ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន IIS មាន​គម្រោង​បញ្ជូន​កម្មសិក្សាការី ១០០០​នាក់​ក្នុង​មួយឆ្នាំៗ​ទៅធ្វើ​ការ​នៅ​ជប៉ុន​
26, Jul 2016 , 12:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន IIS មាន​ផែនការ​បញ្ជូន​កម្មសិក្សា​ការី​ខ្មែរ​ក្នុង​រង្វង់ ១០០០​នាក់​ក្នុង​មួយឆ្នាំៗ ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន  ដែល​ការងារ​នៅ​ទីនោះ​ផ្ដល់ប្រាក់​ចំណូល​បាន​ក្នុង​រង្វង់ ១៥០០​ដុល្លារ​ក្នុង​មួយខែ​។



​ក្រុមហ៊ុន IIS ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក សហការ​ជាមួយ​ក្រុមហ៊ុន IIS របស់​ជប៉ុន ដើម្បី​បញ្ជូន​កម្មសិក្សាការី​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​។​

​លោក ឯល រ៉ូ​ហ្សែ​ត អគ្គនាយក​ក្រុមហ៊ុន IIS ឲ្យ​ដឹងថា ចាប់ពី​ឆ្នាំ​២០១៤ រហូតមកដល់​ឆមាស​ទី​១​ឆ្នាំនេះ ក្រុមហ៊ុន​របស់លោក​បាន​បញ្ជូន​កម្មសិក្សាការី​ចំនួន​ជាង ២០០​នាក់​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ហើយ​ក្រុមហ៊ុន​គ្រោង​ពង្រីក​ចំនួន​នេះ​ឲ្យ​ដល់ ១០០០​នាក់​ក្នុង​មួយឆ្នាំៗ​។​

​លោក រ៉ូ​ហ្សែ​ត ថ្លែង​ទៀតថា កម្មសិក្សាការី​ដែល​ត្រូវ​បញ្ជូនទៅ​ប្រទេស​ជប៉ុន ភាគច្រើន​ធ្វើការ​លើ​ផ្នែក​សំណង់ កសិកម្ម និង​ឧស្សាហកម្ម ដែល​ពួកគេ​អាច​ទទួលបាន​ប្រាក់ខែ​ក្នុង​រង្វង់ ១៥០០​ដុល្លារ​អាមេរិក​។ លោក​បន្ថែមថា បើ​ទូទាត់​ការចាយវាយ​ផ្សេងៗ ពលករ​ម្នាក់​អាច​សល់​យ៉ាងតិច ៨០០​ដុល្លារ​ក្នុង​មួយខែ​។ លោក​បញ្ជាក់ថា ក្រៅពី​ប្រាក់ចំណូល កម្មសិក្សាការី ក៏​ទទួលបាន​ចំណេះ​ជំនាញ​ពី​ប្រទេស​អភិវឌ្ឍន៍​ផងដែរ​។​

​លោក រ៉ូ​ហ្សែ​ត បន្ថែមថា អ្នកបម្រើ​ការងារ​នៅ​ជប៉ុន​មាន​អាណត្តិ​ត្រឹម​៣​ឆ្នាំ ក្នុងនាម​ជា​កម្មសិក្សាការី​។

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​ដឹងថា មកទល់នឹង​ពេលនេះ កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី​ទៅ​ប្រទេស​ជប៉ុន​ចំនួន​ប្រមាណ ៣​ពាន់​នាក់ ដែល​បង្កើត​ចំណូល​ចំនួន ២៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ ហើយ​បច្ចុប្បន្ននេះ កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន ២៣ ដែល​ជ្រើសរើស​កម្មសិក្សាការី​ទៅ​បម្រើ​ការងារ​នៅ​ជប៉ុន​។​

​បើតាម​លោក ហេង សួរ ច្បាប់​របស់​ជប៉ុន​ទទួល​យកតែ​កម្មសិក្សាការី​ប៉ុណ្ណោះ គឺ​មិន​អនុញ្ញាត ឲ្យ​នាំ​ពលករ​ពី​ក្រៅប្រទេស​ឡើយ​៕


Tag:
 IIS
© រក្សាសិទ្ធិដោយ thmeythmey.com