ជាតិ
​​​ន​យោ​បាយ​ជាតិ​
​គណបក្ស​ចំនួន ៤ និង​សង្គម​ស៊ីវិល គោរព​វិញ្ញាណក្ខន្ធ​​សព​លោក កែម ឡី នៅ​ព្រឹក​មិញ
11, Jul 2016 , 12:21 pm        
រូបភាព
ដោយ: ថ្មីៗ
 
​គណបក្សនយោបាយ​ចំនួន ៤ បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក កែម ឡី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ ហើយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនូ​ន ក៏បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក កែម ឡី ជាមួយនឹង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនទៀត​ដែរ​។ មន្ត្រី​គណបក្ស និង​អង្គការ​សង្គម​ទាំងនោះ សុទ្ធតែ​រន្ធត់ចិត្ត និង​សោកស្តាយ​ចំពោះ​ការស្លាប់​លោក កែម ឡី​។​

 
​មនុស្សម្នា​រាប់រយ​នាក់ ដែល​ស្រឡាញ់​លោក កែម ឡី នៅតែ​នាំគ្នា​ទៅ​ជួបជុំ​នៅក្នុង​បរិវេណ​វត្ត​ចាស់​ស្ថិតនៅ​ត្រើយម្ខាង​ទល់មុខ​ព្រះបរមរាជវាំង ក្នុង​សង្កាត់​ជ្រោយចង្វា ដើម្បី​ចូលរួម​ពិធី​បុណ្យសព​អ្នកវិភាគ​ដ៏​ល្បី​។ នៅ​ព្រឹក​មិញ​នេះ គណបក្សនយោបាយ​ចំនួន ៤ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ក៏បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដែរ​។ 
 
​គណបក្ស​ទាំង ៤ នោះ ទី ១ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​តំណាងរាស្ត្រ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដោយ​លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មការ​នា​យក​នៃ​គណបក្ស​នេះ​។ 


​គណបក្ស​ទី ២ គឺ​គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ​មូលដ្ឋាន ដឹកនាំ​ដោយ​លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស និង​លោក យ៉ង សាំង​កុមារ ស្ថាបនិក​នៃ​គណបក្ស​នេះ​។ 


​គណបក្ស​អំណាច​ខ្មែរ ជា​គណបក្ស​ទី ៣ ដែល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​ព្រឹក​មិញ​ដែរ ដែល​ដឹកនាំ​ដោយ​លោក សួន សេរី​រដ្ឋា​។​


​ហើយ​គណបក្ស​ទី ៤ គឺ​គណបក្ស​​ខ្មែរ​​រួបរួម​ជាតិ ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​គណបក្ស​។​


​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងអស់នោះ សុទ្ធតែ​សម្តែង​ការសោកស្តាយ និង​រន្ធត់ចិត្ត ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ អ្នក​ទាំងអស់នេះ ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ ចាប់​ជនដៃដល់ និង​អ្នកសមគំនិត មក​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​បាន​។ 
 
​សម្រាប់​លោក សួន សេរី​រដ្ឋា ប្រធាន​បក្ស​អំណាច​ខ្មែរ និង​លោក អ៊ូ ចន្ទ​រត្ន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដែរនោះ ហាក់​មិនសូវ​មានជំនឿថា តុលាការ​នឹង​អា​ចរក​យុត្តិធម៌​ជូន​លោក កែម ឡី បាន​ពិតប្រាកដ​ណាស់ ។ លោក​ទាំងពីរ​នេះ យល់ថា ករណី​លោក កែម ឡី ដូចជា​ករណី លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ឈុត វុទ្ធី សកម្មជន​ការពារ​បរិស្ថាន​។ 
 
​ដោយឡែក​ក្រៅពី​ក្រុមមន្ត្រី​គណបក្សនយោបាយ ក៏មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​ឥស្សរជន​នយោបាយ​ចាស់ៗ​ខ្លះទៀត ចូលរួម​គោរព​វិញ្ញាណក្ខន្ធ លោក កែម ឡី កាលពី​ព្រឹក​មិញ​ដែរ​។​












Tag:
 កែម ឡី​
  គណបក្ស
© រក្សាសិទ្ធិដោយ thmeythmey.com