ជាតិ
សេដ្ឋកិច្ច
៤ខែដើមឆ្នាំ២០១៥កម្ពុជានាំចេញអង្ករបានជាង២០ម៉ឺនតោន 
×![]()
នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៥នេះ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន២០១,១៨៣តោន កើនឡើង៦៧.២ភាគរយ បើធៀបទៅនឹងការនាំចេញក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤ ។ តាមគម្រោងក្នុងឆ្នាំ២០១៥នេះរាជរដ្ឋាភិបាលកម្ពុជា នឹងសម្រេចឲ្យបាននូវការនាំចេញអង្ករឱ្យបាន១លានតោន។វិស័យស្រូវ អង្ករជាកូនសោមួយយ៉ាងសំខាន់សម្រាប់ជួយដល់ការកាត់បន្ថយភាពក្រីក្រឱ្យកាន់តែលឿនថែមទៀត។
នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៥នេះ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន២០១,១៨៣តោន កើនឡើង៦៧.២ភាគរយបើធៀបទៅនឹងការនាំចេញក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤ ដែលមានចំនួន១២០,២៩១តោន។
បើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ប្រភេទអង្ករដែលកម្ពុជានាំចេញទៅនោះអង្ករដែលនាំចេញទាំងនោះ រួមមានអង្ករក្រអូបនាងម្លិះអង្ករក្រអូបសូមាលីអង្ករក្រអូបសរីរាង្គនិងអង្ករក្រអូបភ្លឺបានចំនួន៩១.៤០៣តោន ប្រភេទអង្ករសចម្រុះគ្រាប់វែងនិងអង្ករសប្រណិតចំនួន៩៥.៩៩៥តោន និងប្រភេទអង្ករចំហុយគ្រាប់វែងចំនួន១៣,៧៨៥តោន។
លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បង្ហាញផងដែរពីតួលេខនៃការនាំចេញអង្ករកាលពីខែមេសា។ នៅក្នុងខែមេសាឆ្នាំ២០១៥ កម្ពុជានាំចេញអង្ករបានចំនួន ៥១,៧១៩តោន កើនឡើង៤៣.៨ភាគរយ បើធៀបនឹងការនាំចេញអង្ករកាលពីមេសាឆ្នាំ២០១៤ ដែលមានចំនួន៣៥,៩៦១តោន។
របាយការណ៍ដដែលក៏បានឲ្យដឹងទៀតថា ក្រុមហ៊ុនដែលនាំអង្ករចេញ មានចំនួន៦៦ក្រុមហ៊ុនខណៈដែលទីផ្សារដែលកម្ពុជាបាននាំអង្ករទៅរួមមានទីផ្សារប្រទេសសមាជិកសហគមន៍អឺរ៉ុបចំនួន ២៤ ប្រទេសសមាជិកអាស៊ានចំនួន២ គឺម៉ាឡេស៊ី និងសិង្ហបុរី និងបណ្តាប្រទេសផ្សេងទៀតចំនួន១៨ ដូចជាចិន ហុងកុង អូស្រា្តលី សហរដ្ឋអាមេរិក និងកាណាដាជាដើម។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៤កន្លងទៅកម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានចំនួន៣៨៧,០៦១តោន។ តាមគម្រោងរាជរដ្ឋាភិបាលកម្ពុជា នឹងសម្រេចឲ្យបាននូវការនាំចេញអង្ករឱ្យបាន១លានតោននៅក្នុងឆ្នាំ២០១៥នេះ ។ការសម្រេចបាន១លានតោនការនាំចេញនាឆ្នាំ២០១៥ គឺមានន័យថាផ្តល់នូវកំណើនផលទុនសរុបជាតិឱ្យកាន់តែធំថែមទៀត និងរួមផ្តល់ចំណូលកាន់តែខ្ពស់ដល់ប្រជាជនខ្មែរ។វិស័យស្រូវ អង្ករជាកូនសោមួយយ៉ាងសំខាន់សម្រាប់ជួយដល់ការកាត់បន្ថយភាពក្រីក្រឱ្យកាន់តែលឿនថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com