អន្តរជាតិ
តួ​ក​គី​ទារលុយ​ពី​អឺរ៉ុប​ជុំវិញ​បញ្ហា​ជនភៀសខ្លួន ក្រោយ​អឺរ៉ុប​រិះគន់​រឿង​រដ្ឋប្រហារ​
27, Jul 2016 , 2:24 pm        
រូបភាព
​ភាព​តានតឹង​រវាង​តួ​ក​គី និង​អឺរ៉ុប កាន់តែ​ឡើងក​ម្ដៅ​ហើយ បន្ទាប់ពី​អឺរ៉ុប​រិះគន់ និង​ព្រមាន​បង្អាក់​ការចូល​ជា​សមាជិក​របស់​តួ​ក​គី ត្បិត​តួ​ក​គី ចង់​អនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ ក្រោយ​ការធ្វើ​រដ្ឋប្រហារ​មិន​ជោគជ័យ​ថ្ងៃទី​១៥ ខែកក្កដា​។ តួ​ក​គី បាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​រឿងនេះ និង​បាន​ទារលុយ​ពី​សហភាព​អឺរ៉ុប ដែល​សន្យា​ឲ្យ​តួ​ក​គី​ក្នុង​កិច្ចព្រមព្រៀង​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​។​



​នៅក្រោយ​ការរិះគន់​របស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ជុំវិញ​បញ្ហា​នៅ​តួ​ក​គី ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​ឆ្លើយតប​នឹង​ការរិះគន់​នេះ​យ៉ាងខ្លាំង​។ ប្រធានាធិបតី​តួ​ក​គី បានស្នើ​ឲ្យ​សហភាព​អឺរ៉ុប បង់ប្រាក់​ដែល​ខ្លួន​បាន​សន្យា​ទៅ​ក្រុង​អង់កា​រ៉ា ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ជន​ភៀស​ខ្លូន​រវាង​តួ​ក​គី និង​អឺរ៉ុប ក្នុង​គោលដៅ​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន និង​ជួយ​សាងសង់​លំនៅដ្ឋាន​ដល់​ជនភៀសខ្លួន​នៅ​តួ​ក​គី​។

​ក្នុងន័យ​រិះគន់​អឺរ៉ុប លោក​ប្រធានាធិបតី Erdogan និយាយថា តួ​ក​គី​មិនទាន់​បានទទួល​លុយ​ចំនួន​៣.៣​ពាន់​លាន​ដុល្លារ ជា​ជំនួយ​សន្យា​ផ្ដល់​ដោយ​អឺរ៉ុប​នោះទេ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ARD លោក Erdogan បាន​បញ្ជាក់ថា​៖«​សួរ​ពួកគេ (​អឺរ៉ុប​) ទៅ​! តើ​ពួកគេ​មាន​បង់ប្រាក់​ឬ​នៅ​? ប៉ុន្តែ​ជនភៀសខ្លួន​បី​លាន​នាក់ បន្ត​នៅ​តួ​ក​គី​នៅឡើយ​។ តើ​មានរឿង​អ្វី​កើតឡើង ប្រសិនបើ​យើង​ឲ្យ​ពួកគេ ហូរ​ទៅ​អឺរ៉ុប​?»

​បើតាម​សារព័ត៌មាន Sputnik ប្រធានាធិបតី​តួ​ក​គី​បន្ថែមថា សហភាព​អឺរ៉ុប​មិន​ស្មោះត្រង់​នោះទេ​។ ប្រធានាធិបតី​រូបនេះ​ថែមទាំង​អះអាងថា ការសាងសង់​លំនៅដ្ឋាន និង​ការជួយ​ផ្សេងៗ​ដល់​ជនភៀសខ្លួន​មកពី​ស៊ី​រី និង​អ៊ីរ៉ាក់ តម្រូវ​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី​ចំណាយលុយ​ដល់​ទៅ​ជាង​១១​ពាន់​លាន​ដុល្លារ​ឯណោះ​។ ទាក់ទិន​ការអនុញ្ញាត​ឲ្យ​ប្រជាជន​តួ​ក​គី​ចូល​អឺរ៉ុប​មិនចាំបាច់​មាន​ទិដ្ឋាការ​នោះ លោក Erdogan ជឿថា អឺរ៉ុប ក៏​មិន​ធ្វើតាម​ការប្ដេជ្ញាចិត្ត​រប​ស់​ខ្លួន​នោះដែរ​។ 

​សូម​រម្លឹកថា ថ្លែង​តាម​ទូរទស្សន៍​បារាំង France 2 ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​កឺ (Jean-Claude Juncker) រិះគន់​ការ​បោសសម្អាត​របស់លោក Erdogan ក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​។ លោក បញ្ជាក់ថា​៖« ខ្ញុំ​ជឿថា ក្នុងស្ថានភាព​បច្ចុប្បន្ន តួ​ក​គី គឺ​មិនអាច​ក្លាយជា​សមាជិក​អឺរ៉ុប​បានទេ ហើយ​រយៈពេល​វែង​ទៅមុខ ក៏​អ៊ីចឹង​ដែរ​»​។ លោក​បន្តថា ប្រសិនបើ​តួ​ក​គី នៅតែ​អនុវត្ត​ទោស​ប្រហារជីវិត អឺរ៉ុប​នឹង​បញ្ឈប់​ការចូល​ជា​សមាជិក​របស់​តួ​ក​គី​មិនខានឡើយ​។​

​ភ្លាមៗ​ក្រោយ​ការលើកឡើង​ដូចនេះ រដ្ឋមន្ត្រីការបរទេស​តួ​ក​គី ក៏បាន​ឆ្លើយតប​នឹង​ការព្រមាន​របស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​វិញ​ដែរ​។  រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក Mevlut Cavusoglu បាន​ប្រាប់ Haberturk TV ថា អឺរ៉ុប មិនអាច​គំរាម​តួ​ក​គី ដោយសារតែ​ការអនុវត្ត​ទោស​ប្រហារជីវិត​ឡើងវិញ​បានទេ​៕   


Tag:
 ​តួ​ក​គី​
  ​អឺរ៉ុប​
 ​ ជនភៀសខ្លួន​
  ​រដ្ឋប្រហារ​
© រក្សាសិទ្ធិដោយ thmeythmey.com