ជាតិ
សេដ្ឋកិច្ច
៤ខែ​ដើមឆ្នាំ២០១៥កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង២០ម៉ឺន​តោន
06, May 2015 , 8:15 pm        
រូបភាព

 
នៅក្នុង​រយៈពេល៤ខែ​ដើមឆ្នាំ២០១៥នេះ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន២០១,១៨៣តោន កើនឡើង៦៧.២ភាគរយ បើ​ធៀប​ទៅនឹង​ការនាំចេញ​ក្នុង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៤ ។ តាម​គម្រោង​ក្នុង​ឆ្នាំ២០១៥នេះ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​សម្រេច​ឲ្យ​បាន​នូវ​ការនាំចេញ​អង្ករ​ឱ្យបាន១លាន​តោន។វិស័យ​ស្រូវ អង្ករ​ជា​កូនសោ​មួយ​យ៉ាងសំខាន់​សម្រាប់​ជួយ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​ឱ្យ​កាន់តែ​លឿន​ថែមទៀត។



នៅក្នុង​រយៈពេល៤ខែ​ដើមឆ្នាំ២០១៥នេះ កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន២០១,១៨៣តោន កើនឡើង៦៧.២ភាគរយ​បើ​ធៀប​ទៅនឹង​ការនាំចេញ​ក្នុង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ២០១៤ ដែលមាន​ចំនួន១២០,២៩១តោន។

បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ប្រភេទ​អង្ករ​ដែល​កម្ពុជា​នាំចេញ​ទៅនោះ​អង្ករ​ដែល​នាំចេញ​ទាំងនោះ រួមមាន​អង្ករ​ក្រអូប​នាង​ម្លិះ​អង្ករ​ក្រអូប​សូ​មាលី​អង្ករ​ក្រអូប​សរីរាង្គ​និង​អង្ករ​ក្រអូប​ភ្លឺ​បាន​ចំនួន៩១.៤០៣តោន ប្រភេទ​អង្ក​រស​ចម្រុះ​គ្រាប់​វែង​និង​អង្ក​រស​ប្រណិត​ចំនួន៩៥.៩៩៥តោន និង​ប្រភេទ​អង្ករ​ចំហុយ​គ្រាប់​វែង​ចំនួន១៣,៧៨៥តោន។

លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ បង្ហាញ​ផងដែរ​ពី​តួលេខ​នៃ​ការនាំចេញ​អង្ករ​កាលពី​ខែមេសា។ នៅក្នុង​ខែមេសា​ឆ្នាំ២០១៥ កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន ៥១,៧១៩តោន កើនឡើង៤៣.៨ភាគរយ បើ​ធៀប​នឹង​ការនាំចេញ​អង្ករ​កាលពី​មេសា​ឆ្នាំ២០១៤ ដែលមាន​ចំនួន៣៥,៩៦១តោន។

របាយការណ៍​ដដែល​ក៏បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ដែល​នាំ​អង្ករ​ចេញ មាន​ចំនួន៦៦ក្រុមហ៊ុន​ខណៈដែល​ទីផ្សារ​ដែល​កម្ពុជា​បាន​នាំ​អង្ករ​ទៅ​រួមមាន​ទីផ្សារ​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប​ចំនួន ២៤ ប្រទេស​សមាជិក​អាស៊ាន​ចំនួន២ គឺ​ម៉ាឡេស៊ី និង​សិង្ហ​បុរី និង​បណ្តា​ប្រទេស​ផ្សេងទៀត​ចំនួន១៨ ដូចជា​ចិន ហុងកុង អូ​ស្រា្ត​លី សហរដ្ឋអាមេរិក និង​កាណាដា​ជាដើម។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ២០១៤កន្លងទៅ​កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន៣៨៧,០៦១តោន។ តាម​គម្រោង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​សម្រេច​ឲ្យ​បាន​នូវ​ការនាំចេញ​អង្ករ​ឱ្យបាន១លាន​តោន​នៅក្នុង​ឆ្នាំ២០១៥នេះ ។ការសម្រេចបាន១លាន​តោន​ការនាំចេញ​នា​ឆ្នាំ២០១៥ គឺ​មានន័យថា​ផ្តល់នូវ​កំណើន​ផលទុន​សរុប​ជាតិ​ឱ្យ​កាន់តែ​ធំ​ថែមទៀត និង​រួម​ផ្តល់​ចំណូល​កាន់តែ​ខ្ពស់​ដល់​ប្រជាជន​ខ្មែរ។វិស័យ​ស្រូវ អង្ករ​ជា​កូនសោ​មួយ​យ៉ាងសំខាន់​សម្រាប់​ជួយ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​ឱ្យ​កាន់តែ​លឿន​ថែមទៀត៕




© រក្សាសិទ្ធិដោយ thmeythmey.com