បទវិភាគ
តើការប្រែប្រួលក្នុងអាពាហ៍ពិពាហ៍ខ្មែរល្អដែរទេ?
×
ភ្នំពេញ ៖ បច្ចុប្បន្ន គេសង្កេតឃើញអាពាហ៍ពិពាហ៍ខ្មែរភាគច្រើនលើសលប់ បានផ្លាស់ប្ដូរទៅរករបត់ថ្មីមួយ ដែលធ្វើអ្នកពាក់ពន្ធ ជាពិសេស ឪពុកម្ដាយខាងកូនប្រុស ឬ កូនកម្លោះ ចំណាយប្រាក់កាន់តែច្រើនក្នុងការចូលស្ដីដណ្ដឹង ការជូនប្រាក់ខាន់ស្លា ការប្រារព្ធពិធីប្រពៃណី និង ការជប់លៀង ជាដើម។ តើរបត់ថ្មីនេះ បានធ្វើឱ្យប៉ះពាល់អ្វីខ្លះដល់សង្គមខ្មែរ?
អាពាហ៍ពិពាហ៍ខ្មែរមានលក្ខណៈខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ និង ពីពេលមួយទៅពេលមួយ។ លក្ខណៈខុសគ្នានេះ រាប់ទាំងការបង្គាប់ប្រាក់ខាន់ស្លា (ថ្លៃទឹកដោះឬថ្លៃផ្ទះឬបណ្ណាការ), រយៈពេលនៃការប្រារព្ធពិធី របៀបនៃការប្រារព្ធពិធីប្រពៃណី និង ទម្លាប់ក្នុងការជប់លៀងជូនភ្ញៀវ ជាដើម។
បច្ចុប្បន្ន ការបង្គាប់ប្រាក់ខាន់ស្លា កាន់តែកើនឡើងជាលំដាប់ ជាពិសេស ចំពោះអ្នកទីក្រុង ឬ អ្នកមានជីវភាពធូរធារ ដែលចំនួនប្រាក់ខាន់ស្លាបានកើនឡើងចាប់ពីប្រាំពាន់ទៅដល់រាប់ម៉ឺនដុល្លារ។ ការបង្គាប់ប្រាក់ខាន់ស្លាខ្ពស់កប់ពពកនេះ នាំឱ្យយុវជនដែលស្រឡាញ់គ្នាស្មោះ ហើយគ្មានលុយ មិនមានឱកាសរៀបការជាមួយគ្នា ដែលជាយថាហេតុពេលខ្លះ អាចបង្ខំឱ្យគូស្នេហ៍ដែលស្ម័គ្រស្មោះជាមួយគ្នានេះ រត់ទៅរួមរស់ជាមួយគ្នាដោយរំលងប្រពៃណី និង បំបាក់មុខឪពុកម្ដាយ។ ក្នុងករណីខ្លះទៀត ប្រសិនបើមានការគាបសង្កត់ខ្លាំងពីឪពុកម្ដាយដោយសារតែយកប្រាក់ជាធំ អាចនាំឱ្យគូស្នេហ៍ស្ម័គ្រស្មោះខ្លះធ្វើអត្តឃាតជាការឆ្លើយតបទៅនឹងគំនាបនេះ និង ឆ្លើយតបទៅនឹងការមិនបានសម្រេចបំណងរបស់ខ្លួន ជាដើម។
ចំណែកឯការប្រារព្ធពិធីប្រពៃណីវិញ ទាំងសម្ភារៈនិងសម្លៀកបំពាក់កាន់តែទំនើប ដោយមានតម្លៃឈ្នួលសម្ភារៈនិងថ្លៃសេវាកាន់តែខ្ពស់ ដែលធ្វើឱ្យការចំណាយកាន់តែធំ។ លើសពីនេះទៀត ក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍ គេក៏សង្កេតឃើញថា ភាគច្រើនមានភាពអធិកអធម ដោយមានភ្ញៀវចូលរួមរាប់រយនាក់ មានម្ហូបអាហារ ភេសជ្ជៈ និង គ្រឿងស្រវឹង ច្រើនសន្ធឹកសន្ធាប់។ ឯកទីតាំងឬរោងពិធីវិញ ក៏មានសភាពទំនើបដែរ។
ជារួម ការចំណាយប្រាក់កាន់តែច្រើនក្នុងការចូលស្ដីដណ្ដឹង ការទារប្រាក់ខាន់ស្លាកាន់តែខ្ពស់ ការចំណាយប្រាក់ប្រារព្ធពិធីប្រពៃណីកាន់តែច្រើន ព្រមទាំងភាពអធិកអធម និង ភាពសម្បូរហូរហៀរខាងមានម្ហូបអាហារ ភេសជ្ជៈ និង គ្រឿងស្រវឹង មិនគ្រាន់តែបានបង្ហាញឱ្យឃើញថា សង្គមខ្មែរបច្ចុប្បន្នឱ្យតម្លៃលុយកាក់ មាសប្រាក់ឬសម្ភារៈខ្ពស់ជាងសេចក្ដីស្រឡាញ់ពិត សេចក្ដីស្មោះត្រង់ សីលធម៌ និងគុណធម៌ ប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងបានបង្ហាញឱ្យឃើញថា ឪពុកម្ដាយខ្លះ ក៏ចង់បានមុខមាត់ ឬចង់បានប្រាក់ចំណេញពីការប្រារព្ធពិធីខ្លះដែរ។
សម្ពាធនៃការចង់បានមុខមាត់ ការប្រកួតប្រជែងក្នុងការបង្ហាញទ្រព្យសម្បត្តិនិងឥទ្ធិពល ឬ សម្ភារនិយម បានជំរុញឱ្យមនុស្សកាន់តែរវល់ ការចំណាយកាន់តែធំ ដែលជំរុញឱ្យមនុស្សខិតខំរកចំណូលឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ លើសពីនេះទៀត ការរៀបចំអាហារ ភេសជ្ជៈ និង គ្រឿងស្រវឹងដ៏ច្រើនសន្ធឹក និង ទីតាំងប្រារព្ធធិធីប្រណីតៗនេះ ក៏ជាសម្ពាធមួយជំរុញឱ្យភ្ញៀវចូលរួមគិតថា ត្រូវចងដៃឱ្យកាន់តែច្រើន(បច្ចុប្បន្ន ចំណងដៃនៅទីក្រុងទាបបំផុតចាប់ពី២០ដុល្លារ ទៅដល់រាប់រយដុល្លារ ឬ រាប់ពាន់ដុល្លារចំពោះកូនឧកញ៉ាឬអ្នកធំ) និង ត្រូវទទួលទាននិងផឹកគ្រឿងស្រវឹងកាន់តែច្រើនឱ្យសមនឹងចំណងដៃដែលខ្លួនបានចង។
ទីបំផុត បញ្ហានេះបានប៉ះពាល់ដល់ជីវភាពគ្រួសារដោយសារតែប្រាក់ខែ ឬ ចំណូលដែលទទួលបាន និងចំណងដៃមិនសមាមាត្រគ្នា, ប៉ះពាលដល់សុខភាពអ្នកចូលរួម និង ជំរុញមនុស្សគិតតែខំរកប្រាក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានបើទោះបីជា តាមវិធីមិនល្អក៏ដោយ។ លើសពីនេះទៀត វាធ្វើឱ្យសង្គមខ្មែរបច្ចុប្បន្នឱ្យតម្លៃលុយកាក់ មាសប្រាក់ឬសម្ភារៈ ខ្ពស់ជាងសេចក្ដីស្រឡាញ់ពិត សេចក្ដីស្មោះត្រង់ សីលធម៌ និង គុណធម៌៕
© រក្សាសិទ្ធិដោយ thmeythmey.com