ជាតិ
ភរិយាលោក កែម ឡី ប្រហែលជាសម្រេចតម្កល់សពទុក ដោយមិនបូជាឡើយ
× អ្នកស្រី ប៊ូ រចនា ភរិយាសពលោក កែម ឡី បានឲ្យដឹងថា សពលោក កែម ឡី នឹងត្រូវរក្សាទុកក្នុងមឈូសកញ្ចក់រហូតដល់ថ្ងៃទី១៨ កក្កដា ដើម្បីទុកពេលវេលាឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ ដែលគោរពរាប់អានលោក កែម ឡី បានចូលរួមគោរពវិញ្ញាណក្ខន្ធលោកជាលើកចុងក្រោយ។
បើតាមអ្នកស្រី រចនា សពលោក កែម ឡី នឹងត្រូវតម្កល់ទុកនៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅខណ្ឌជ្រោយចង្វារនេះ ដោយមិនបូជាឡើយ។ ថ្លែងចំពោះអ្នកកាសែត ភរិយាលោក កែម ឡី ក៏មានបំណងសងរូបសំណាក់លោក កែម ឡី ដែរ។
ក្នុងរយៈពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកនយោបាយមួយចំនួន បាននាំគ្នាចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី យ៉ាងច្រើនកុះករជាបន្តបន្ទាប់ ដោយពួកគេបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់លោក កែម ឡី ដែលជាបញ្ញវន្តពោរពេញទៅដោយចំណេះដឹង និងទស្សនៈវែងឆ្ងាយ ដែលតែងតែជួយអប់រំដល់ប្រជាពលរដ្ឋកន្លងមក។
សូមបញ្ជាក់ថា លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា នៅក្នុងម៉ាតមួយ ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ។ សពលោក កែម ឡី ត្រូវបានយកទៅធ្វើបុណ្យនៅវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតនៅខណ្ឌច្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកឯ ជនសង្ស័យដែលបាញ់សម្លាប់លោក កែម ឡី ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភា្លមផងដែរ ដោយជនល្មើសនោះត្រូវបានគេដឹងមានឈ្មោះថា ជួប សម្លាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com