ជាតិ
៤ខែដើមឆ្នាំ កម្ពុជារកចំណូលបានជាង១៤លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ
04, May 2023 , 8:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលជាង ១៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៣។ ចំនួននេះ កើនឡើងជាង ៩៣៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។



រយៈពេល៤ខែ មានទេសចរសរុប ២៩៨ ៩៩៨នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ បានផ្ដល់ចំណូលដល់គ្រឹះស្ថានអង្គរ ចំនួន១៤ ០៣១ ២០៦ដុល្លារ។ ចំនួនទេសចរខាងលើនេះកើនជាង ៨០០ភាគរយ ធៀបនឹងរយៈពេលក្នុងឆ្នាំ២០២២។ ដោយឡែក ក្នុងខែមេសា មានចំនួនទេសចរ​ ចំនួន ៦២ ៦៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមានចំនួន ២ ៨៩៥ ៧១៤ដុល្លារ។
 
ក្រៅពីនេះតំបន់អង្គរ គ្រឹះស្ថានអង្គរ ក៏បានលក់សំបុត្រចូលទស្សនាតំបន់កោះកេរបាន​ចំនួន ៧៨ ២៧០ដុល្លារ ដល់ទេសចរអន្តរជាតិចំនួន ៥ ២១៨នាក់ ក្នុងរយៈពេល៤ខែ។  ទន្ទឹមនឹងនេះ ក្នុងខែមេសា មានទេសចរចំនួន ៨៥៩នាក់ បានលក់សំបុត្រចូលទស្សនាតំបន់កោះកេរ អាចរកចំណូលចំនួន១២ ៨៨៥ដុល្លារផងដែរ។
 
បន្ថែមពីនេះចំណូលពីការលក់សំបុត្រទូក នៅកំពង់ផែចុងឃ្លៀស ក្នុងខែមេសា មានចំនួន ៤៦ ៥៥៨ដុល្លារ។ ជាមួយគ្នានេះ រយៈពេល៤ខែ គ្រឹះស្ថានអង្គរ រកចំណូលពីការលក់សំបុត្រទូក ចំនួន ២២៦ ៧២២ដុល្លារ។ ជាមួយគ្នានេះ រយៈពេល ៤ខែ ចំណូលពីការលក់សំបុត្រចូលរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏បានឧបត្ថម្ភទៅមូលនិធិគន្ធបុប្ផា មានចំនួន ៥៩៧ ៩៩៦ដុល្លារ៕
 

Tag:
 គ្រឹះស្ថានអង្គរ
 លក់សំបុត្រ
© រក្សាសិទ្ធិដោយ thmeythmey.com