ជាតិ
រដ្ឋមន្ត្រី​អប់រំ និង​មនុស្ស​រាប់រយ​នាក់ កំពុង​រង់ចាំ​ទទួល​អ្នកគ្រូ នាង ផល្លា
18, Mar 2015 , 10:31 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ជាច្រើន​រយ​នាក់ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន និង​លោក ហ៊ុន ម៉ា​នី បាន​ចូលរួម​អបអរសាទរ​ដំណើរ​វិលត្រឡប់​របស់​អ្នកគ្រូ នាង ផល្លា​ពី​វេទិកា​Global Education and Skills Forum នៅ​ទីក្រុង​ឌូ​បៃ នៅ​ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។អ្នកគ្រូ នឹង​មកដល់​កម្ពុជា​នៅ​ម៉ោង ១០ និង ៣០ នាទី​ព្រឹក​នេះ ។ 

អ្នកចូលរួម​ភាគច្រើន បាន​លើក​បដា ដែល​សរសេរ​សរសើរ​អ្នកគ្រូ នាង ផល្លា ថា ជា​គ្រាប់ពេជ្រ​នៃ​ស្ត្រី​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​កិត្តិយស​នៅលើ​ឆាក​អន្តរជាតិ។

ថ្លែង​នៅក្នុង​ពិធី​នោះ លោក ហង់ ជួន ណា​រ៉ុ​ន បាន​ប្រាប់​អ្នកកាសែត​យ៉ាងខ្លី​ថា៖ «ក្នុងនាម​លោក​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក មាន​មោទកភាព​ណាស់​ចំពោះ​អ្នកគ្រូ នាង ផល្លា »។
អ្នកគ្រូ នាង ផល្លា បាន​ប្រើប្រាស់​ពេលវេលា​អស់​រយៈពេល​ជិត២០ឆ្នាំ​លើ​ការអប់រំ បង្រៀន​កុមារ គ​ថ្លង់​នៅ​កម្ពុជា។ អ្នកស្រី​ស្ថិតក្នុង​ចំណោម​បេក្ខជន១០នាក់​ចុងក្រោយ​សម្រាប់​រង្វាន់ Global Teacher Prize ដែល​រៀបចំ​ដោយ​មូលនិធិ Varkey Foundation។

នា​ពិធី​ប្រកាស​រង្វាន់​កាលពី​យប់​ថ្ងៃទី១៥ ខែ​មិនា រង្វាន់​គ្រូ​ឆ្នើម​សកល​ប្រចាំឆ្នាំ២០១៥នេះ បាន​ទៅលើ​អ្នកស្រី Nancie Atwell គ្រូបង្រៀន​មកពី​សហរដ្ឋអាមេរិក ដោយ​នាំមុខ​គ្រូបង្រៀន៩នាក់​ផ្សេងទៀត រួមមាន អ្នកគ្រូ នាង ផល្លា របស់​កម្ពុជា លោក AzizullahRoyesh (អា​ហ្វ​ហ្គា​នី​ស្ថាន) លោកស្រី KiranBirSethi (ឥណ្ឌា) លោក Guy Etienne (ហៃ​ទី) លោកស្រី Jacqueline Jumbekahura (កេ​ន​យ៉ា) លោក Richard Spencer (អង់គ្លេស) លោក Stephen Ritz (អាមេរិក) លោកស្រី Naomi Volain (អាមេរិក) និង​លោក Madenjit Singh (ម៉ាឡេស៊ី)៕



© រក្សាសិទ្ធិដោយ thmeythmey.com