ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកតា វណ្ណ មូលី​វណ្ណ​និយាយ​រម្លឹក​ពី​ការកសាង​រាជធានី​ភ្នំពេញ​ពី​អតីតកាល (ភាគ​ទី១)
14, Mar 2015 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ


ភ្នំពេញ៖ លោក​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ១៩២៦ នៅក្នុង​ខេត្តកំពត ហើយ​នៅ​ឆ្នាំ២០១៥នេះ លោក​មាន​អាយុ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី១ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ១៩៤៤ ។ នៅ​ឆ្នាំ១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង។ នៅ​ជំនាន់​នោះ កម្ពុជា​គ្មាន​ស្ថាបត្យករ​ច្រើន​ទេ ហើយ​ប្រជាជន​ទូទៅ​ក៏​មិនសូវ​ស្គាល់​អាជីព​នេះដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ជំនាន់​នោះ ស្ថាបត្យករ ពិបាក​រកប្រពន្ធ​ជាង​វិស្វករ​សំណង់។ ខាងក្រោម​នេះ គឺជា​បទសម្ភាសន៍​ដែល​លោកតា វណ្ណ ម៉ូលីវណ្ណ បានធ្វើ​ឡើងជា​មួយ​វិទ្យាស្ថាន​សិល្បៈ និង​វប្បធម៌​រៃ​យំ​កាលពី​ឆ្នាំ២០០១ ។ នៅក្នុង​បទ​សម្ភា​ន៍​នេះ លោកតា វណ្ណ លើកឡើង​ពី​ប្រវត្តិ​នៃ​ការកសាង​ទីក្រុង​ភ្នំពេញ និង​ស្នាដៃ​របស់លោក​កាលពី​ជំនាន់​មុន៕ (បទសម្ភាសន៍​ទាំងស្រុង​ដកស្រង់​ចេញពី​វិទ្យាស្ថាន​សិល្បៈ និង​វប្បធម៌ REYUM)



រៃ​យំ៖ ជម្រាបសួរ​លោកតា! យើងខ្ញុំ​កំពុងតែ​រៀបចំ​ពិព័រណ៍ និង​បោះ​ពុ​ម្ភ​សៀវភៅ​មួយ​ស្តីអំពី ការកសាង​សិល្បៈ និង​វប្បធម៌ ក្នុង​ទសវត្ស៥០-៦០ ដូច្នេះ​មាន​សំណួរ​មួយចំនួន​ដែល​ខ្ញុំ​ចង់​សួរ​ទៅ​លោកតា។
វ.ម៖ សូម​អញ្ជើញ​ក្មួយ
រៃ​យំ៖ លោកតា​ធ្លាប់​បានធ្វើ​ការងារ​យ៉ាង​ច្រើន ជា​រដ្ឋមន្ត្រី​ផង ជា​ស្ថាបត្យករ​ផង ជា​អ្នករៀបចំ​ក្រុង​ផង ហើយ​ធ្លាប់​ឆ្លងកាត់​ច្រើន​សម័យ​ម្ល៉ោះហើយ​យើង​មាន​សំណួរ​ច្រើន​ចង់​សួរ​លោកតា តែ​ថ្ងៃនេះ​សូម​និយាយ​តែ​អំពី​ការរៀបចំ​ក្រុង និង​ស្ថាបត្យកម្ម​របស់​លោកតាខ្លះ។

វ.ម៖ ល្អ! ចង់​ដឹងអី​ខ្លះ ?
រៃ​យំ៖ ចាប់ផ្តើម​និយាយ​អំពី​រឿង​ការរៀបចំ​ក្រុង។ ក្នុង​ទសវត្ស៦០ លោកតា​បានរៀបចំ និង​សាងសង់​តំបន់​មួយ​ដែល​គេ​ហៅថា «ឆ្នេរទន្លេ​បាសាក់» ជា​ភាសា​បារាំង​គេ​ហៅថា «Le Front du Bassac» លោកតា​អាច​និយាយ​អំពី​ការងារ​នេះ​បានទេ ?
វ.ម៖ ចង់​និយាយ​អំពី​ការរៀបចំ​តំបន់​បាសាក់​ហ្នឹង គឺ​ត្រូវ​និយាយ​អំពី​ការរៀបចំ​តំបន់​ក្រុង និង​ការសាងសង់​សំណង់​ផង។ ត្រូវ​យល់ថា​គម្រោង​រៀបចំ​តំបន់​បាសាក់​នោះ ជា​ផ្នែក​មួយ​នៃ​ផែនការ​រៀបចំ​ក្រុង​ទាំងមូល​ដែល​យើង​បានចាប់ផ្តើម​អនុវត្តន៍​នៅ​សម័យ​ទសវត្ស៦០នោះ។ ម្ល៉ោះហើយ​មុននឹង​និ​យ​យា​លម្អិត​អំពី​តំបន់​បាសាក់​នេះ គឺ​ត្រូវ​និយាយ​អំពី​បញ្ហា​ទូទៅ​បន្តិចបន្តួច​សិន។

    ចំណុច​ទី១ និយាយ​អំពី​ភូមិសាស្ត្រ។ ភ្នំពេញ​ស្ថិតនៅ​កន្លែង​ទន្លេចតុមុខ​ជា​ភូមិសាស្ត្រ​ដែលមាន​លក្ខណៈពិសេស។ ទន្លេមេកុង​ហូរ​ខ្លាំង ពេល​ខែវស្សា​ហូរ​ចូល​ទៅខាង​ទន្លេសាប ហើយ​ដល់​ខែ​ទឹក​ស្រក​ហូរ​ត្រឡប់មកវិញ​ចាក់​ទៅ​សមុទ្រ​តាម​ទន្លេបាសាក់ និង​ទន្លេមេគង្គ គឺថា​ត្រង់​ហ្នឹង​មាន​ចលនា​ទឹក​ច្រើន ដីល្បាប់​ដុះ ជាពិសេស​ជ្រោយចង្វា គឺ​ដុះ​ទៅខាង​ត្បូង។ តាម​ការពិនិត្យ និង​ស្រាវជ្រាវ​តំបន់​ហ្នឹង ឃើញថា​ក្នុង​រយៈពេល៥០ឆ្នាំកន្លងមក មុខ​ជ្រោយចង្វា​បាន​ដុះ​ជាង១០០ម៉ែត្រ ម្តុំ​ហ្នឹង​ជា​ចំណុច​ដែល​ផ្ទៃដី​មានការ​ប្រែប្រួល​យ៉ាងខ្លាំង ដោយសារតែ​ដីល្បាប់​គឺ​កន្លែង​នេះ​អាច​ប្រៀបធៀប​ជាមួយនឹង​វាលភក់​នៅ​ច្រកចូល​បឹង​ទន្លេសាប។ ពេលនោះ​រដ្ឋ​ឧស្សាហ៍​បូម​ដី​ចេញ​ដើម្បី​ឲ្យ​កប៉ាល់​ធំ​អាច​ចូល​ទៅដល់​កំពង់ផែ​បាន។ គេ​បូម​យកទៅ​បំពេញ​កន្លែង​ដែល​ទឹក​លិច​នោះ និង​តាម​មាត់​ទន្លេបាសាក់ ម្តុំ«ប៊ូល​ឌិ​ញ» សួនច្បារ​វិមានឯករាជ្យ និង​តំបន់​ផ្សារ​កាប់​គោ។ ផ្ទៃដី​ដែល​បាន​ដោយសារ​បូម​ដី​ដាក់​នេះ រដ្ឋ​យកទៅ​ប្រើ​ក្នុង​គម្រោង​រៀបចំ​ក្រុង។

    ចំណុច​ទី២ ភ្នំពេញ​ជាទី​ក្រុង​ដែល​ឋិត​នៅលើ​ភូមិសាស្ត្រ​មាត់ទន្លេ គឺ​នៅក្បែរ​មាត់ទន្លេ​នោះ​មាន​ដី​ខ្ពស់ តែ​ផុតពី​ហ្នឹង​ទៅ​គឺ​សុទ្ធតែ​បឹង និង​ស្រែ​ដែលមាន​ទឹក​លិច​នៅ​ខែវស្សា ម្ល៉ោះហើយ​ការពង្រីក​ក្រុង​រហូតមកដល់​សព្វថ្ងៃ​គឺ​ធ្វើតាម​ការ​បូម​ដី​បំពេញ​បឹង និង​ការលើក​ទំនប់​ការពារ​កុំ​ឲ្យ​លិច​ទីក្រុង។ ម្ល៉ោះហើយ​ក្រុងភ្នំពេញ​សាងសង់​នៅលើ​ផ្ទៃដី​មិនសូវ​ហាប់​ល្អ។ លក្ខណៈ​នេះ​មិនមែន​មានតែ​ក្រុងភ្នំពេញ​ទេ មាន​ក្រុង​គេ​ដទៃទៀត​ដែល​សាងសង់​លើ​ផ្ទៃដី​ដែល​មិន​ហាប់​ល្អ ដូច​ទីក្រុង Venice ឬ​ក្រុង​បាងកក ដែល​រាល់ថ្ងៃ​ស្រុតចុះ​បន្តិចម្តង។ បើ​និយាយ​អំពី​សំណង់​នៅ​ក្រុងភ្នំពេញ​ទាំងអស់​គឺមាន​តែ​ស្ពាន​ជ្រោយចង្វា និង​ស្ពាន​ច្បារអំពៅ​ដែល​បាន​ចាក់គ្រឹះ​លើ​ផ្ទៃដី​ហាប់​មាំ។ ចំពោះ​ស្អាន​ជ្រោយចង្វា គ្រឹះ​បុក​រហូតដល់​ទៅ​ជម្រៅ​ពី៣០ទៅ៤០ម៉ែត្រ ហើយ​ស្ពាន​ច្បារអំពៅ​មាន​គ្រឹះ​ជម្រៅ​ពី១០ទៅ៣០ម៉ែត្រ។ ដល់​ជម្រៅ​ហ្នឹង​ទើប​អាច​ថា​ជា​ស្រទាប់ដី​រឹង​ណែន​ល្អ។ ប៉ុណ្ណឹង​ផង​ស្ពាន​ច្បារអំពៅ​ធ្លាប់​បាក់​ម្តង គឺ​ក្នុង​ឆ្នាំ១៩៦៤ ដោយសារ​ការចាក់​បេតុង​ទប់មាត់​ច្រាំង​ម្តុំ​ផ្សារ​ច្បារអំពៅ​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ចរន្តទឹក។

    ចំណុច​ទី៣ គឺ​បញ្ហា​ទឹកជំនន់។ ភ្នំពេញ​ជា​តំបន់​មួយ​ទាប​កម្រិត​ទឹកជំនន់​ខ្ពស់​ជាងគេ​គឺ​កម្រិត១២ម៉ែត្រ ទំនប់​ការពារ​ទឹក​មកពី​ខាងលិច​ក្រុង​គឺមាន​ទំនប់ទួលគោក ដែលមាន​កម្ពស់១២ម៉ែត្រ បើសិនជា​ទឹកជំនន់​មិន​ឡើង​ហួស១២ម៉ែត្រ​ហ្នឹង មិន​អី​ទេ តែ​បើសិនជា​វា​ឡើង​ខ្ពស់ជាង​ហ្នឹង នោះ​មាន​បញ្ហា​ហើយ។ សព្វថ្ងៃ​នៅ​ខែមេសា​ពេល​ទឹក​ឡើង មួយ​ភាគបី​នៃ​ទីក្រុង​ភ្នំពេញ​គឺ​ត្រូវ​លិច​ទឹក​ដោយសារតែ​ប្រព័ន្ធ​បង្ហូរទឹក​ចេញ​មិន​ដំណើរ​ការល្អ។ ពេលនោះ​ខ្ញុំ​តែងតែ​អំពាវនាវ​ឲ្យ​មានការ​រៀបចំ​ការពារ​មាត់ច្រាំង ទឹកជំនន់​មកពី​ខាងលិច ពី​កំពង់ស្ពឺ​មក​ផង និង​មកពី​ខាងកើត គឺ​មកពី​ទន្លេ​ផង។ នៅពេល​ប្រព័ន្ធ​ទឹកជំនន់​ពីរ​នេះ​ជួបគ្នា អាចមាន​គ្រោះថ្នាក់​យ៉ាងខ្លាំង​ចំពោះ​ទីក្រុង​ភ្នំពេញ ម្ល៉ោះហើយ​ទើប​យើង​ត្រូវតែ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ការពារ​ឲ្យ​បានល្អ។ បញ្ហា​ទឹកជំនន់​ជា​បញ្ហា​ធំ​តាំងពីដើម​មក​សព្វថ្ងៃ​ក៏​អញ្ចឹង បើសិនជា​ដោះស្រាយ​រឿងនេះ​មិនបាន​ល្អ គឺ​រាល់​ឆ្នាំមាន​បញ្ហា​សុខភាព និង​អនាម័យ ដែល​បណ្តាល​ឲ្យ​មាន​ជំងឺផ្សេងៗ កើតឡើង​នៅពេល​មានទឹក​លិច​ក្រុងម្តង។

    ទាំងនេះ​ជា​បញ្ហា​ទូទៅ បើ​គ្រាន់តែ​និយាយ​អំពី​ភូមិសាស្ត្រ​អត់​និយាយ​ពី​រឿង​ដទៃទៀត។ តែ​ចំណុច​នេះ​សំខាន់​ត្រូវ​ដឹង​មុន​រៀបចំ​ក្រុង។ សំណួរ​ក្មួយ​គឺ​សំដៅលើ​ការរៀបចំ​តំបន់​បាសាក់ មិន​អញ្ចឹង ?

រៃ​យំ៖ បាទ ហ្នឹងហើយ​លោកតា
វ.ម៖ នៅក្នុង​ទសវត្ស៦០ ដែល​ហៅថា​គម្រោង​រៀបចំ​តំបន់​បាសាក់​នោះ «Le Front du Bassac» គឺជា​គំនិត​រៀបចំ សាងសង់​តំបន់​មាត់ទន្លេ​បាសាក់ ចាប់ពី​ម្តុំ​សាល​ចុ​មុខ​ទៅដល់​គល់ស្ពាន​ច្បារអំពៅ និង​សង​សង់​លំនៅដ្ឋាន​សម្រាប់​ប្រជាជន សំណង់​សាធារណៈផ្សេងៗ ដូចជា​សាលប្រជុំ រោងល្ខោន សាល​តាំងពិព័រណ៍ ផ្សារ។ល។ នេះ​ជា​គំនិត​ទូទៅ តែ​យើង​មិនទាន់មាន​លទ្ធភាព​ធ្វើ​ទាល់តែ​មានឱកាស​មួយ​គឺ​នៅពេល​រៀបចំ ហ្កា​ណេ​ហ្វូ (ការរៀបចំ​ទទួល​ហ្កា​ណេ​ហ្វូ អាស៊ី​លើក​ទី១ ចាប់ផ្តើម​ថ្ងៃទី២៦ ខែវិច្ឆិកា-៦ខែធ្នូ ឆ្នាំ១៩៦៦) (GANEFO) ។
គឺថា​ពេលនោះ ព្រះករុណា​សីហនុ លោក​បាន​បញ្ជា​ឲ្យ​យើង​រៀបចំ​សាងសង់​រចនាសម្ព័ន្ធ​ដើម្បី​ទទួល​ហ្កា​ណេ​ហ្វូ។ សម័យ​នោះ​គណៈកម្មការ​រៀបចំ​កីឡា​អូឡាំពិក គេ​ហោ​ថា IOC មិន​ទទួលស្គាល់​ប្រទេស​ក្រៅពី​ប្រទេស​ដែល​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​សេរី (គេ​ហៅ «free world») គឺ​គេ​មិន​ព្រម​ឲ្យ​ប្រទេស ដូច​ប្រទេស​ចិន ឬក៏​សហភាពសូវៀត រៀបចំ​កីឡា​អូឡាំពិក (Olympic Games) ទេ។ ដល់​អញ្ចឹង​ទៅ​ប្រទេស​ចិន និង​ប្រទេស​មួយចំនួន​នៃ​ក្រុម​ប្រទេស​អ​ព្យា​ក្រិត (Non Aligned Countries) ដែលមាន​ខ្មែរ​នៅក្នុង​នោះ ស្រុះគ្នា​បង្កើត​ហ្កា​ណេ​ហ្វូ។
ប្រទេស​ដែល​រៀបចំ​ហ្កា​ណេ​ហ្វូ លើក​ទី១គឺ​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ទីក្រុង​ហ្សា​កាតា ហើយ​ក្រោយមក​ក្នុង​ឆ្នាំ១៩៦៤ ប្រទេស​កម្ពុជា​ជា​អ្នករៀបចំ​ហ្កា​ណេ​ហ្វូ​នេះ។ ដូច្នេះហើយ​បាន​ព្រះករុណា លោក​បញ្ជា​ឲ្យ​ធ្វើ គឺថា​រៀបចំ​ស្តា​ត​អូឡាំពិក (Stade Olympic)។ ពីមុន​កន្លែង​ហ្នឹង​ជា​កន្លែង​ប្រណាំងសេះ ដែល​គេ​ហៅថា hippodrome។ ម្យ៉ាងទៀត​គឺ​ត្រូវ​រៀបចំ​តំបន់​មួយ​សម្រាប់​កីឡាករ​រាប់ម៉ឺន​នាក់​ដែល​ត្រូវ​មក​ចូលរួម​នោះ​ឲ្យ​គេ​រស់នៅ​ស្រួលបួល។ ដូច្នោះ​ក៏បាន​សម្រេច​ថា​យក​តំបន់​មាត់ទន្លេ​បាសាក់​ហ្នឹង​មក​ធ្វើ។ ត្រូវ​ជ្រាបថា​តំបន់​ផ្សារ​កាប់​គោ​ហ្នឹង គឺជា​តំបន់​លិច​ទឹក ហើយ​មាន​ព្រែក និង​ស្ពាន​ដែល​គេ​ហៅថា​ស្ពាន​កូនកាត់ ម្ល៉ោះហើយ​ដី​ដែលមាន​សព្វថ្ងៃនេះ​គឺ​គេ​បូម​ដាក់​បំពេញ​ទេ។

រៃ​យំ៖ អញ្ចឹង​មានន័យថា ហ្កា​ណេ​ហ្វូ ធ្វើ​ឲ្យ​មាន​គម្រោង Le Front du Bassacហ្នឹង​កើតឡើង។
វ.ម៖ និយាយ​អញ្ចឹង​ក៏បាន តែ​យើង​មានគំនិត​ច្បាស់លាស់​ហើយ​មុន​ហ្នឹង។ ត្រូវ​ជ្រាបថា នៅពេលនោះ​ក្រោម​ការដឹកនាំ​របស់​ព្រះករុណា​សីហនុ ព្រះប្រមុខរដ្ឋ យើង​កំពុងតែ​កសាង​ជាតិ​ទាំងមូល​លើ​គ្រប់​វិស័យ ម្នាក់ៗមាន​ទឹកចិត្ត មានការ​រំភើប ខំ​ប្រឹងរក​មធ្យោបាយ​ធ្វើការ​កសាង​ជាតិ​ដែល​ទើបតែ​បាន​ឯករាជ្យ។ ដូច​ខ្ញុំ​ជាដើម ពេលនោះ​នៅ​ក្មេង​មិនដឹងថា​ធ្វើកើត មិនកើត តែមាន​ចិត្ត​ខំប្រឹង​ណាស់​យើងទាំងអស់គ្នា​គឺ​អញ្ចឹង។ ការរៀបចំ​គម្រោង​នោះ​កើតឡើង​ដោយសារ​យើង​ដឹងថា​ចំនួន​ប្រជាជន​នឹង​កើនឡើង ហើយ​ក្រុង​នឹងត្រូវ​រីក​កើនឡើង ម្ល៉ោះហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​មុននឹង​វា​កើតឡើង។ ហ្នឹងហើយ​គេ​ហៅថា​រៀបចំ​ក្រុង គឺថា​ត្រូវ​គិត​វែងឆ្ងាយ។ តែ​អកុសល​មាន​សង្គ្រាម និង​វិបត្តិផ្សេងៗមិនបាន​ធ្វើ​ការងារ​តាម​គំនិត​នោះ​ឲ្យ​បាន​ចប់​រួចរាល់។

រៃ​យំ៖ តើ​មុន​រៀបចំ​កន្លែង​ទាំងនេះ មានផ្ទះ​ប្រជាជន​ដែរ​ឬ​អត់?
វ.ម៖ មាន​ខ្លះ​ដែរ។

រៃ​យំ៖ ហើយ​ធ្វើ​យ៉ាងម៉េច​ទៅ លោកតា?
វ.ម៖ គេ​ឲ្យ​ទៅ​នៅ​ម្តុំ​ស្ទឹងមានជ័យ តែ​រដ្ឋ​រៀបចំ​ឲ្យ​ស្រួលបួល​ណាស់ គេ​បាន​យក​ឡាន​មក​ដឹង​ឥ​វ៉ាន់​ឲ្យ​គេ​ឲ្យ​ដី​ឬក៏​លក់​ឲ្យ​ថោក​មែនទែន។ ហើយ​តំបន់​ដែល​គេ​ឲ្យ​ទៅ​នៅ​នោះ គឺមាន​ប្រព័ន្ធ​ទឹក មាន​ផ្លូវ មាន​ប្រព័ន្ធ​លូ អត់​តែ​អគ្គិសនី​តែប៉ុណ្ណោះ។ គំនិត​ខ្ញុំ​ពេលនោះ គឺថា​ធ្វើ​យ៉ាងម៉េច​បង្កើត នឹង​សាង​សង់ផ្ទះ​សម្រាប់​ឲ្យ​ខ្មែរ​នៅក្នុង​ក្រុង ជាពិសេស​សម្រាប់​អ្នកក្រ ឬ​អ្នករាជការ​ដូចជា​គ្រូ​ជាដើម ដែល​មិនសូវមាន​លុយកាក់​ទិញ​ដី​ឡូ​ត៏ ឬ​វិឡា។ 

ធ្វើ​ដូច្នេះ​ដោយ​សន្សំសំចៃ​ដីធ្លី គឺ​មានតែ​សង់ផ្ទះ​ត្រួត​លើ​គ្នា​ច្រើ​ជាន់​ហ្នឹង។ រឿងនេះ​ពិបាក ព្រោះ​ខ្មែរ​មិន​ធ្លាប់​រស់នៅ​យ៉ាងហ្នឹង​ទេ។ ពេលនោះ​ខ្ញុំ​ទើបតែ​មកពី​ស្រុក​បារាំង ក៏​ចង់យក​ចំណេះ​ដែល​បាន​រៀន​នៅ​ស្រុក​បារាំង​នោះមក​ប្រតិបត្តិ​មើល តើ​ធ្វើកើត ឬ​មិនកើត ទុកជា​ការពិសោធន៍​ដំបូង​មួយ។ ជំនាន់​ខ្ញុំ​នៅ​រៀន​ក្នុង​ពិភពលោក គឺមាន​ចលនា​ទ្រឹស្តី​ស្ថាបត្យកម្ម​ដែល​គេ​និយម​ឲ្យ​បង្កើត​ក្រុង​បែប​ពាក្យ​បារាំង La villeradieuseប្រែ​មក​ថា ទីក្រុង​ស្រស់ស្អាត មានន័យថា​មាន​សោភ័ណភាព និង​បរិ​យា​កាល​ល្អ ដើម្បី​រស់នៅ​បាន​ស្រួល។

ដូច្នោះ​ហើយ​បាន​យក​ទ្រឹស្តី​ទាំងអស់នេះ​មក​រៀបចំ​មុនដំបូង​បំផុត​នៅក្នុង​ភ្នំពេញ​យើង។ មានន័យថា​នៅពេល​សង់ផ្ទះ ត្រូវ​គិត និង​រៀបចំ​យ៉ាងណា​ឲ្យ​មាន​សួនច្បារ​នៅ​ជុំវិញ។ ខ្មែរ​ធ្លាប់តែ​នៅ​ជើង​ជាប់​នឹង​ដី មាន​សួនច្បារ ផ្ទះក្បឿង​គឺ​ខាងក្រោម​ដាក់​របស់​អាជីវ​កម្ម​រទេះគោ ជុំវិញ​សុទ្ធ​តែមាន​ដាំ​ស្លឹកគ្រៃ ម្ទេស ផ្លែឈើ ចេ ។ល។ នៅតាម​ដង​ទន្លេ ដី​មាន​ជីជាតិ​ល្អ ធ្វើ​ចម្ការ​បាន​ផល​ល្អ ខ្យល់​រហើយ​ទឹក​ក៏​ប្រើប្រាស់​បាន។

ដូច្នោះ​ហើយ​មិនសូវ​ចេះ​នៅក្នុង​ផ្ទះ​របៀប​ក្រុង​ទេ។ ពេល​សង់ផ្ទះ «ប៊ូល​ឌិ​ញ» នេះ ជាការ​សាកល្បង​ធ្វើ​ផ្ទះ​ឲ្យ​គាត់​នៅក្នុង​ក្រុង​បាន។ ម្ល៉ោះហើយ​ផ្ទះនីមួយៗនៅ​ប៊ូល​ឌិ​ញ​នេះ គិត​យ៉ាងម៉េច​ឲ្យ​មាន​ខ្យល់​ចេញចូល រហើយ​ដូច​ផ្ទះ​គេ​នៅតាម​ទន្លេ​អញ្ចឹង បានធ្វើ​ប​ង្អូ​ច និង​ទ្វារ​ទាំងសង់ខាង​ផ្ទះ គឺថា​មានប​ង្អូ​ច​បែរ​ទៅមុខ​មាត់ទន្លេ​ផង​ឲ្យ​ខ្យល់​ចូលមក​ពី​ខាងកើត និង​មានប​ង្អូ​ច​បែរ​ទៅខាង​ក្រុង​ដែល​ឲ្យ​ខ្យល់​ចូល​ពី​ខាងលិច​ផង។

ប៉ុន្តែ​ត្រង់នេះ​សូមបញ្ជាក់ថា ខ្ញុំ​មិនដែល​ហ៊ាន​ធ្វើ​ផ្ទះ​បណ្តោយ​ថ្ងៃ ព្រោះ​ខាងលិច​ចំ​ថ្ងៃរសៀល​ក្តៅ​ណាស់។ នេះ​ដោយសារ​ណ្តោ​យ​តាម​ដង​ទន្លេ បាន​ខ្ញុំ​ធ្វើ​ដូច្នេះ។ ម្យ៉ាងទៀត​ដើម្បី​កុំ​ឲ្យ​ក្តៅ​ពេក​នោះ បាន​ខំ​ដាំ​ដើម​ស្រល់​មួយ​ជួរ​នៅ​ខាងលិច​ប៊ូល​ឌិ​ញ​នោះ​ដើម្បី​ឲ្យ​បាន​ម្លប់​ខ្លះ។ រួចហើយ​ដើម្បី​ឲ្យ​ស្រឡះ និង​មាន​ទីធ្លា​ដើរលេង​បានជា​ធ្វើ​សួនច្បារ​ជុំវិញ​សំណង់​នោះ។

ដូច្នោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​សួនច្បារ​មួយ ហើយ​ផ្ទះ​នេះ​បែរ​ទៅរក​មាត់ទន្លេ​ផង គឺមាន​ខ្យល់​ខ្លាំង។ ម្យ៉ាងទៀត​បើ​គិតពី​របៀប​រស់នៅ​របស់​ខ្មែរ​គឺ​ក្នុងផ្ទះ​ប៊ូល​ឌិ​ញ​នេះ យើង​បាន​សង់​បង្គន់ និង​ផ្ទះបាយ​នៅក្រៅ​ដាច់​ពី​បន្ទប់ដេក​ឬ​ទទួលភ្ញៀវ គឺ​ដាក់​នៅលើ​រានហាល ព្រោះ​ពេលធ្វើ​ម្ហូបអាហារ ខ្មែរ​ច្រើនតែ​ឆា ចៀន ដុត​អុស ហុយ​ផ្សេង មាន​ក្លិន ម្ល៉ោះហើយ​ត្រូវ​ឲ្យ​ផ្ទះបាយ​នៅក្រៅ ចំ​កន្លែង​ខ្យល់​ចេញចូល​ល្អ។


© រក្សាសិទ្ធិដោយ thmeythmey.com