ដោយ៖ ញឹក សំអូន
ភ្នំពេញ៖ ការចរចាលើកទី៨ រវាងតំណាងកម្មករ និងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែគ្មានផ្លែផ្កា ដោយសារភាគីទាំងពីរនៅរក្សាជំហរដដែល។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំឲ្យភាគីទាំងពីរជួបពិភាក្សាគ្នាបន្តទៀត នៅដើមខែក្រោយ ដើម្បីឈានដល់ការបញ្ចប់វិវាទ។
ភាគីតំណាងកម្មករ និងតំណាងក្រុមហ៊ុណាហ្គា ឯកភាពគ្នា បន្តការចរចាម្ដងទៀត នៅថ្ងៃទី៤ឧសភា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៃក្រុមហ៊ុនណាហ្គាវើលដ៍។
ក្រសួងការងារអះអាងថា ការរៀបចំឲ្យភាគីនៃវិវាទទាំងពីរបន្តជួបចរចាគ្នា ដើម្បីឲ្យពួកគេ មានឱកាសពិចារណាឡើងវិញ ពីលទ្ធភាពសម្បទាន ឬយោគយល់គ្នាទៅវិញទៅមក ហើយឈានដល់ការបញ្ចប់វិវាទ។ ក្រសួងបានឲ្យដឹងថា ការចរចាគ្នាលើកទី៨ បានបរាជ័យ ព្រោះពួកគេរក្សាជំហរដដែល ដោយតំណាងកម្មករស្នើឲ្យក្រុមហ៊ុន ទទួលបុគ្គលិកប្រមាណ២០០នាក់ចូលបម្រើការងារវិញ។ ចំណែក ភាគីក្រុមហ៊ុនបដិសេធមិនទទួលយក។
យ៉ាងណាក្ដី ក្រសួងនៅតែទទូចស្នើសុំឲ្យភាគីទាំងពីរ យោគយល់គ្នាក្នុងការចូលរួមដោះស្រាយវិវាទការងារ ដោយបន្តសហការជាមួយអាជ្ញាធរ និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ ទន្ទឹមនឹងនេះ ក្រសួងការងារ បានលើកផ្នែកច្បាប់មកពន្យល់ថា៖ «ប្រសិនបើវិវាទការងារនេះ មិនអាចស្វែងរកដំណោះស្រាយបាន ដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចិងក្រោយ»។
ជុំវិញការអូសបន្លាយនៃវិវាទនេះ សង្គមស៊ីវិលដែលតាមដានលើសិទ្ធិការងារកត់សម្គាល់ថា ភាគីក្រុមហ៊ុនណាហ្គាវើលដ៍មានចេតនាបំបាត់សំឡេងសហជីព ហើយមិនអើពើនឹងទុក្ខកង្វល់កម្មករ។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ពិនិត្យឃើញថា កម្មករដែលក្រុមហ៊ុនណាហ្គាវើ់លដ៍បានបញ្ឈប់ ភាគច្រើនជាសមាជិកសហជីព និងថ្នាក់ដឹកនាំសហជីព។ បើតាមលោក តុលា សមាជិកសហជីពទាំងនោះ សុទ្ធតែជាអ្នកចូលរួមចរចាប្រាក់ឈ្នួល ឬលក្ខខណ្ឌការងារ ដើម្បីប្រយោជន៍ផ្សេងដល់បុគ្គលិកដទៃទៀត នៅក្នុងក្រុមហ៊ុន។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក មឿន តុលា ថ្លែងយ៉ាងដូច្នេះ៖ «បុគ្គលិកស្រ្តីជាង ២០០នាក់សុំឈប់ តែក្រុមហ៊ុនណាហ្គាវើលដ៍បដិសេដមិនឲ្យឈប់ ខណៈអ្នកមិនចង់ឈប់ក្រុមហ៊ុនបានដាក់សម្ពាធឲ្យឈប់ ដើម្បីបំបាត់សំឡេងសហជីព»។
មន្រី្តសង្គមស៊ីវិលរូបនេះ សង្កត់ធ្ងន់ថា៖ «អ៊ីចឹង! វាជាចេតនារបស់ក្រុមហ៊ុន គឺមិនចង់មានសហជីពដែលឈរខាងកម្មករ។ អំឡុងពេលជម្លោះពុំទាន់ដោះស្រាយចេញ យើងឃើញមានសហជីពមួយទៀតបង្កើតឡើង ដោយមិនដឹងថាមានការបោះឆ្នោតស្របតាមប្រជាធិបតេយ្យ ឬអត់នោះទេ»។
ជាមួយគ្នានេះ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ក៏លើកឡើងដូចលោក មឿន តុលា ដែរថា បុគ្គលិកដែលកំពុងបំពេញការងារយល់ព្រមស្នើសុំលាឈប់ ដើម្បីឲ្យបុគ្គលិកតវ៉ានៅខាងក្រៅបានចូលធ្វើការវិញ ប៉ុន្តែក្រុមហ៊ុនមិនព្រម។ កញ្ញាមើលឃើញថា ដំណាក់កាលនេះ មិនមានដំណោះស្រាយទេ ព្រោះក្រុមហ៊ុនមានចេតនាបំបិទសំឡេងសហជីព។
« ករណីវិវាទណាហ្គាវើលដ៍ នឹងអាចបង្កើតជាគំរូទៅដល់ទីកន្លែងផ្សេងៗទៀត គឺនិយោជកប្រើយុទ្ធសាស្រ្តដូចគ្នា ក្នុងការបិទសម្លេងកម្មករដែលចូលរួមជាមួយសហជីព»។
កម្មករណាហ្គាវើលដ៍បានចេញតវ៉ាជិតកន្លះឆ្នាំហើយ ចាប់តាំងពីថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ មក។ ពួកគេទាមទារឲ្យក្រុមហ៊ុនទទួលបុគ្គលិក ដែលភាគច្រើនជាសមាជិកសហជីព ចូលបំពេញការងារវិញ ,ភាគីក្រុមហ៊ុនត្រូវគោរពសិទ្ធិស្រី្ត រួមទាំងអត្ថប្រយោជន៍កម្មករផ្សេងទៀត។ ការទាមទារនេះ ក៏មានការឃាត់ខ្លួនហើយ ដោះលែងវិញដែរ។
បើតាមកញ្ញា ឈឹម ស៊ីថរ បច្ចុប្បន្នក្រុមអ្នកតវ៉ាមានគ្នា ប្រមាណ២០០នាក់ នៅតែរក្សាជំហរទាមទារ រហូតដល់មានដំណោះស្រាយសមស្រប៕