ភ្នំពេញ៖ ក្រុមហ៊ុន Top Planning co.,LTD (TPJ) របស់ជប៉ុន កំពុងពិចារណាបង្កើតរោងចក្រដែលអាចផលិតគ្រាប់ស្វាយចន្ទី និងកែច្នៃសម្បក ទៅជាប្រេងឥន្ធនៈ នៅកម្ពុជា។ មូលហេតុដែលក្រុមហ៊ុន ស្ទាក់ស្ទើរបោះទុនវិនិយោគ ដោយសារតែកម្ពុជា នៅខ្វះខាតកន្លែងកែច្នៃគ្រាប់ចន្ទី។
អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ និងជាដៃគូសហប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុន Top Planning បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ ក្រុមហ៊ុន Top Planning បានជោគជ័យលើការសិក្សាពីរបៀបកែច្នៃសម្បកស្វាយចន្ទី ទៅជាប្រេងឥន្ធនៈ។ ដូច្នេះ ក្រុមហ៊ុន ក៏មានគម្រោងសាងសង់រោងចក្រកៀបសម្បកស្វាយចន្ទី ទៅប្រេងនៅកម្ពុជា។

អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ។ រូបភាព៖ ឈុំ ចន្ថា
អ្នកស្រី អ៊ិន ឡៃហួត ពន្យល់ដូច្នេះថា៖«ការខ្វះខាតលើសម្បកហ្នឹង វាមានបញ្ហាខ្លាំង ដោយសារតែទីតាំងផលិតរបស់យើង ពង្រីកអត់ទាន់បាន។ ដើម្បីក្លាយជារោងចក្រកៀបសម្បកមួយ ទាល់តែមានទីផ្សារសាច់ហ្នឹងច្រើនដែរ ព្រោះថា បើអត់មានទីផ្សារលក់សាច់ទេ យើងផលិតបានមិនដឹងលក់នៅឯណា។ អ៊ីចឹង! ពេលហ្នឹងហើយ ដែលយើងកំពុងពិចារណាគ្នា ហើយរកដៃគូថ្មីៗមកថែមទៀត»។
អ្នកស្រី អ៊ិន ឡៃហួត បានបន្ថែមថា ប្រសិនបើ រោងចក្រកៀបសម្បកទៅជាប្រេងឥន្ធនៈដំណើរការបាន វានឹងផ្ដល់ប្រយោជន៍ច្រើនដល់កសិករ ដែលជួយបង្កើតការងារ និងបង្កើនតម្លៃ ដល់ស្វាយចន្ទីកម្ពុជា ជាពិសេស ជំរុញឱ្យកសិករមានកម្លាំងចិត្តដាំដុះបន្ថែមទៀត។
កម្ពុជា ជាប្រទេសផលិតស្វាយចន្ទីធំមួយនៅលើពិភពលោក ដូច្នេះ ចំពោះវត្ថុធាតុដើមក្នុងការកែច្នៃ ពុំជាបញ្ហាសម្រាប់កម្ពុជានោះទេ ប៉ុន្តែ អ្វីដែលជាបញ្ហាប្រឈមធំនោះគឺ កង្វះការកែច្នៃគ្រាប់ ដើម្បីបានសម្បក។ ការណ៍នេះ ទាមទារឱ្យមានរោងចក្រកែច្នៃ និងទីផ្សារនាំចេញគ្រាប់ចន្ទីបន្ថែមទៀត។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាធ្លាប់បានប្រាប់សារព័ត៌មាន Themy Thmey 25 កាលពីខែកុម្ភៈថា ក្រុមហ៊ុន Top Planning បានមកសិក្សាពីដំណាំស្វាយចន្ទីរបស់កម្ពុជា តាំងពីឆ្នាំ២០១៩ មកម្លេះ ហើយក៏បានបើករោងចក្រខ្នាតតូចមួយ នៅខេត្តកំពង់ធំ ដើម្បីស្ទាបស្ទង់ពីដំណើរការបើករោងចក្រធំ។ ប្រសិនបើ ដំណើរការបើករោងចក្រនេះ ជោគជ័យនោះនឹងអូសទាញរោងចក្រចំនួន ២បន្ថែមទៀត គឺរោងចក្រកៀបសម្បកយកប្រេងនិងរោងចក្រផលិតធ្យូងឧស្សាហកម្មពីសំណល់សម្បកចន្ទី ដែលកៀបរួច។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា
បើតាមលោក ស៊ីឡុត កម្ពុជាត្រូវការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចន្លោះពី៣០ទៅ៥០ រោងចក្រ ហើយរោងចក្រនីមួយៗ ត្រូវមានសមត្ថភាពផលិត ៤ពាន់តោនក្នុង១ឆ្នាំទើបអាចសល់សម្បកសម្រាប់បង្កើតប្រេងជីវៈឥន្ធនៈបាន៕