បទយកការណ៍ / បទសម្ភាសន៍
​​​ន​យោ​បាយ​ជាតិ​
ឯកឧត្តម កឹម សុខា មាន​ចំណុច​ច្រើន​ស្រដៀង​សម្តេច ហ៊ុន សែន
03, Dec 2016 , 11:21 am        
រូបភាព
ដោយ:
​បន្ទាប់ពី​វិភាគ​លើ​អត្តចរិត ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​សម្តេច ហ៊ុន សែន និង​ឯកឧត្តម សម រង្ស៊ី ហើយ អ្នកវិភាគ​លោក អ៊ូ វីរៈ បាន​បន្ត​វិភាគ​ទៅលើ​អត្តចរិត​របស់​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ លោក អ៊ូ វីរៈ យល់ថា អត្តចរិត​របស់​ឯក​ឧ​ត្ត​ម កឹម សុខា មាន​ចំណុច​ច្រើន​ស្រដៀង​នឹង​សម្តេច ហ៊ុន សែន តែ​ខុសគ្នា​ច្រើន​នឹង​ចរិត​ឯកឧត្តម សម រង្ស៊ី​។



​សូម​អាន​អត្ថបទ ឬ​ស្តាប់​បទសម្ភាសន៍​រវាង​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកវិភាគ​នយោបាយ​លោក អ៊ូ វីរៈ ខាងក្រោម​៖

​ចំណុច​សំខាន់ៗ ដែល​អ្នកវិភាគ​លោក អ៊ូ វីរៈ មើលឃើញថា ចរិត​របស់​ឯកឧត្តម កឹម សុខា ស្រដៀង​គ្នាច្រើន​នឹង​ចរិត​សម្តេច ហ៊ុន សែន នោះ គឺ​ឯកឧត្តម កឹម សុខា ជា​មនុស្ស​ឈ្លា​សវៃ ឆាប់​យល់ រាប់អាន​មនុស្ស​​ជុំវិញខ្លួន និង​សួរ​យោបល់​ពី​អ្នកដទៃ​ច្រើន​។ «​លោក កឹម សុខា គាត់​នៅក្នុង​ប្រទេស ជិតស្និទ្ធ​ជាមួយ​ពលរដ្ឋ លោក​មាន​សន្តាន​ចិត្តច្រើន រាប់អាន​មនុស្ស​ជុំវិញ មាន​មនោសញ្ចេតនា​ខ្ពស់​។ ត្រង់​ន័យ​នេះ គាត់​ស្រដៀង​នឹង​លោក ហ៊ុន សែន ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ូ វីរៈ ទន្ទឹមនឹង​អត្ថាធិប្បាយ​ថា ឯកឧត្តម កឹម សុខា មាន​ចំណុច​ខុសគ្នា​ច្រើន​ពី​ឯកឧត្តម សម រង្ស៊ី ដែលជា​ដៃគូ​របស់លោក​។

​លោក អ៊ូ វីរៈ ថ្លែងថា ឯកឧត្តម សម រង្ស៊ី ពូកែ​និយាយ​ជាមួយ​ក្រុម​បញ្ញវន្ត តែ​ហាក់​ពិបាក​ពន្យល់​ពលរដ្ឋ​នៅ​មូលដ្ឋានឲ្យ​ឆាប់​យល់ និងមិនសូវ​រាប់អាន​មនុស្ស​ជុំវិញខ្លួន​ ​ដូចជា​ឯកឧត្តម កឹម សុខា នោះទេ​។ ជាងនេះទៀត លោក​ថា ឯកឧត្តម កឹម សុខា ចេះ​ចាត់ចែង​ការងារ​ផ្ទៃក្នុង​បក្ស​ល្អជាង​ឯកឧត្តម សម រង្ស៊ី ហើយ​បើ​និយាយ​ពីការ​រួបរួមគ្នា​វិញ អ្នកវិភាគ​រូបនេះ កត់សម្គាល់ថា អ្នកនយោបាយ​ទាំងពីរ​រូបនេះ ធ្វើ​ការងារ​ត្រូវ​គ្នា តែ​លក្ខណៈ​បុគ្គល ឬ​រាប់អាន​ជា​គ្រួសារ ប្រហែលជា​មិនត្រូវ​គ្នាច្រើន​ឡើយ​។ លោក វីរៈ បញ្ជាក់ បែបនេះ​ថា​៖«​លោក សម រង្ស៊ី និង​កឹម សុខា ខុសគ្នា ដូច​ចរិត​លោក សម រង្ស៊ី ខុស​នឹង​លោក ហ៊ុន សែន ដែរ​»​។ លោក អ៊ូ វីរៈ យល់ថា រវាង​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ប្រសិនបើ​គ្មាន​ដៃគូ​ប្រកួតប្រជែង​ខ្លាំង ពោលគឺ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្សោយ​វិញ អ្នកនយោបាយ​ទាំងពីរ​នេះ នឹក​បែក​គ្នា​មិន​ខាន​។

​ថ្វីដ្បិតតែ​ឯកឧត្តម កឹម សុខា និង​ឯកឧត្តម សម រង្ស៊ី មាន​ចំណុច​ខុសគ្នា​ច្រើន​មែន តែ​អ្នកវិភាគ​រូបនេះ ប្រាប់ថា ការរួបរួម​គ្នា​រវាង​ឯកឧត្តម កឹម សុខា និង​ឯកឧត្តម សម រង្ស៊ី មាន​ចំណុច​វិជ្ជមាន​ច្រើន​។ លោក បរិយាយ​ដូច្នេះ​ថា​៖« ពីរ​នាក់​នេះ​នៅ​ជាមួយគ្នា មាន​ចំណុចខ្លាំង​រៀងៗ​ខ្លួន ហើយ​អាចបំពេញ​ចំណុចខ្សោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​»​។

​បើ​​ទុកជា លោក អ៊ូ វីរៈ ថា ឯកឧត្តម កឹម សុខា មាន​ចំណុច​ស្រដៀង​គ្នាច្រើន​នឹង​សម្តេច ហ៊ុន សែន ហើយ​ខុសគ្នា​ច្រើន​ពី​ឯកឧត្តម សម រង្ស៊ី ក្តី ក៏​លោក មិន​ភ្លេច​ពន្យល់​ពី​ចំណុច​ខុសគ្នា​រវាង​សម្តេច ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា នោះដែរ​។ លោក​ថា ចំណុច​ដែល​ឯកឧត្តម កឹម សុខា ខុសពី​សម្តេច ហ៊ុន សែន គឺ​ឯកឧត្តម កឹម សុខា អតីត​អនុប្រធាន​ទី ១ រដ្ឋសភា មិនមែនជា​មនុស្ស​ឆេវឆាវ ដូចជា​ប្រមុខ​បក្ស​កាន់អំណាច​នោះឡើយ​។ « លោក កឹម សុខា ជា​មនុស្ស​ស្លូត មិន​ចូលចិត្ត​ហិង្សា មិន​ចងគំនុំ​នោះទេ​»​។

​នៅ​មិនទាន់​និយាយ​ចប់​ពី​អត្តចរិត​របស់​ឯកឧត្តម កឹម សុខា ទេ លោក អ៊ូ វីរៈ បន្ត​បង្ហើប​ពី​ចំណុច​អវិជ្ជមាន​របស់​ឯកឧត្តម កឹម សុខា ថា ជា​មនុស្ស​មិនសូវ​ហ៊ាន​អារកាត់​ឡើយ​។ « អត់​សូវ​អារកាត់ ធ្វើ​ឲ្យ​ក្លាយជា​រឿង​រសេមរសាម ហើយ​ដឹកនាំ​រឿង​ធំដុំ​អត់​បានទេ​»​។ នេះ​ជាការ​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ចុងក្រោយ​របស់​អ្នកវិភាគ​វ័យ​ប្រមាណ ៤០ ឆ្នាំ ខាងលើ​៕



Tag:
 កឹម សុខា​
  ហ៊ុន សែន​
  សម រង្ស៊ី​
 ​អ៊ូ វីរៈ​
© រក្សាសិទ្ធិដោយ thmeythmey.com