អន្តរជាតិ
អេ​ហ្ស៊ី​ប ៖ ឪពុក​រៀបការ​កូនប្រុស ១២ ឆ្នាំ​ជាមួយ​ក្មេងស្រី ១០ ឆ្នាំ ដើម្បី​ប្រមូល​លុយ​ចំណងដៃ​
27, Jul 2016 , 9:19 am        
រូបភាព
ដោយ: ធីតា
 ​ក្មេងប្រុស​ជា​សិស្សសាលា​អាយុ ១២ ឆ្នាំ​ម្នា​ក់បាន​រៀបការ​ជាមួយនឹង​ក្មេងស្រី​អាយុ ១០ ឆ្នាំ ដែលជា​ញាតិសន្តាន​របស់ខ្លួន ព្រោះតែ​ឪពុក​ចង់​ប្រមូល​លុយ​ចំណងដៃ​មកវិញ​។ ពួកគេ​ទាំងពីរ​ត្រូវបាន​ចាត់ទុកថា ជា​គូ​ស្វាមីភរិយា​ដ៏​វ័យក្មេង​បំផុត​ក្នុង​ពិភពលោក​។​

 
Faris Abdul Aziz បាន​រៀបការ​ជា​មួយគូ​ដណ្តឹង និង​ជា​ញាតិសន្តាន​របស់ខ្លួន​អាយុ ១០ ឆ្នាំឈ្មោះ Nancy នៅក្នុង​ភូមិ​មួយ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង Cairo កាលពី​ថ្ងៃ​សុក្រ​នេះ ដោយមាន​ភ្ញៀវ​អញ្ជើញ​ចូលរួម​រាប់រយ​នាក់​។ សារព័ត៌មាន​ក្នុងស្រុក​បាន​ស្រង់​សម្តី​របស់​ឪពុក​កូនប្រុស​ថា គាត់​សម្រេចចិត្ត​រៀបចំ​ពិធីមង្គលការ​នេះ​មុន​កំណត់ ពីព្រោះ​គាត់​មានបំណង​ប្រមូលយក​ចំណងដៃ​វិញ​។ កន្លងមក គាត់​បាន​ចងដៃ​អ្នកភូមិ​ជាច្រើន​រយ​នាក់​មកហើយ វា​ដល់ពេល​វេលា​ហើយ​ដែល​គាត់​ត្រូវយក​មកវិញ​។​
 
​គូ​ស្វាមីភរិយា​វ័យក្មេង​នេះ​មិនបាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ទេ ដោយសារ​ពួកគេ​មិនទាន់​គ្រប់​អាយុ ១៨ ឆ្នាំ​នៅឡើយ​។ គ្រួសារ​ទាំងពីរ​បានត្រឹមតែ​ចុះកិច្ចសន្យា​មួយ​ជាមួយគ្នា​ប៉ុណ្ណោះ​។ មេធាវី​ជនជាតិ​អេ​ហ្ស៊ី​បម្នាក់​បាន​ចាត់ទុកថា គ្រួសារ​ទាំងសង្ខាង​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ព្រោះ​ពួកគេ​បាន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​របស់​ក្មេង​៕
 
​ប្រភព​៖ Emirates News

© រក្សាសិទ្ធិដោយ thmeythmey.com