ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ថា កុំយកករណីបាញ់សម្លាប់លោក កែម ឡី ចាត់ទុកជារឿងនយោបាយ
×
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងការសោកស្ដាយ និងថ្កោលទោសយ៉ាងម៉ឹងម៉ាត់ ចំពោះអំពើឃាតកម្មព្រៃផ្សៃ លើករណីបាញ់សម្លាប់លោក កែម ឡី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគស្ថានការណ៍សង្គម។ ប្រមុខរដ្ឋាភិបាល បញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកជនដៃដល់ និងជនឃុបឃិតទាំងឡាយផ្ដន្ទាទោសតាមច្បាប់។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅព្រឹកនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«អ្វីទៅដែលហៅថាជាការខាតបង់ នេះជាការប៉ះពាល់ធ្ងន់ធ្ងរ ចំពោះមុខមាត់រដ្ឋាភិបាលតែម្ដង។ តើអ្នកណានឹងទទួលផលចំណេញ អំពីរឿងបែបនេះកើតឡើង នៅក្នុងពេលដែលរាជរដ្ឋាភិបាល កំពុងតែនិយាយអំពីសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ចំណុចនេះខ្ញុំគិតថា វាហាក់ដូចជាការផ្ចាញ់ផ្ចាលមួយសម្រាប់យើង នេះជាការប៉ះពាល់ធ្ងន់ធ្ងរ ចំពោះមុខមាត់របស់រដ្ឋាភិបាល ដែលទាមទារឲ្យយើងដោះស្រាយបញ្ហាទាំងនេះ…។
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ រក្សាភាពស្ងប់ស្ងៀម ដោយទុកពេលឲ្យសមត្ថកិច្ចបំពេញតួនាទីឲ្យបានពេញលេញ ដើម្បីបើកការស៊ើបអង្កេតលើករណីបាញ់សម្លាប់លោក កែម ឡី នេះឲ្យបានស៊ីជម្រៅបន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រី ក៏ស្នើឲ្យប្រជាពលរដ្ឋ និងអ្នកនយោបាយទាំងអស់ កុំយកករណីស្លាប់របស់លោក កែម ឡី មកធ្វើជារឿងនយោបាយ ដើម្បីវាយប្រហារ និងលាបពណ៌មកលើរដ្ឋាភិបាលខ្លួន។
«សង្ឃឹមថាប្រជាពលរដ្ឋ ឲ្យទុកលទ្ធភាពឲ្យក្រសួងមានសមត្ថកិច្ច ស្ថាប័នមានសមត្ថកិច្ច ធ្វើកិច្ចការរបស់គេដោយត្រឹមត្រូវម៉ត់ចត់។ ហើយចៀសវាងបង្វែរបញ្ហាពីសោដនាកម្មមួយនេះ ទៅជាបញ្ហាខាងនយោបាយ ដែលនាំឲ្យល្អក់កករទៅដល់សភាពរបស់យើង។ សង្ឃឹមថារឿងទាំងនេះអ្នកនយោបាយផ្សេងទៀត និងមិនប្រើប្រាស់បញ្ហាទាំងនេះ ធ្វើជាបញ្ហានយោបាយ អុចអាលធ្វើឲ្យជាតិចលាចលនោះទេ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលទទួលស្គាល់ថា បញ្ហាសន្តិសុខផ្ទៃក្នុងនៅប្រទេសកម្ពុជានៅបញ្ហា ដែលតម្រូវឲ្យសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ ត្រូវពង្រឹងសមត្ថភាពទប់ស្កាត់រាល់បញ្ហាឃាតកម្មដែលកើតឡើងមួយរយៈពេលចុងក្រោយនេះ។
សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា នៅក្នុងម៉ាតមួយ ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ។ ចំណែកឯ ជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភា្លមផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com