ជាតិ
រថយន្ត
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់ជាង៧០ភាគរយហើយ
13, Dec 2021 , 8:29 pm        
រូបភាព
 ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលក្រុមហ៊ុន កំពុងសាងសង់។ រូបភាព ក្រសួងសាធារណការ
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលក្រុមហ៊ុន កំពុងសាងសង់។ រូបភាព ក្រសួងសាធារណការ
ការសាងសង់ផ្លូវល្បឿនលឿនទៅមកភ្នំពេញ-ព្រះសីហនុ សម្រេចបានជាង៧០ភាគរយហើយ។ នេះបើតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី១២ ខែធ្នូ។



បើតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដោយបច្ចុប្បន្នសម្រេចបាន៧០,៩៧ភាគរយហើយ។ តាមគម្រោង ផ្លូវនេះនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ ។ 
  


ក្រសួងសាធារណការ បានបញ្ជាក់ថា ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងមានគន្លងផ្លូវចំនួន៤ ដែលមានប្រវែងទទឹង ២៤,៥ ម៉ែត្រ និងមានផ្លូវបំបែកទិស ៧កន្លែង។ បើតាមក្រសួងសាធារណការ ក្រៅពីមានផ្លូវបំបែកទិស ក៏មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង។ ផ្លូវល្បឿនលឿននេះ បានឆ្លងកាត់ខេត្ត កំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ កោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
 
សម្រាប់ក្រសួងសាធារណការ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែក្រុងព្រះសីហនុ ដោយត្រឹមតែ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕ 


 

Tag:
 ផ្លូវល្បឿនលឿន
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com