ជាតិ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សន្យាបំពេញផ្នត់គំនិតលោក កែម ឡី
× គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សន្យាប្រឹងប្រែងបំពេញការងារតាមមូលដ្ឋាន ក្នុងគោលបំណងដោះស្រាយបញ្ហាសង្គម ដើម្បីបំពេញផ្នត់គំនិតលោក កែម ឡី ដែលចង់ឲ្យប្រទេសកម្ពុជាមានប្រជាធិបតេយ្យពិតប្រាកដ។លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដាកន្លងមកនេះ។
នៅពេលដែលរំឮកពីឈ្មោះលោក កែម ឡី នោះ លោក សាម អ៊ីន ដែលជាក្រុមបញ្ញាវន្តរួមការងារជាមួយលោក កែម ឡី ហាក់មិនស្ងប់ចិត្តឡើយ ពោលគឺលោក សាម អ៊ីន តែងតែចងចាំនូវផ្នត់គំនិតលោក កែម ឡី ដែលមានមហិច្ឆតាចង់ផ្លាស់ប្ដូរសង្គមជានិច្ច។ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ យល់ថា ការបាត់បង់លោក កែម ឡី គឺបាត់បង់មនុស្សសំខាន់មូយរូប ដែលតែងតែផ្ដល់គំនិតល្អៗ ដល់ក្រុមបញ្ញាវន្ត និងដល់គណបក្សលោក។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សាម អ៊ីន អះអាងថា ទោះបីជាលោក កែម ឡី បាត់បង់ជីវិតក៏គណបក្សលោកនឹងខិតខំប្រឹងប្រែងបន្តជំហានបោះទៅមុខ ដំណើរការចូលរួមផ្លាស់ប្ដូរសង្គម ដើម្បីបំពេញតាមឧត្តមគតិរបស់លោក កែម ឡី ។ «គណបក្សយើងនឹងប្រឹងប្រែងបន្តសកម្មភាពការងារ ចុះតាមមូលដ្ឋាន តាមផ្នត់គំនិតលោក កែម ឡី ដើម្បីឲ្យមានការផ្លាស់ប្ដូរសង្គមមួយដោយសន្តិវិធី បង្រៀនឲ្យពលរដ្ឋបានយល់ដឹងពីបញ្ហាសង្គម និងហ៊ាននិយាយ ហ៊ានតស៊ូមតិដើម្បីផ្លាស់ប្ដូរសង្គម»។ នេះជាការបញ្ជាក់របស់លោក សាម អ៊ីន។
នៅពេលសួរថា តើមរណភាពរបស់លោក កែម ឡី អាចធ្វើឲ្យការគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋានបាត់បង់ដែរទេ? លោក សាម អ៊ីន ឆ្លើយតបវិញភ្លាមថា «ការបាត់បង់លោក កែម ឡី គឺអាចឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ប្រយោលខ្លាំងមកលើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ មហាជនអាណិត គាំទ្រលោក កែម ឡី និងបានយល់ និងដឹងពីស្នាដៃលោក កែម ឡី ថា មូលហេតុអ្វីបានជាគាត់ងាកមកបង្កើតបណ្ដាញសង្គមខ្មែរដើម្បីខ្មែរ នឹងផ្តួចផ្ដើមមកបង្កើតគណបក្សនេះ ដើម្បីផ្លាស់ប្ដូរសង្គមក្នុងដំណើរការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់កំណត់ផែនការខ្លួន ដោយចូលរួមបោះឆ្នោតចំនួន១០០ឃុំ សង្កាត់ ដោយកំណត់គាំទ្រឲ្យថ្នាក់ដឹកនាំមូលដ្ឋានឈ្នះ២០ឃុំ សង្កាត់ ដើម្បីដឹកនាំដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ នេះបើតាមលោក សាម អ៊ីន ដែលអះអាងថា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គណបក្សលោក បានកំណត់ផែនការ បំបែកសំឡេង៥០បូក១ ដោយមិនឲ្យគណបក្សណាមួយអាចមានអំណាចគ្រប់គ្រាន់ ក្នុងការអនុម័តច្បាប់ និងដាក់គោលនយោបាយប្រទេសជាតិស្រេចតែចិត្តឡើយ ហើយនេះជាគោលគំនិតលោក កែម ឡី មុនពេលបាត់បង់ជីវិត។
លោក កែម ឡី អ្នកស្រាវជ្រាវសង្គម និងជាអ្នកវិភាគ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដាកន្លងមកនេះ នៅក្នុងម៉ាតមួយ ក្បែរស្តុបបូកគោ។ ការស្លាប់របស់លោក កែម ឡី ត្រូវបានអ្នកនយោបាយដាក់សង្ស័យលើគ្នាទៅវិញទៅមកដែរ។ តែយ៉ាងណាលោក សាម អ៊ីន ស្នើឲ្យអ្នកនយោបាយបញ្ឈប់ការយកមរណភាពលោក កែម ឡី នេះមកលាភពណ៌គ្នា ដើម្បីកេងចំណេញនយោបាយឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com