ជាតិ
សេដ្ឋកិច្ច
កូរ៉េ ជួយសាងសង់ផ្លូវជាតិលេខ៤៨ ពីព្រះសីហនុ-កោះកុង តម្លៃជាង៦៥លានដុល្លារ
03, Jan 2022 , 9:29 pm        
រូបភាព
ផ្លូវជាតិលេខ៤៨ ដែលត្រូវសាងសង់ឡើងក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ។ រូបថត៖ MPWT
ផ្លូវជាតិលេខ៤៨ ដែលត្រូវសាងសង់ឡើងក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ។ រូបថត៖ MPWT
ភ្នំពេញ៖ ផ្លូវជាតិលេខ៤៨ ភ្ជាប់ពីខេត្តព្រះសីហនុ ទៅខេត្តកោះកុង ដែលមានតម្លៃជាង៦៥លានដុល្លារអាម៉េរិក ត្រូវបានប្រកាសឱ្យសាងសង់ នាថ្ងៃទី៣មករា។  បើតាម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូន ផ្លូវមួយខ្សែនេះ នឹងត្រូវសង់ឡើងនៅក្នុងកម្រិតគុណភាពខ្ពស់ ក្រោមជំនួយឥណទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ។

 
 
គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ អូរជ្រៅ-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ចំនួន៦៥,១៤ដុល្លារអាម៉េរិក ត្រូវបានចាប់ផ្តើមដំណើរការ នាព្រឹកថ្ងៃទី៣មករា ឆ្នាំ២០២២។ លោក ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវនេះមានប្រវែង១៤៨គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ដែលគ្រោងបញ្ចប់ការសាងសង់ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤។ 
 
បើតាម លោក ស៊ុន ចាន់ថុល ផ្លូវជាតិលេខ៤៨នេះ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយរបស់ប៉ូលសេដ្ឋកិច្ចទីពីរ ដែលរួមមានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដែលជាតំបន់ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងតំបន់មាត់សមុទ្រ។ លោកបន្តទៀតថា ខ្សែផ្លូវនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា។ 
 
«ផ្លូវនេះនឹងត្រូវបានចាត់ទុកថា ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួល ដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្ម តភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅ នៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច»។ លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ ដែលធ្វើឡើងក្នុងទឹកដីខេត្តកោះកុង។ 
 
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បន្តអះអាងថា ផ្លូវជាតិលេខ៤៨នេះ នឹងជួយជំរុញ សក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុងបន្ថែមទៀត ក៏ដូចជាតំបន់ទេសចរណ៍គីរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ នៅភាគនិរតីនៃកម្ពុជា។  តាមរយៈផ្លូវជាតិដ៏មានសក្តានុពលនេះ ក៏នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដោយរំពឹងបាននូវការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ។ 
 
លោក ស៊ុន ចាន់ថុល បានបន្ថែម ផ្លូវមួយខ្សែនេះ ក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូង របស់មហាអនុតំបន់មេគង្គ GMS (R10) ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ផងដែរ៕ 
 

Tag:
 កូរ៉េ
  ជំនួយ
  ផ្លូវ
  ព្រះសីហនុ
  កោះកុង
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com