ជាតិ
សង្គមជាតិ
កម្លាំង​សមត្ថកិច្ច​ជាង ១​ពាន់​នាក់នឹងត្រូវ​ដាក់ពង្រាយ​ការពារ​ក្បួន​ដង្ហែ​សព​លោក កែម ឡី​
22, Jul 2016 , 11:57 pm        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ​៖ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ចំនួន​១៦៦០​នាក់ នៅ​ថ្ងៃទី​២៤ ខែកក្កដា​នេះ ដើម្បី​ការពារ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​​ក្បួន​ដង្ហែ​សព​លោក កែម ឡី ក្នុង​រាជធានី​ភ្នំពេញ​។​



​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ត្រៀមដាក់​ពង្រាយកម្លាំង​នគរបាល​ចំនួន ១៤៥០​នាក់ និង​អាវុធហត្ថ​រាជធានី​ភ្នំពេញចំនួន ២១០​នាក់ ការពារ​ក្បួន​ដង្ហែ​សព​លោក កែម ឡី ចាប់ពី​វត្ត​ពោធិ៍​យា​រាម ហៅ​វត្ត​ចាស់ រហូតដល់​ព្រំប្រទល់​ខេត្តកណ្តាល តាមផ្លូវ​ជាតិ លេខ​៣ នៅ​ថ្ងៃទី​២៤ កក្កដា​ខាងមុខ។​

​បើតាម​ផែន​ការពារ​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់ ក្នុង​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ចុះ​ថ្ងៃទី​២២ ខែកក្កដា​នេះ លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​វាយតម្លៃ​ពី​សភាពការណ៍​សន្តិសុខ​អាច​កើតឡើង​មួយចំនួន ដែលនាំឲ្យ​អាជ្ញាធរ​ត្រូវការពារ ក្នុងនោះ រួមមាន ទី​១, ពួក​អមិត្ត និង​អង្គការ​សង្គម​ស៊ីវិល មួយចំនួន​អាចមាន​សកម្មភាព​បំពុលបរិយាកាស​សង្គម​តាមរយៈ ការឃោសនា​សង្គ្រាមចិត្តសាស្ត្រ លើក​បដា បាច​ខិតប័ណ្ណ​អនាមិក ស្រែក​តាម​ឧ​ឃោស​ន​ស័ព្ទ បំផុស​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ភាព​ជ្រួលច្របល់ សំដៅ​ដល់​ការបង្ក​ច​លាច ក្នុងពេល​ដង្ហែ​សព​។​

២, ពួកក្រុម​ជ្រុលនិយម ដែលមាន​និន្នាការ​ក្នុងការ​ប្រឆាំង​អាច​ជ្រៀតចូល​ក្នុង​ក្បួន​ដង្ហែ បង្ក​សកម្មភាព​ផ្សេងៗ ដូចជា ដាក់​គ្រឿងផ្ទុះ ឫ​ប្រើប្រាស់​អាវុធ​បាញ់ ចូល​ក្បួន​ដង្ហែ បង្ក​ឲ្យ​មាន​អសន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដើម្បី​ទំលាក់កំហុស​ដល់​រដ្ឋាភិបាល​។ និង​ទី ៣, សភាពការណ៍​សណ្តាប់ធ្នាប់​សាធារណៈ អាច​នឹង​កើតឡើង​ស្មុគស្មាញ​ជុំវិញ​ការកកស្ទះ​ចរាចរណ៍​តាម​ទីសាធារណៈ​ដូចជា ទីផ្សារ រោងចក្រ និងសហគ្រាសជាដើម ពិសេសគឺ តាម​ដងផ្លូវ​សំខាន់ៗ។​

​លោក ឃួ​ង ស្រេង អភិបាលរង​សាលា​រាជធានី​ភ្នំពេញ បាន​បង្គាប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវដាក់​កម្លាំង​តាម​គោលដៅ​ឲ្យ​បាន​មុន​ម៉ោង ៥​កន្លះ​ព្រឹក ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ដើម្បីក្បូនដង្ហែសពលោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ក្នុងរាជធានីភ្នំពេញ៕


Tag:
 កែម ឡី
  ឃួង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com