ជាតិ
បទវិភាគ
បញ្ហា​សុវត្ថិភាព និង​អនាម័យ​នៃ​ម្ហូបអាហារ​កំពុង​បំផ្លាញ​ជីវិត​ខ្មែរ!
04, Oct 2016 , 8:59 am        
រូបភាព
ដោយ:
 ភ្នំពេញ៖ បញ្ហា​គុណភាព អនាម័យ​ក្នុង​ការផលិត​និង​ការលក់ដូរ និង​សុវត្ថិភាព​នៃ​ម្ហូបអាហារ​នៅ​កម្ពុជា គឺជា​បញ្ហា​មួយ​គួរឱ្យកត់សម្គាល់​និង​ព្រួយបារម្ភ ដោយ​អ្នក​ដែល​ចាប់អារម្មណ៍​នឹង​ផលប៉ះពាល់​នៃ​កត្តា​ទាំងនេះ​ចំពោះ​សុខភាព​សាធារណៈ។ ប៉ុន្តែ ចំពោះ​អ្នក​មិន​ចាប់អារម្មណ៍ និង​ប្រជាជន​សាមញ្ញ​វិញ បញ្ហា​នេះ​បានក្លាយ​ទៅជា​រឿង​សាមញ្ញ​ទៅហើយ។ ទោះជា​មានការ​រិះគន់​និង​ការចាត់វិធានការខ្លះៗក៏ដោយ ក៏​បញ្ហា​នេះ​មិនមាន​ការថយចុះ​ដែរ។អ្នក​បរិភោគ​អាហារ​និង​ភេសជ្ជៈ​ខូច​គុណ​ភាណ​និង​ខ្វះ​អនាម័យ បណ្ដាលឱ្យមាន​ជំងឺ​រាករូស ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ចុះខ្សោយ ដែល​ងាយ​នឹង​ទទួល​ជំងឺផ្សេងៗទៀត និង​ធ្វើឱ្យ​សុខភាព​របស់​ពួកគេ​ចុះខ្សោយ បាត់បង់​កម្លាំង​ពលកម្ម  និង​ធ្វើឱ្យ​ពួកគេ​កាន់តែ​ក្រីក្រ​ថែមទៀត។



យោងតាម​តថភាព​សង្គម គេ​បាន​សង្កេតឃើញថា នៅ​ទីផ្សារ​កម្ពុជា តិច​ឬ​ច្រើន​នៅមាន​ការ​ចរាចរ​ភេសជ្ជៈ ស្រា ថ្នាំពេទ្យ នំចំណី និង​គ្រឿង​បរិភោគផ្សេងៗ ដែល​ខ្វះ​អនាម័យ គ្មាន​គុណភាព និង​គ្មាន​សុវត្ថិភាព បើទោះបី​មានច្បាប់ និង​មាន​មន្ដ្រី​ជំនាញ​ទទួលបន្ទុក​កិច្ច​នេះហើយ​ក៏ដោយ។ ក្រៅពីនេះ យើង​ក៏​សង្កេត​ក៏​ឃើញថា ទឹកបរិសុទ្ធ​មួយចំនួន​ដែល​ផលិត​នៅ​ស្រុក​ខ្មែរ និង​កំពុងតែ​ចរាចរ​នៅលើ​ទីផ្សារ​នានា​ភាគច្រើន​ក៏​ខ្វះ​អនាម័យ​ផងដែរ។ ទាក់ទិន​នឹង​ទឹកបរិសុទ្ធ​ខ្វះ​អនាម័យ​នេះ អ្នកជំនាញ​ខាង​ស្រាវជ្រាវ​ទឹកបរិសុទ្ធ​នៃ​មជ្ឍមណ្ឌល​អនាម័យ បាន​ថ្លែងថា ទឹកបរិសុទ្ធ​ដែល​ផលិត​នៅ​កម្ពុជា​យើង​នេះ ទោះជា​យ៉ាងណាក៏ដោយ ក៏​វា​មិន​ទទួលបាន​អនាម័យ​ត្រឹមត្រូវ​ដែរ ពីព្រោះ​យើង​ធ្វើ​ដោយ​ដៃ​ផ្ទាល់ ហើយ​សំបក​ដប​ដែល​ប្រើប្រាស់​ច្រើនលើក ក៏​លាង​មិន​ស្អាត គួបផ្សំ​នឹង​កន្លែង​ផលិត​មានទឹក​ប៉ប៉ិចប៉ប៉ាច់ និង​អាចមាន​មេរោគ។

យោងតាម​ការពិនិត្យសង្កេត និង​ការវិភាគ យើង​អាច​និយាយបានថា ការ​ចរាចរ​ទំនិញ​ប្រភេទ​នេះ​នៅ​ទីផ្សារ​កម្ពុជា ហាក់ដូច​ជាមាន​លក្ខណៈ​ងាយស្រួល ពីព្រោះ៖
1.    ទំនិញ​ប្រភេទ​នេះ​អាចមាន​តម្លៃថោក សមល្មម​តាម​ប្រាក់ចំណូល​ទាប​របស់​ប្រជាជន​ខ្មែរ​ភាគច្រើន
2.    ប្រជាជន​ខ្មែរ​មួយចំនួន ពុំ​យកចិត្តទុកដាក់​លើ​ក្បួន​រក្សា​អនាម័យ និង​មិនទាន់​យល់ច្បាស់​ពី​ផលប៉ះពាល់ គ្រឿង​បរិភោគផ្សេងៗដែល​ខ្វះ​អនាម័យ ខូចគុណភាព និង​គ្មាន​សុវត្ថិភាព។
3.    ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ពុំទាន់​យល់ច្បាស់​ពីស​ញ្ញា ឬ​លក្ខណៈ​សម្គាល់ផ្សេងៗ ដែល​ទាក់ទង​នឹង​ទំនិញ​ខូចគុណភាព  ឬ​ទំនិញ​ហួសពេល​កំណត់​ប្រើប្រាស់។
4.    ទីផ្សារ​នៅ​កម្ពុជា មាន​លក្ខណៈ​រាយប៉ាយ ស្មុគស្មាញ និង​ខ្វះ​សណ្ដាប់ធ្នាប់ ដែល​ពិបាក​ត្រួតពិនិត្យ។
5.    ការផ្សព្វផ្សាយ​អំពី​ការអប់រំ​ស្ដីពី​លក្ខណៈ​សម្គាល់ និង​ផលប៉ះពាល់​នៃ​ទំនិញ​ខូចគុណភាព ទំនិញ​ហួសពេល​កំណត់​ប្រើប្រាស់ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ មិនទាន់មាន​លក្ខណៈ​ទូលំទូលាយ​និង​និរន្តរភាព​នៅឡើយ។
6.    ការត្រួតពិនិត្យ​លើ​ទំនិញ​ទាំងនេះ​ពី​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ ពុំទាន់​សព្វ​ជ្រុងជ្រោយ និង​មិនទាន់មាន​និរន្ដរភាព​នៅឡើយ។
7.    អ្នកលក់​មួយចំនួន​គិតតែ​ពី​ប្រាក់ចំណេញ ដោយ​មិន​គិតពី​សុខភាព​សារ​ណៈ និង​សីល​តម្លៃ​ទេ។
8.    របាំង​នៃ​អំពើពុករលួយ ដែលនាំឱ្យ​អ្នកប្រព្រឹត្ត​ល្មើស​មិន​រាងចាល​និង​បន្ត​ប្រព្រឹត្ត​ខុស​តទៅទៀត។

លើសពីនេះ​ទៀត យើង​សង្កេតឃើញ​នៅមាន​ម្ហូប អាហារ បន្លែ ផ្លែឈើ ត្រី សាច់... ដែល​គេ​ដាក់លក់​ដោយ​ខ្វះ​អនាម័យ និង​មាន​ដាក់​ជាតិគីមី​ទៀតផង ដូចជា ការដាក់​ថ្នាំ​ឱ្យមាន​ពណ៌​ស ថ្នាំ​សម្រាប់​ឱ្យនៅ​ស្រស់​បានយូរ ថ្នាំ​ឱ្យ​សរសៃ​គុយទាវ មី ប្រហិត ស្វិត​ល្អ...) ។ បើ​យើង​ពិនិត្យមើល តាម​ផ្សា​រលក់​ម្ហូប​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ម្ហូបចំណី​នានា​ត្រូវបាន​គេ​ដាក់លក់​ដោយ​ហាលខ្យល់ ហាល​ធូលី ដោយ​ពុំមាន​គ្រប​អ្វី​ទាំងអស់។ លើសពីនេះ​ទៀត នៅតាម​កន្លែង​លក់​បាយ​ម្ហូប​នានា ដែល​គេ​ធ្វើឡើង​សម្រាប់​លក់​ឱ្យ​អ្នក​ដែលមាន​ប្រាក់ចំណូល​ទាប ដូចជា អ្នករត់​រឺ​ម៉ក អ្នករត់ម៉ូតូឌុប កម្មករ។ល។ ភាគច្រើន គេ​ពុំ​យក​ត្រី សាច់ បន្លែ ដែលមាន​គុណភាព​ល្អ​មកប្រើប្រាស់​ទេ គេ​ជ្រើសរើស​យកតែ​របស់​ណា​ដែលមាន​តម្លៃថោក​ប៉ុណ្ណោះ និង​ស្ទើរតែ​ចង់​ខូចគុណភាព​ទៅហើយ ឯការ​ដាក់លក់​ទៀតសោត​ក៏​ខ្វះ​អនាម័យ​ដែរ ដូចជា មាន​ធូលី​ហុយ​ចូល និង​មាន​រុយ​រោម ជាដើម។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​យើង​បាន​សង្កេតឃើញថា ការលក់​បាយ​ម្ហូប​ប្រភេទ​នេះ គឺ​លក់ដាច់​ជាង​ហាងធំៗទៅទៀត។ ហេតុអ្វី​បានជា​ម្ហូបចំណី​ទាំងនេះ​នៅតែ​លក់ដាច់? ចម្លើយ​អាចមាន​ដូចខាងក្រោម៖
1.    ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​រៀបចំ​ការហូបចុក​តាម​ទម្លាប់ ច្រើនជាង​ការហូបចុក​តាមរបៀប​អនាម័យ
2.    ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ពុំទាន់​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ការថែរក្សា​សុខភាព
3.    ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន មិន​ចាប់អារម្មណ៍​ខ្លាំង​នឹង​ផលប៉ះពាល់​នៃ​អាហារ​ប្រភេទ​នេះ​ចំពោះ​សុខភាព
4.    តម្លៃ​ម្ហូប​ប្រភេទ​នេះ​ថោក​ជាង​ម្ហូប​នៅក្នុង​ភោជនីយដ្ឋានធំៗ
5.    ពលរដ្ឋ​ខ្មែរ ភាគច្រើន​មាន​ប្រាក់ចំណូល​ទាប
6.    គ្មាន​ជម្រើស​ផ្សេង ដោយសារ​គ្មាន​លទ្ធភាព
     
ដូច្នេះ សូម​ពលរដ្ឋ​ខ្មែរ មេ​ត្ដា​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ពីព្រោះ ការបរិភោគ​បន្លែ ផ្លែឈើ ត្រី សាច់...ដែលមាន​ដាក់​ជាតិគីមី​លើស​កម្រិត​សុវត្ថិភាព ការបរិភោគ​ប្ហូ​ប​អាហារ​ដែល​ខ្វះ​អនាម័យ និង​ការប្រើប្រាស់​ភេសជ្ជៈ ទឹកបរិសុទ្ធ​ដែលមាន​មេរោគ ម្ហូប ចំណី ថ្នាំពេទ្យ ដែល​ខូចគុណភាព និង​ផុត​កំណត់ពេល​ប្រើប្រាស់ នាំឱ្យ​អ្នក​បរិភោគ និង​អ្នកប្រើប្រាស់​មាន​ជំងឺ​រាករូស ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ចុះខ្សោយ ដែល​ងាយ​នឹង​ទទួល​ជំងឺផ្សេងៗទៀត និង​ធ្វើឱ្យ​សុខភាព​របស់​ពួកគេ​ចុះខ្សោយ។ កត្ដា​នេះហើយ ដែល​ធ្វើឱ្យ​ពួកគេ​បាត់បង់​កម្លាំង​ពលកម្ម  និង​ធ្វើឱ្យ​ពួកគេ​កាន់តែ​ក្រីក្រ​ថែមទៀត។

ការលើកឡើង​នូវ​ចំណុច​អាក្រក់​មួយចំនួន​ខាងលើ​នេះ មិនមែន​មានន័យថា ទំនិញ​គ្រប់​ប្រភេទ និង​ម្ហូប អាហារ បន្លែ ផ្លែឈើ ត្រី សាច់។ល។ សុទ្ធតែ​ខូចគុណភាព ហួសពេល​កំណត់​ប្រើប្រាស់ និង​ខ្វះ​អនាម័យ​នោះទេ  ហើយក៏​មិន​មានន័យថា អ្នកលក់​ទាំងអស់​សុទ្ធ​តែ​អាក្រក់​ដែរ។ ការលើកឡើង​នេះ គ្រាន់តែ​ចង់​បញ្ជាក់ថា នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ក្រៅពី​ចំណុច​ល្អ ក៏មាន​ចំណុច​អាក្រក់​ដូច​បាន​រៀបរាប់​ខាងលើ​នេះដែរ។

ដើម្បី​ទ​ប​ស្កាត់ និង​កាត់បន្ថយ​នូវ​អំពើ​អសីលធម៌​ទាំងនេះ យើង​ត្រូវ​ពង្រឹង​សីលធម៌​សង្គម ពង្រឹង​ការ​អនុវត្ដ​ច្បាប់ បង្កើន​ការយក​ចិ​ត្ដ​ទុកដាក់​លើ​ការត្រួតពិនិត្យ​គុណភាព អនាម័យ និង​សុវត្ថិភាព​ទំនិញ ព្រមទាំង​ពង្រីក​បន្ថែម​នូវ​ការអប់រំ ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ពី​ក្បួន​រក្សា​អនាម័យ លក្ខណៈ​សម្គាល់ និង​ផលប៉ះពាល់​នៃ​ទំនិញ​ខូចគុណភាព ចំណីអាហារ​ខ្វះ​អនាម័យ  និង​បន្លែ ផ្លែឈើ ត្រី សាច់ ដែលមាន​ដាក់​ជាតិគីមី​លើស​កម្រិត​សុវត្ថិភាព៕


© រក្សាសិទ្ធិដោយ thmeythmey.com