បទយកការណ៍ / បទសម្ភាសន៍
នៅ រ៉ូយ៉ាល ឈប់រៀន មក​ស៊ីឈ្នួល​លក់​ពោត​ចំហុយ​យកលុយ​ជួយ​ឪពុកម្ដាយ​
24, Jul 2016 , 8:59 pm        
រូបភាព
ដោយ:
​ក្រចេះ​៖ យុវជន នៅ រ៉ូយ៉ាល់ បានសម្រេច​ចិត្ត​ឈប់រៀន​រយៈពេល​២​ឆ្នាំ​ហើយ ដោយសារតែ​គេ​ត្រូវ​ទទួលបន្ទុក​រកប្រាក់​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ រ៉ូយ៉ាល់ ដែលមាន​អាយុ​១៨​ឆ្នាំ បានធ្វើ​ចំណាក​ស្រុកកំណើត មក​ស៊ីឈ្នួល​លក់​ផ្លែ​ពោត​ចំហុយ​ឲ្យ​គេ​នៅក្នុង​ក្រុង​ក្រចេះ​។ នឹករលឹក​ឪពុកម្តាយ​ជា​រឿង​មួយ ដែល​យុវជន​សម្បុរ​ស្រអែម​រូបនេះ​ត្អូញត្អែរ ប៉ុន្តែ​នៅ​ចាញ់​ការ​អាក់អន់ចិត្ត​ដែល​ខ្លួន​មិនបាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ដូច​យុវជន​ដទៃទៀត​។



​យុវជន នៅ រ៉ូយ៉ាល់ គឺជា​អ្នកលក់​ផ្លែ​ពោត​ចំហុយ​ម្នាក់ នៅ​បណ្តោយ​មាត់ទន្លេ ក្នុង​ក្រុង​ក្រចេះ​។ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​អូរ​ចម្លង​ទឹក ឃុំ​អូរ​ម្រេះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​រ៉ូយ៉ាល់ មិនមែនជា​បើក​ជំនួញ​មួយ​នេះ​ទេ គេ​ត្រឹមតែ​ជា​អ្នកស៊ីឈ្នួល​លក់​ឲ្យ​គេ​តែប៉ុណ្ណោះ​។ កូនប្រុស​ពៅ ក្នុងចំណោម​បងប្អូន​១១​នាក់​រូបនេះ បាន​បង្ខំចិត្ត​ឈប់រៀន រយៈពេល​២​ឆ្នាំ​ហើយ ដើម្បី​ជួយ​រកប្រាក់​ចិញ្ចឹម​ឪពុកម្តាយ​ដែលជា​អ្នក​ធ្វើស្រែ និង​នេសាទ​ត្រី បន្ទាប់ពី​បងៗ​រៀបការ​បែក​ផ្ទះ​អស់ គ្មាន​អ្នកណា​ជា​ជំហរ​សម្រាប់​គ្រួសារ​។​


​បន្ទាប់ពី​បោះបង់​ការសិក្សា យុវជន​រូបនេះ បាន​ទៅ​ស៊ីឈ្នួល​ដឹក​ទឹកកក​លក់​តាម​ម៉ូតូ នៅក្នុង​ខេត្តស្ទឹងត្រែង​មួយរយៈ មុននឹង​មក​ស៊ីឈ្នួល​លក់​ពោត​ចំហុយ នៅ​ខេត្តក្រចេះ​នេះ​។  រ៉ូយ៉ាល់ បានទទួល​ប្រាក់​ឈ្នួល​ចំនួន ៧០​ម៉ឺន​រៀល​ក្នុង​មួយខែ ពី​ការងារ​នេះ បូក​នឹង​កន្លែង​ស្នាក់នៅ និង​ការហូបចុក​ប្រចាំថ្ងៃ​។ អង្គុយ​លើ​ម៉ូតូ​ដែល​សណ្តោង​ឆ្នាំង​ចំហុយ​ពោត អម​នឹង​ទូរ​កញ្ចក់​ដាក់​ផ្លែ​ពោត​ចំហុយ​ផង​នោះ រ៉ូយ៉ាល់​បាន​រៀបរាប់​ទៀតថា រូបគេ​តែងតែ​ផ្ញើ​លុយ​ទៅ​ឲ្យ​ឪពុកម្ដាយ​រាល់​ខែ​។ យុវជន​រូបនេះ បញ្ជាក់បន្ថែម​៖« រាល់​ខែ ខ្ញុំ​ផ្ញើ​ទៅផ្ទះ ៥០​ម៉ឺន ដើម្បី​ឲ្យ​ពួកគាត់​ចាត់ចែង និង​ទិញ​ថ្នាំ ព្យាបាល​ជំងឺ នៅពេល​គាត់​ឈឺ​ម្ដងៗ ហើយ​ខ្ញុំ​ទុក​២០​ម៉ឺន គ្រាន់​ចាយ​ប្រចាំថ្ងៃ​»​។ 

​មាន​អាយុ​១៨​ឆ្នាំ រ៉ូយ៉ាល់​បាន​អះអាងថា ការងារ​ស៊ីឈ្នួល​លក់​ពោត​ចំហុយ​នេះ មិនមែនជា​ការងារ​លំ​បាក​សម្រាប់​លំបាក សម្រាប់​គេ​ឡើយ ប៉ុន្តែ​ការ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ស្រុកកំណើត និង​ឪពុកម្តាយ​ទៅវិញ​ទេ ដែល​ធ្វើ​ឲ្យ​គេ​ស្រណោះ​ខ្លួន​។ រ៉ូយ៉ាល់ រៀបរាប់​ពី​ការ​នឹករលឹក​ដល់​ឪពុកម្តាយ​របស់គេ​យ៉ាង​ដូច្នេះ​៖« ខ្ញុំ​នឹក ពេល​ខែ​ដំបូងៗ ខ្ញុំ​ទៅផ្ទះ​ពីរដង ក្នុង​មួយខែ តែ​ខែ​ចុងក្រោយ​នេះ ខ្ញុំ​ទៅបាន​តែម្ដង​។ ជាធម្មតា ខ្ញុំ​ផ្ញើ​លុយ​ទៅផ្ទះ តែ​ពេល​នឹក​ផ្ទះ​ពេក ខ្ញុំ​ទៅផ្ទះ​តែម្ដង ហើយ​ប្រាប់​ថៅកែ​ថា យកលុយ​ឲ្យ​ម៉ែ​»​។

​ជា​រៀងរាល់ថ្ងៃ យុវជន រ៉ូយ៉ាល់  ចាប់ផ្តើម​មក​លក់​ពោត​ចំហុយ​នៅតាម​បណ្តោយ​មាត់ទន្លេ​ខេត្តក្រចេះ​នេះ ចាប់ពី​ម៉ោង​១​រសៀល រហូតដល់​ម៉ោង​៨ ឬ​ម៉ោង​៩​យប់​។ ក្នុង​មួយថ្ងៃ ថៅកែ​កំណត់​ឲ្យ​លក់​ផ្លែ​ពោត​ចំហុយ​ចំនួន ១២០ ផ្លែ ដែល​ក្នុង​មួយ​ផ្លែ មានតម្លៃ​១៣០០​រៀល​។


​លក់​នៅ​រហូតដល់​យប់ នៅតាម​បណ្តោយ​មាត់ទន្លេ​ក្រុង​ក្រចេះ​នេះ រ៉ូយ៉ាល់ ក៏​បារម្ភ​ចំពោះ​សុវត្ថិភាព​ដែរ​។ មាន​ភាពភ័យខ្លាច​ផងដែរ ចំពោះ​សុវត្ថិភាព​របស់ខ្លួន​។ បាន​ថ្លែង​បារម្ភ​ពី​សុវត្ថិភាព​យ៉ាងនេះ​ថា​៖«​ពេលយប់​ចឹ​ង ភ្លើង​មិនសូវ​ភ្លឺ ជូន​កាល​ពេល​ខ្ញុំ​លក់​ដល់​ម៉ោង​ប្រាំបី ជិត​ប្រាំបួន រាង​ខ្លាចៗ​ដែរ ទោះ​លក់​រាល់ថ្ងៃ​ក៏ដោយ​។ ពីមុន​ខ្ញុំ​មិនសូវ​ហ៊ាន តែ​ឥឡូវ​គេ​ស្គាល់​ច្រើន ចឹ​ង​មិនសូវ​ខ្លាច​។ ខ្ញុំ​មិន​ខ្លាច​អី តែ​ខ្លាច​ក្មេងស្ទាវ​មួយចំនួន​»​។ រ៉ូយ៉ាល់ បន្ថែមថា ប្រសិន​បើតាម​មាត់ទន្លេ​មាន​ភ្លើង​ភ្លឺ​គ្រប់គ្រាន់ ប្រហែលជា​ល្អ​សម្រាប់​រូបគេ ហើយ​ភាពភ័យខ្លាច​នឹងត្រូវ​បាន​កាត់បន្ថយ​។​

​ដ្បិត​មាន​បន្ទុក​រ៉ាប់រង​ជីវភាព​គ្រួសារ ប៉ុន្តែ​យុវជន​រូបនេះ នៅតែ​ចង់​បន្ត​ការសិក្សា​ឲ្យ​បាន​ខ្ពង់ខ្ពស់ ដូច​យុវជន​ដទៃទៀត ជាជាង​មក​ធ្វើជា​ជំហរ​គ្រួសារ​ទាំង​ខ្លួន​នៅ​វ័យក្មេង​បែបនេះ​៕


Tag:
 នៅ រ៉ូយ៉ាល​
 ​ ពោត​ចំហុយ​
 ​ មាត់ទន្លេ​
 ​ ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com