បទវិភាគ
គ្មានបុគ្គលណាចេះសព្វយ៉ាងម្នាក់ឯងនោះទេ!
× ភ្នំពេញ៖ រាប់ចាប់ពីជនសាមញ្ញទៅ រហូតដល់អ្នកមានចំណេះដឹង អ្នកប្រាជ្ញ ទស្សនវិទូ អ្នកមានទេពកោសល្យ អ្នកនយោបាយ អ្នកដឹកនាំ និង សូម្បីតែព្រះក៏ដោយ ក៏គ្មានអ្នកណាម្នាក់មានសុក្រិតភាព១០០%ដែរ។ ហេតុនេះហើយ បានជានៅមានអាថ៌កំបាំង ចម្ងល់ ចន្លោះប្រហោង បញ្ហាស្មុគស្មាញទាំងក្នុងធម្មជាតិនិងសង្គម និង នៅមានឧបសគ្គជាច្រើនស្ទើរគ្រប់វិស័យ ដែលមនុស្សទាំងអស់កំពុងតែប្រឈមមុខ និង ត្រូវរួមគ្នាដោះស្រាយជាបន្តបន្ទាប់។
ជាការណ៍ពិតណាស់ មនុស្សម្នាក់ៗ ឬ ក្រុមនីមួយៗ បើទោះបីជាមានសមត្ថភាពកម្រិតណាក៏ដោយ ក៏មិនអាចចៀសផុតពីបញ្ហា និង មិនអាចដោះស្រាយបញ្ហាតែម្នាក់ឯងបានសព្វជ្រុងជ្រោយ និង គ្រប់ពេលដែរ។ លទ្ធភាពមានដែនកំណត់នេះ មិនមែនកើតមានតែចំពោះជនសាមញ្ញប៉ុណ្ណោះទេ សូម្បីតែអ្នកមានចំណេះដឹងខ្ពស់ អ្នកប្រាជ្ញ ទស្សនវិទូ អ្នកមានទេពកោសល្យ អ្នកមានបទពិសោធ អ្នកនយោបាយជើងចាស់ អ្នកដឹកនាំឆ្នើម ទាំងនៅក្នុងប្រទេសអភិវឌ្ឍ ទាំងប្រទេសក្រីក្រ ឬ ក៏សូម្បីតែនៅស្ថានសួគ៌ក៏ដោយ ក៏មិនអាចដោះស្រាយបញ្ហាធម្មជាតិ សង្គម នយោបាយ សេដ្ឋកិច្ច និង បញ្ហាផ្សេងៗទៀតបាន១០០%ដែរ។
ឈរលើហេតុផលនេះហើយ ដែលតម្រូវឱ្យបុគ្គលម្នាក់ៗ ក្រុមនីមួយៗ ស្ថាប័ននីមួយៗ ប្រទេសនីមួយៗ ឬ តំបន់នីមួយៗ ត្រូវតែរៀនសូត្រពីគ្នាទៅវិញទៅមក ពិភាក្សាគ្នា សន្ទនាគ្នា ដើម្បីផ្លាស់ប្ដូរយោបល់ ចែករំលែកទិន្នន័យ ព័ត៌មាន របកគំហើញ គំនិត ទស្សនៈ ឬ ទ្រឹស្ដីផ្សេងៗ តាមរយៈវីធីសំយោគ ឬ វិធី បដិសំយោគ ដើម្បីរួមគ្នារករូបមន្ត ឬ វិធីល្អៗ សមស្រប សម្រាប់ដោះស្រាយទាំងបញ្ហាដោយឡែកនិងបញ្ហារួម ដែលកំពុងកើតឡើងក្នុងប្រទេសនីមួយៗ ក្នុងតំបន់នីមួយៗ និង ពិភពលោកទាំងមូល។
ដូចគ្នាដែរ នៅកម្ពុជា អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ វិនិយោគិន អាជីវករ សង្គមស៊ីវិល អ្នកនយោបាយ អ្នកដឹកនាំ អ្នកគ្រប់គ្រង កម្មករ និយោជិត និង ប្រជាពលរដ្ឋទាំងអស់ គួរតែពិភាក្សា ផ្លាស់ប្ដូរយោបល់ ដើម្បីប្រមូលយកគំនិតនិងវិធីល្អៗ សម្រាប់ដោះស្រាយបញ្ហានានាដែលកំពុងកើតមានសព្វថ្ងៃ ដូចជា បញ្ហាចរាចរណ៍ គ្រឿងញៀន អំពើពុករលួយ អំពើល្មើសច្បាប់និងអំពើអសីលធម៌ជាច្រើនទៀត ជាជាងប្រឈមមុខដាក់គ្នា ទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក បដិសេធមតិយោបល់គ្នាទៅវិញទៅមកបែបអវិជ្ជមាន។
ជាការណ៍ពិត ប្រសិនបើម្នាក់ៗឬក្រុមនីមួយៗ អាចមានសុក្រិតភាព១០០%និងមានលទ្ធភាពសព្វបែបយ៉ាងនោះ ប្រហែលជាមិនចាំបាច់មានព្រះច្រើន អ្នកដឹកនាំច្រើន ឬ អ្នកប្រាជ្ញាច្រើនទេ ហើយក៏មិនមានបញ្ហាច្រើននៅក្នុងធម្មជាតិនិងសង្គម ដែលមិនអាចដោះស្រាយបានដូចសព្វថ្ងៃនេះដែរ។ លើសពីនេះទៀត គ្មានអ្នកណាម្នាក់មានចំណេះដឹងជ្រៅជ្រះ ឬ ក្លាយជាបណ្ឌិត ឬ អ្នកប្រាជ្ញពហុជំនាញបានទេ។
ដូច្នេះ ក្នុងការបំពេញការងារសព្វយ៉ាង រួមមានការងារក្នុងគ្រួសារ ស្ថាបប័នថ្នាក់ជាតិ អន្តរជាតិ ទាំងការងារសង្គម នយោបាយ ការងារមនុស្សធម៌ និង ការងារវិទ្យាសាស្ត្រ ក៏ត្រូវតែរួមគ្នាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក និង ធ្វើបដិសំយោគ នូវមតិខុសៗគ្នា ឬ ប្រឆាំងគ្នាទាំងនោះ ដើម្បីឈានទៅរកយោបល់រួម ទស្សនៈរួម និង របកគំហើញរួម ការបង្កើតថ្មីរួម ដែលមានលក្ខណៈទូលំទូលាយជាង ពេញលេញជាង ត្រឹមត្រូវជាង និង អាចដោះស្រាយបញ្ហាបានច្រើនជាងលទ្ធភាពរបស់បុគ្គលម្នាក់ ឬ ស្ថាប័នតែមួយ។
ជាក់ស្ដែង ករណីក្នុងសង្គមខ្មែរបច្ចុប្បន្ន រដ្ឋាភិបាល បក្សកាន់អំណាច បក្សប្រឆាំង សង្គមស៊ីវិល វិស័យឯកជន និង ប្រជាពលរដ្ឋទាំងអស់ រួមជាមួយអ្នកវិទ្យាសាស្ត្រ និង អ្នកជំនាញពាក់ព័ន្ធ គួររួមគ្នារិះរកឬសគល់នៃបញ្ហា និង រួមគ្នាដោះស្រាយបញ្ហា ដោយតម្កល់សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ផលប្រយោជន៍ជាតិ សច្ចភាព យុត្តិធម៌ និង សុខដុមនីយកម្មជាធំ។ បើមិនដូច្នោះទេ សង្គមខ្មែរនឹងមិនទទួបានសេចក្ដីសុខយូរអ្វែងឡើយ ហើយនឹងនៅតែក្លាយជាកម្មវត្ថុនៃមហិច្ឆតានយោបាយរបស់ប្រទេសជិតខាងខ្លះ និង ប្រទេសមហាអំណាចមួយចំនួន៕
© រក្សាសិទ្ធិដោយ thmeythmey.com