ។
 
លោក Nunez បានលើកឡើងដូច្នេះថា៖«ស្ថានីយ៍រថភ្លើងក្រោមដីដែលនៅជាប់គ្នា ការឆ្លងកាត់ទន្លេភាគច្រើន និងចរាចរណ៍ផ្លូវទឹកទាំងអស់នៅត្រូវបិទនៅមួយសប្តាហ៍មុនកម្មវិធីបើក។»។ 
 
អ្នកដំណើរដែលឆ្លងកាត់និងចូលទៅបរិវេណតំបន់ក្បែទន្លេសែន មុនពេលកម្មវិធីបើក ក៏នឹងត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដែលអ្នករៀបចំធ្វើឡើង ដើម្បីអាចអនុញាតិឱ្យពួកគេអាចធ្វើដំណើរចូលតំបន់នោះក្បែទន្លេសែនបាន។ 
 
អភិបាលក្រុងប៉ារីស អ្នកស្រី Anne Hidalgo ដែលមានវត្តមាននៅក្នុងសន្និសីទព័ត៌មាននោះដែរ ក៏បានអះអាងបន្ថែមថា ការរំខាននឹងប៉ះពាល់ដល់អ្នករស់នៅក្នុងទីក្រុង ក៏ដូចជាម្ចាស់អាជីវកម្ម ២០,០០០កន្លែង។ 
 
លោក Nunez ក៏បានបញ្ជាក់ច្បាស់ៗបន្ថែមថា៖«មកដល់ថ្ងៃនេះ យើងនឹងមិនទាន់មូលហេតុណាមួយដែលគួរឱ្យបារម្ភខ្លាំងនៅឡើយ៕

Tag:
 អូឡាំពិក
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com