ជាតិ
រដ្ឋមន្ត្រីអប់រំ និងមនុស្សរាប់រយនាក់ កំពុងរង់ចាំទទួលអ្នកគ្រូ នាង ផល្លា 
×![]()
មនុស្សជាច្រើនរយនាក់ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន និងលោក ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដំណើរវិលត្រឡប់របស់អ្នកគ្រូ នាង ផល្លាពីវេទិកាGlobal Education and Skills Forum នៅទីក្រុងឌូបៃ នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិនៅព្រឹកថ្ងៃពុធនេះ។អ្នកគ្រូ នឹងមកដល់កម្ពុជានៅម៉ោង ១០ និង ៣០ នាទីព្រឹកនេះ ។
អ្នកចូលរួមភាគច្រើន បានលើកបដា ដែលសរសេរសរសើរអ្នកគ្រូ នាង ផល្លា ថា ជាគ្រាប់ពេជ្រនៃស្ត្រីកម្ពុជា ដែលធ្វើឲ្យកម្ពុជាមានកិត្តិយសនៅលើឆាកអន្តរជាតិ។
ថ្លែងនៅក្នុងពិធីនោះ លោក ហង់ ជួន ណារ៉ុន បានប្រាប់អ្នកកាសែតយ៉ាងខ្លីថា៖ «ក្នុងនាមលោកជារដ្ឋមន្ត្រីក្រសួងអប់រំ លោក មានមោទកភាពណាស់ចំពោះអ្នកគ្រូ នាង ផល្លា »។
អ្នកគ្រូ នាង ផល្លា បានប្រើប្រាស់ពេលវេលាអស់រយៈពេលជិត២០ឆ្នាំលើការអប់រំ បង្រៀនកុមារ គថ្លង់នៅកម្ពុជា។ អ្នកស្រីស្ថិតក្នុងចំណោមបេក្ខជន១០នាក់ចុងក្រោយសម្រាប់រង្វាន់ Global Teacher Prize ដែលរៀបចំដោយមូលនិធិ Varkey Foundation។

នាពិធីប្រកាសរង្វាន់កាលពីយប់ថ្ងៃទី១៥ ខែមិនា រង្វាន់គ្រូឆ្នើមសកលប្រចាំឆ្នាំ២០១៥នេះ បានទៅលើអ្នកស្រី Nancie Atwell គ្រូបង្រៀនមកពីសហរដ្ឋអាមេរិក ដោយនាំមុខគ្រូបង្រៀន៩នាក់ផ្សេងទៀត រួមមាន អ្នកគ្រូ នាង ផល្លា របស់កម្ពុជា លោក AzizullahRoyesh (អាហ្វហ្គានីស្ថាន) លោកស្រី KiranBirSethi (ឥណ្ឌា) លោក Guy Etienne (ហៃទី) លោកស្រី Jacqueline Jumbekahura (កេនយ៉ា) លោក Richard Spencer (អង់គ្លេស) លោក Stephen Ritz (អាមេរិក) លោកស្រី Naomi Volain (អាមេរិក) និងលោក Madenjit Singh (ម៉ាឡេស៊ី)៕
© រក្សាសិទ្ធិដោយ thmeythmey.com