អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ស្ត្រីដំបូងក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​​តំណាងបក្សប្រជាធិបតេយ្យ
27, Jul 2016 , 10:47 am        
រូបភាព
ដោយ: ថ្មីៗ
​ចុងក្រោយ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ការតែងតាំង​ពី​បក្ស​ជា​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ​ក្នុង​សមាជ​បក្ស​ថ្ងៃ​អង្គារ​ទី ២៦ កក្កដា នៅ​រដ្ឋ Pennsylvania ។ អ្វី​សំខាន់ អតីតរដ្ឋមន្ត្រី​ការបរទេស​នេះ​បានក្លាយ​បេក្ខជន​ប្រធានាធិបតី​ស្ត្រី​តំណាង​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​នាពេល​ជាង​២០០​ឆ្នាំ​មកនេះ​។​

​ក្រោយ​ចំណាយពេល​យ៉ាងច្រើន និង​ឆ្លងកាត់​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ជាមួយ​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont លោក ប៊ែ​នី សេន​ដឺ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ការតែងតាំង​ពី​បក្ស​ជា​ផ្លូវការ​ហើយ​ក្នុង​សមាជ​បក្ស​នៅ​ទីក្រុង Philadelphia ។   វា​ក្លាយជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​អាមេរិក​ហើយ ដែល​អ្នកនយោបាយ​ស្ត្រី​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​បក្សនយោបាយ​ធំៗ​។
 
​យោងតាម​ទីភ្នាក់ងារ ព័ត៌មាន Reuters មុន​មានការ​សម្រេច​ការតែងតាំង គូប្រជែង​លោកស្រី លោក ប៊ែ​នី សេន​ដឺ បាន​ថ្លែងប្រាប់​ប្រធាន​សមាជ​បក្ស ឲ្យ​ជ្រើសរើស​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ជា​បេក្ខជន​តំណាង​បក្ស​សម្រាប់​ប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​។ នេះ​មានន័យថា លោកស្រី ត្រូវ​ប្រកួតប្រជែង​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ ៨​ខែវិច្ឆិកា​ខាងមុខ​។ 
 
​សូមបញ្ជាក់​បន្តិច​ដែរ តាមរយៈ​ការប្រកួតប្រជែង​ក្នុង​បក្ស​កន្លងមក លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន រកបាន​ប្រតិភូ​ចំនួន​រហូតដល់ ២៨៤២ ច្រើនជាង​ចំនួន​កំណត់ ២៣៨៣​។ ចំណែក​លោក ប៊ែ​នី សេន​ដឺ បានទទួល​ប្រតិភូ​ត្រឹម ១៨៦៥​ប៉ុណ្ណោះ​។   
 
​ត្រលប់​មកវិញ មុន​មានការ​ប្រកាស​តែងតាំង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន លោក ប៊ែ​នី សេន​ដឺ ក៏បាន​កោតសរសើរ​លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ហើយ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ក៏ដូចជា​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ទូទៅ​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នៅពេល​ខាងមុខ​។ លោក​សង្កត់ធ្ងន់ថា បក្ស​ប្រជាធិបតេយ្យ​ចាំបាច់​ត្រូវ​ផ្តួល​លោក ដូ​ណា​ល់ ត្រាំ ហើយ​លោកស្រី គ្លី​ន​តុ​ន ត្រូវតែ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​។ ​គេ​ចាត់ទុកថា វាជាសកម្មភាព​មួយ​ដើម្បី​ជួយ​បង្រួបបង្រួម​បក្ស និង​ឈានទៅ​ផ្តួល​បក្ស​សាធារណរដ្ឋ​ដែល​ដឹកនាំ​ដោយ​លោក ដូ​ណា​ល់ ត្រាំ​។​
 
​ម្សិលមិញ​នេះដែរ ស្ត្រី​ទីមួយ​លោកស្រី Michelle Obama ក៏បាន​ចេញមុខ​ផ្តល់​សុន្ទរកថា​ក្នុង​សមាជ​បក្ស​ដែរ ដោយ​លោកស្រី​បាន​សម្តែង​ការគាំទ្រ​និង​កោតសរសើរ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ហើយ​វាយប្រហារ​លោក ដូ​ណា​ល់ ត្រាំ ដោយ​ប្រយោល​។ លោកស្រី បាន​បញ្ជាក់ថា អតីតរដ្ឋមន្ត្រី​ការបរទេស​ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​ជំនាន់​ក្រោយ​ជឿជាក់ថា ស្ត្រី​ម្នាក់​អាច​ក្លាយជា​ប្រធានាធិបតី​អាមេរិក​បានដែរ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ សុន្ទរកថា​រយៈពេល​ជាង ១០​នាទី​របស់​លោកស្រី Michelle បានធ្វើ​ឲ្យ​អ្នកទស្សនា​សរសើរ​ឥត​ដាច់​ពី​មាត់ ហើយ​សុន្ទរកថា​នេះ​ជួយ​លើក​ប្រជាប្រិយភាព​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​ទម្លាក់​ប្រជាប្រិយភាព​លោក ដូ​ណា​ល់ ត្រាំ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com