កីឡាជាតិ
ជាតិ
សៀវ​ម៉ី សុធា​រ៉ា និង​វិ​ទិ​នី សន្យា​ធ្វើ​ឲ្យ​ល្អ​នៅ Rio 2016
26, Jul 2016 , 4:14 pm        
រូបភាព
ដោយ:
​នា​ពិធី​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​ឆ្នោត​កីឡា​ជាតិ​កាលពី​ថ្ងៃ​ចន្ទ កីឡាការិនី​កម្ពុជា​៣​រូប​រួមមាន​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី និង​កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ទិ​នី មានការ​ប្តេជ្ញា​ខ្ពស់​រៀងៗ​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​បានល្អ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​នា​ខែសីហា​ខាងមុខ​។



​តាមរយៈ​បទពិសោធន៍​នៃ​ការប្រកួត និង​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស​រៀងៗ​ខ្លួន កីឡាការិនី​អូឡាំពិក​កម្ពុជា​៣​រូប​រួមមាន​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា​, កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី និង​កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ទិ​នី សុទ្ធតែ​មានការ​តាំងចិត្ត​ខ្ពស់​ដើម្បី​ធ្វើ​ឲ្យ​ល្អ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​។​

​សម្រាប់ ចូ​វ សុធា​រ៉ា ដែល​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​៤៨​គីឡូក្រាម ទោះបី​វា​ជាការ​បង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​កីឡាការិនី​ចំបាប់​ជើងចាស់ បាន​ប្តេ​ជា្ញ​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ទទួលបាន​កំណត់ត្រា​ល្អ និង​រហូតដល់​ឈានទៅ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ជូន​ជាតិ​កម្ពុជា​។

​កីឡាការិនី​រូបនេះ​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​ជា​លើកដំបូង​របស់ខ្ញុំ ដើម្បី​ដណ្តើមយក​មេដាយ​ជូន​ជាតិ​កម្ពុជា​តាមរយៈ​បទពិសោធន៍​នៃ​ការប្រកួត​ដែល​ខ្ញុំ​បាន​ប្រឡូក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។ ម្យ៉ាងទៀត​តាមរយៈ​បទពិសោធន៍​ដែល​ខ្ញុំ​បាន​ហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​ខែ​នៅក្រៅ​ប្រទេស និង​ហ្វឹកហាត់​ជាមួយ​គ្រូ​ជនជាតិ​កូរ៉េ​នៅ​កម្ពុជា​»​។


​ដោយសារ​កីឡា​អូឡាំពិក​ជា​ក្តី​ស្រមៃ​ចុងក្រោយ និង​មាន​អាយុ​កាន់​ច្រើន​បានធ្វើ​ឲ្យ​កីឡាការិនី​ចំបាប់​ដែលមាន​វ័យ​៣៣​ឆ្នាំ​រូបនេះ​បានប្រកាសថា នឹង​បញ្ចប់​អាជីព​ជា​កីឡាការិនី ក្រោយ​ត្រឡប់​មកពី​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​។ ប៉ុន្តែ​កីឡាការិនី​រូបនេះ​មិន​ឃ្លាតឆ្ងាយ​ពី​វិស័យ​កីឡា​ចំបាប់​នោះទេ ពោលគឺ​រូបគេ​នឹង​បន្ត​អាជីព​ជា​គ្រូបង្វឹក​កីឡា​ចំបាប់​វិញ​ម្តង​។​

​ទោះបី​វា​ជាការ​ចូលរួម​ជា​លើកដំបូង​ក៏ដោយ​តែ​រូបគេ​សង្ឃឹមថា នឹង​អាច​បំបែក​កំណត់ត្រា​ចាស់​របស់លោក វ៉ា​ត់ ចំរើន ដែល​ធ្លាប់បាន​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នាពេល​កន្លងមក​។ ការរំពឹង​បែបនេះ​ដោយសារ​រូបគេ​យល់ថា សម្រាប់​វិញ្ញាសា​ចំបាប់​ស្ត្រី​មាន​លក្ខណៈ​ខុសពី​បុរស ព្រោះ​ស្ត្រី​មាន​កាយ​សម្បទាន សមត្ថភាព និង​កម្លាំង​មិន​លើស​គ្នា​នោះទេ​។ ទោះបីជា​យ៉ាងនេះ​ក្តី​ក្នុងចំណោម​ប្រទេស​ដែល​ចូលរួម​ទាំងអស់ រូបគេ​បានចាត់ទុក​ប្រទេស​ជប៉ុន​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​រូបគេ ព្រោះ​ស្ត្រី​នៃ​ប្រទេស​នេះ​ភាគច្រើន​ដណ្តើមបាន​មេដាយមាស​សម្រាប់​ការចូលរួម​របស់គេ​។​

​គូរ​បញ្ជាក់ថា តាំងពី​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ចំបាប់​រហូតដល់​បច្ចុប្បន្ន ចូ​វ សុធា​រ៉ា ទទួលបាន​មេដាយមាស​២ ប្រាក់​១ និង​សំរឹទ្ធ​៣ ដោយ​មេដាយមាស​ទទួលបាន​ក្នុង​ឆ្នាំ​២០០៩ និង​២០១៣ មេដាយ​សំ​រឺ​ទ្ធ​ទទួលបាន​ក្នុង​ឆ្នាំ​២០០៣ ២០០៥ និង​២០១៣ និង​មេដាយប្រាក់​ទទួលបាន​ក្នុងប្រទេស​សិង្ហ​បុរី​។

​ម្ចាស់​មេដាយមាស​ទី្វ​ប​អាស៊ី ស៊ន សៀវ​ម៉ី ដែលជា​បេក្ខភាព​ក្តី​រំពឹង​របស់​កម្ពុជា​ទោះបីជា​មិន​ហ៊ាន​រំពឹងទុក​មុន​សម្រាប់​លទ្ធផល​ចាញ់ ឬ​ឈ្នះ​យ៉ាងណាក្តី ប៉ុន្តែ​រូប​បាន​បញ្ជាក់ថា នឹងមិន​ធ្វើ​ឲ្យ​អ្នក​ដែល​លើកទឹកចិត្ត និង​រំពឹង​លើ​កញ្ញា​ខកចិត្ត​នោះទេ ពោលគឺ​រូបគេ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​។

​ម្ចាស់​មេដាយមាស​ទ្វីបអាស៊ី​រូបនេះ​បញ្ជាក់ថា​៖«​សម្រាប់​ខ្ញុំ​ក៏ដូចជា​ខ្លួន​ខ្ញុំ​ផ្ទាល់​ព្រមទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត​គឺ​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការប្រកួត​មួយ​នេះ ទោះបីជា​លទ្ធផល​យ៉ាងណា​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​តបស្នង​ទៅដល់​អ្នក​ដែល​តែងតែ​សង្ឃឹម​ក៏ដូចជា​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្ញុំ​»​។​


​ទោះបីជា​មានការ​ប្តេជ្ញា​យ៉ាងនេះ​ក្តី ប៉ុន្តែ​កីឡាការិនី​រូបនេះ​បានចាត់ទុក​ប្រទេស​ទាំង​១៦​ដែល​ចូលរួម គឺជា​ឧបសគ្គ​សម្រាប់​ការប្រកួត​នេះ ហើយ​ប្រទេស​ដែល​រូបគេ​ត្រូវ​ជួបជុំ​ទី​១​ក៏​ជា​ប្រទេសមួយ​ដ៏​ខ្លាំង​ផងដែរ​។ ហើយ​ប្រសិនបើ​កីឡាការិនី​រូបនេះ​អាច​យកឈ្នះ​នៅ​វគ្គ​១៦​នាក់ និង​៨​នាក់​ចុងក្រោយ​ង នឹង​ជួប​ការលំបាក​កាន់តែខ្លាំង​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ ព្រោះ​ក្នុង​វគ្គ​នេះ​ត្រូវ​ជួប​ជាមួយ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ដូចជា​ម៉ិ​ក​ស៊ិ​កកូ និង​សហរដ្ឋអាមេរិក ជាដើម​។​


​ដោយឡែក​កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ទិ​នី ទោះបីជា​ការប្រកួត​កីឡា​អូឡាំពិក​ជាការ​ប្រកួត​ដែល​ពិបាក​ក្នុងការ​ដណ្តើមយក​មេដាយ ប៉ុន្តែ​រូបគេ​បាន​ប្តេ​ជា្ញ​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​តាម​ដែល​អាចធ្វើ​ទៅបាន ជាពិសេស​រូបគេ​ចង់​ឈ្នះ​ក្រុម​ដែល​ហ្វឹកហាត់​រួមគ្នា​នៅ​ប្រទេស​ថៃ ដើម្បី​បំបែក​កំណាត់​ចាស់​របស់ខ្លួន ក៏ដូចជា​ប្រទេសជាតិ​។ កីឡាការិនី​រូបនេះ​បានចាត់ទុក​សហរដ្ឋអាមេរិក​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​គេ ព្រោះ​ប្រទេស​នេះ​តែងតែ​ដណ្តើមបាន​មេដាយមាស​ពី​ព្រឹត្តិការណ៍​នេះ​។

​កីឡាការិនី ហែម ថុ​ន​វិ​ទិ​នី បញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ជាមួយនឹង​បច្ចេកទេស​ដែល​បាន​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​។ ខ្ញុំ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​នូវ​អ្វីដែល​ខ្ញុំ​មាន ទោះបី​ការប្រកួត​នេះ​វា​ពិបាក​ក្នុងការ​ដណ្តើមយក​មេដាយ​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​ចង់​ឈ្នះ​អ្នក​ដែល​នៅក្នុង​ក្រុម​ដែល​ហ្វឹកហាត់​នៅ​ថៃ​ជាមួយ​ខ្ញុំ​»​។​


​នេះ​ជា​លើក​ទី​៣​ហើយ​សម្រាប់​កីឡាការិនី​ហែល​ទឹក ថែម ថុ​ន​វិ​ទិ​នី ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នេះ ព្រោះ​រូបគេ​ធ្លាប់បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ពីរដង​រួចមកហើយ ដោយ​លើក​ទី​១​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន និង​លើក​ទី​២​នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស ប៉ុន្តែ​មិន​ទទួលបាន​មេដាយ​នោះទេ​។

​គួរ​បញ្ជាក់ថា បេក្ខភាព​កម្ពុជា​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន​៦​នាក់​រួមមាន​កីឡាការិនី ចូ​វ សុធា​រ៉ា​, ស៊ន សៀវ​ម៉ី​, ហែម ថុ​ន​វិ​ទិ​នី​, លី ណា​រី​, កីឡាករ ពូ សុវិជ្ជា និង​កីឡាករ នី​កូ​។ សម្រាប់​កីឡាការិនី ចូ​វ សុធា​រ៉ា​, ស៊ន សៀវ​ម៉ី​, និង​កីឡាការិនី ហែម ថុ​ន​វិ​ទិ​នី នឹង​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​២៨ ខែកក្កដា នា​វេលា​ម៉ោង​៤​រសៀល​ខាងមុខនេះ​៕     






Tag:
 ចូ​វ សុធា​រ៉ា​
 ​ស៊ន សៀវ​ម៉ី​
 ​ ហែម ថុ​ន​វិ​ទិ​នី​
  កីឡា​អូឡាំពិក​
© រក្សាសិទ្ធិដោយ thmeythmey.com