អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
គោលជំហរ​កម្ពុជា​ជួយ​រក្សា​ផលប្រយោជន៍ «​អាស៊ាន​-​រដ្ឋ​អាស៊ាន ជាមួយ​ចិន​ទាំង​សេដ្ឋកិច្ច និង​ការទូត​»?
27, Jul 2016 , 5:30 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា
ដោយ:
 
 
​ការរួបរួម​ក្នុង​សំឡេង​តែមួយ​របស់​អាស៊ាន​ដើម្បី​ប្រឈម​បញ្ហា​រួម គឺជា​កត្តា​មួយ​ដ៏​សាវ​ន្ត័​ដែល​អាច​ជំរុញ​ឲ្យ​អង្គការ​អន្តររដ្ឋាភិបាល​ក្នុង​តំបន់​មួយ​នេះ​អាច​ធានា​ពី​ចីរភាព​របស់ខ្លួន​បាន​។ តែ​ទន្ទឹម​ការរួបរួម​គ្នា​នេះ អាស៊ាន ក៏​គួរតែមាន​គោលនយោបាយ​តុល្យភាព​ជាមួយនឹង​ដៃគូ​សន្ទនា​របស់ខ្លួន​ដើម្បី​អាច​ធានា​ឲ្យ​បាន​នូវ​ទាំង​ផលប្រយោជន៍ និង​ការកសាង​ទំនាក់ទំនង​យូរអង្វែង​ផងដែរ​។ ជាក់ស្តែង​នោះ គោលនយោបាយ​អាស៊ាន​ជាមួយនឹង​ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន ហើយក៏​ជា​ភាគី​ជម្លោះ​ដ៏​ធំ​ជាមួយនឹង​សមាជិក​ខ្លួន ត្រូវតែមាន​ការថ្លឹងថ្លែង​ដើម្បី​ចៀសវាង​ពី​ការ​ខាត​ប្រយោជន៍ ដែល​ហៅថា Negative Sum Game​។ ដោយឡែក​សម្រាប់​សេចក្តីថ្លែងការណ៍​រួម​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤៩​វិញ មាន​លក្ខណៈ​ល្អប្រសើរ​កម្រិតណា​ដែរ​ចំពោះ​ទំនាក់ទំនង​ចិន​និង​អាស៊ាន​?


 
​រដ្ឋមន្ត្រី​ការ​បរ​ទស​អាស៊ាន​នៅ​ថ្ងៃ​ចន្ទ​ទី​២៥ ខែកក្កដា កន្លងទៅ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​(Joint Communiqué)  ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤៩ ក្នុង​ក្រុង​វៀងចន្ទន៍ ប្រកបដោយ​ផ្លែផ្កា​។ តែ​មុនពេល​នឹង​ចេញ​ជា​លទ្ធផល​នេះ ក្រុង​វៀង​ង​ចន្ទន៍ បាន​ក្លាយជា​សមរភូមិ​ការទូត​មួយ​ដ៏​ក្តៅ​ដែល​កើត​ផ្ទុះ​ចេញពី​ជំហរ​ផ្សេងគ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​នោះ លើ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​របស់​ហ្វីលីពីន​។ ភាពចម្រូងចម្រាស​នោះ​គឺ កម្ពុជា បន្ត​រក្សា​គោលជំហរ​មិន​ប្រែប្រួល​ក្នុងការ​បដិសេធ​មិន​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​រួម​ឡើយ ប្រសិន ហ្វីលីពីន ដែល​ប្រកៀក​ស្មារ​ជាមួយនឹង​វៀតណាម ចង់​ដាក់​បទបញ្ញត្តិ​ទាក់ទង​នឹង​សាលក្រម​នោះ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​អាស៊ាន​ដើម្បី​ជា​យន្តការ​លើ​ការវិវត្ត​នៃ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ​។ 
 
​យ៉ាងណា​ក៏ដោយចុះ ព្យុះភ្លៀង​ការទូត និង​ចំណោទបញ្ហា​ដែលថា​ប្រវត្តិសាស្ត្រ​អាស៊ាន​អាច​នឹង​ជាន់​ដាន​ចាស់​ដូច​ឆ្នាំ​២០១២​ក្នុងការ​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​ដោយសារ​ការខ្វែងគំនិត​គ្នា​លើ​បញ្ហា​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​បង្ហាញ និង​បញ្ចប់ ដោយ​សមាជិក​ទាំង​ដប់ បាន​សម្របសម្រួល​គ្នា​ហើយ​ផ្តើម​ពង្រឹង​សាមគ្គីភាព និង​ឯកច្ឆន្ទ​ភាព​ឡើងវិញ​ដើម្បី​រក្សា​ផលប្រយោជន៍ និង​ទំនាក់ទំនង​។ សក្ខីកម្ម​ត្រូវបាន​បង្ហាញ​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤៩ សេចក្តីថ្លែងការណ៍​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​ស្តីពី​ការរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សេចក្តីថ្លែងការណ៍​រួម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​លើ​ការអនុវត្ត​ឲ្យ​បាន​ពេញលេញ និង​ប្រសិទ្ធភាព​នៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DoC)​។ 
 
​សូម​រម្លឹក​ជាថ្មី​ផងដែរ​ថា មុនពេល​នៃ​ការចេញ​សេចក្តីថ្លែងការណ៍​នេះ កម្ពុជា ដែល​មិនមែនជា​ភាគី​ជម្លោះ​ផលប្រយោជន៍​សមុទ្រ​ចិន​ខាងត្បូង​អ្វី​សោះ បាន​រង​ការរិះគន់​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​អន្តរជាតិ និង​កាសែត​បរទេស​មួយចំនួន ដោយ​ពួកគេ​មើលឃើញថា ជំហរ​កម្ពុជា មាន​លក្ខណៈ​លម្អៀង និង​ផ្គាប់ចិត្ត​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​មួយ​នៅក្នុង​តំបន់​។ ការរិះគន់​បន្ត​កើតឡើង​កាន់តែខ្លាំង បន្ទាប់ពី​ចិន​បានប្រកាស​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ប្រមាណ​៦០០​លាន​ដុល្លារ​សម្រាប់​រយៈពេល​៣​ឆ្នាំ ដែល​ក្រុង​ប៉េកាំង បាន​បញ្ជាក់ថា​ជំនួយ​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ឡើយ តែ​ដើម្បី​ជួយ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សង្គម​។ 
 
​ត្រឡប់មក​និយាយ​វិញ​ពី​គោលជំហរ​កម្ពុជា​នោះ​គឺ កម្ពុជា បានប្រកាស​ជាង​មួយខែ​មុន​ការប្រកាស​សាលក្រម​របស់​ម​ជ្ឈ​ត្ត​កម្ម​អន្តរជាតិ​ក្រុងឡាអេ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា កម្ពុជា​មិន​ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​ពាក់ព័ន្ធ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ឡើយ បើទោះបី​លទ្ធផល​នោះ​សម្រេច​ឲ្យ​ចិន​ឬ​ហ្វីលីពីន ឈ្នះ​ក៏ដោយ​។ 
 
​បន្ថែម​ពីនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បញ្ជាក់​ផងដែរ​ថា កម្ពុជា មាន​ជំហរ​បី​ចំណុច​លើ​បញ្ហា​នេះ​។ សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន នៅ​ថ្ងៃទី​២០​ខែមិថុនា​កន្លងទៅ បាន​ថ្លែង​បញ្ជាក់​ពី​គោលជំហរ​របស់​កម្ពុជា​បី​ចំណុច​ដែល​សម្តេច អះអាងថា​ជា​គោលជំហរ​អ​ព្យា​ក្រឹត្យ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ជំហរ​ទាំងនោះ គឺ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ (១) ដោយ​ប្រើ​យន្តការ​អាស៊ាន​-​ចិន ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(DoC) (២) ខិតខំ​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(CoC)​រវាង​អាស៊ាន​-​ចិន និង (៣) ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ ដោយ​ជជែក​ពិភាក្សាគ្នា​ដោយផ្ទាល់​។​
 
​គួរ​ដល់ពេល​បញ្ឈប់​គំនិត​ទុ​ទ្ទិ​ដិ្ឋ​និយម​ខ្លះ​លើ​ជំហរ​កម្ពុជា​ទាក់ទង​គោលនយោបាយ​ការបរទេស​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​? 
​យ៉ាងណា​ក៏ដោយចុះ ចម្លើយ បានបញ្ជាក់​យ៉ាងច្បាស់​តាមរយៈ​សក្ខីកម្ម​ខាងលើ​គឺ សេចក្តីថ្លែងការណ៍​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន មិនមាន​អ្វី​ខុសគ្នា​ទៅនឹង​គោលជំហរ​របស់​កម្ពុជា​ឡើយ​។ ជាងនេះទៅទៀត វា ក៏មាន​ន័យ​ដែរ​ថា សម​ទ្ធិ​ផល​កម្ពុជា​ក្នុងពេល​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០០២ ក៏​នៅតែ​បន្ត​លើក​ឡើងជា​មូលដ្ឋាន​ដ៏​សារ​វ​ន្ត័​សម្រាប់​ជា​យន្តការ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​មិន​ត្រឹមតែ​រវាង​ចិន និង​ហ្វីលីពីន​ប៉ុ​ណ្ណោ​នោះទេ តែ​សម្រាប់​ភាគី​ជម្លោះ​ផ្សេងទៀត​ដែល​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី និង​វៀតណាម​ផងដែរ​។ 
 
​ផ្ទុយទៅវិញ បើ​សមាជិក​អាស៊ាន​ជម្នះ​ដាក់បញ្ចូល​បទ​ញ្ញត្តិ​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​សេចក្តីថ្លែងការណ៍ គឺ​អាស៊ាន​ត្រូវតែ​ទទួល​នូវ​លទ្ធផល​មួយ​ដែល​បានដឹង​ទុកជាមុន គឺ​ការជាន់​ដាន​ប្រវត្តិសាស្ត្រ​ឆ្នាំ​២០១២​។ ហើយ​នេះ វា មិន​ត្រឹមតែ​បង្ហាញ​ពី​កម្សោយ​នៃ​ស្ថាប័ន​ប៉ុណ្ណោះ​នោះទេ តែ វា ក៏​ផ្តល់​ព្យសនកម្ម​ដល់​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចិន​ផងដែរ ដ្បិត​ជំហរ​នោះ បានបង្ហាញ​ពី​ការចូលរួម​ប្រឆាំង​ចិន​ដូច្នេះ​ឯង​។ នេះ ក៏​មិនមែន​មានន័យ​ដែរ​ថា មិន​ចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​សាលក្រម គឺ​ដើម្បី​ផ្គាប់​ចិន​ដែរ តែ​ដើម្បី​ទុក​ឱកាស​ឲ្យ​ចិន​និង​ហ្វីលីពីន ឬ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដោះស្រាយ​ជាមួយគ្នា​ដោយផ្ទាល់​ដូចដែល​បានបញ្ជាក់​នៅក្នុង​ប្រការ​៤ និង​៥​នៃ DoC​។​
 
​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​១២ ខែកក្កដា​កន្លងទៅ តុលាការអន្តរជាតិ​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ បានប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​ហ្វីលីពីន​ដោយ​បកស្រាយ​ថា​ការទាមទារ​ដោយ​ប្រើ​ផែនទី​ប្រាំបួន​ត្រេ​របស់​ចិន​(Nine- dash-line) និង​សកម្មភាព​មួយចំនួន​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ឡើយ ពោលគឺ​សកម្មភាព​របស់​ចិន បាន​បំពាន​នឹង​ច្បាប់​។​
 
​ចិន បានប្រកាស​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ថា ចិន មិន​ទទួលស្គាល់​យុត្តាធិការ​របស់​ម​ជ្ឈ​ត្ត​កម្ម​អន្តរជាតិ​នោះទេ និង​ថែមទាំង​ប្រកាស​មោឃ​ភាពជា​លក្ខណៈ​ឯកតោភាគី​ទៀតផង​។ អ្វីដែល​ចិន​អាចធ្វើ​បាន​នោះ​គឺ ដោះស្រាយ​តាម​ការចរចា និង​ពិគ្រោះ​យោបល់​ជា​លក្ខណៈ​ទ្វេភាគី​។ បន្ថែម​ពីនេះ ចិន ប្រកាសថា មិន​បោះបង់​សំណង់​របស់ខ្លួន​នៅក្នុង​តំបន់​ជម្លោះ​ដោយ​ពាក់​កណ្តាលផ្លូវ ហើយនឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ការពារ​ដែន​អធិបតេយ្យ និង​ការ​គំរាម​ផ្សេងៗ​ទៀតផង​ដែរ​។ គេ​អាច​និយាយបានថា «​កុំ​ឈ្លោះ​ជាមួយ​ស្រី កុំ​ក្តី​ជាមួយ​ចិន​»​។  
 
​នយោបាយ និង​សេដ្ឋកិច្ច​រវាង​អាស៊ាន​-​ចិន ដើរ​ជាមួយគ្នា​
​ដូច​បានបញ្ជាក់ បើទោះជា​ចិន​មិនដែល​ទទួលស្គាល់​ពី​យុត្តាធិការ​របស់​ម​ជ្ឈ​ត្ត​កម្ម​អន្តរជាតិ​ក៏ដោយ ចិន ក៏​មិនដែល​នៅ​ស្ងៀម​ឲ្យ​មជ្ឈដ្ឋាន​អន្តរជាតិ បន្ទោស​ខ្លួន ពោលគឺ​ត្រឹមតែ​សាលក្រម​របស់​តុលាការអន្តរជាតិ បានធ្វើ​ឲ្យ​ចិន បាក់មុខ​នៅក្នុង​សហគមន៍​អន្តរជាតិ​មិនតិច​នោះទេ​។ ក្នុងន័យនេះ ប្រសិនបើ​អាស៊ាន ចូលរួម​ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង​ចិន​ទៀត​នោះ វា នឹងធ្វើ​ចិន កាន់តែ​នៅ​មិន​ស្ងៀម និង​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​អាស៊ាន​-​ចិន និង​ចិន​ជាមួយ​រដ្ឋ​អាស៊ាន​នីមួយៗ​ទៀតផង​ដែរ ជាពិសេស​នោះ គឺ​ផលប្រយោជន៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​តែម្តង​។​
 
​សូម​ជម្រាប​ផងដែរ​ថា ចិន បាន​ចាប់ដំណើរការ​នៃ​ការសុំ​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​នៅ​ឆ្នាំ​១៩៩១ និង​បាន​ក្លាយជា​ដៃគូ​សន្ទនា​ពេញសិទ្ធិ​នៅ​ឆ្នាំ​១៩៩៦​។ ជា​រឿង​ដែល​មិនអាច​ប្រកែក​បាន​នោះ រយៈពេល​ជាង​២​ទសវត្សរ៍​មកនេះ ចិន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អាស៊ាន និង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​តាម​ការអះអាង​របស់​លោក Xu Bu អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាស៊ាន ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​មកកាន់​អាស៊ាន បាន​កើន​ដល់​៤៧២​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ដែល​ទំហំ​នេះ ធ្វើ​ឲ្យ​ចិន នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាស៊ាន​ដដែល​ខណៈ​ទំហំ ពាណិជ​ម្ម​អាស៊ាន​ទៅកាន់​ចិន នៅ​លំដាប់​ទី​៣​ដដែល​ផងដែរ​នោះ​។ ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ អាស៊ាន​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។ និយាយ​ឲ្យ​ខ្លី​ទៅ ដង្ហើម​សេដ្ឋកិច្ច​អាស៊ាន ពឹងផ្អែក​ទៅលើ​ចិន​ខ្លាំង​។ 
 
​បើ​ក្រឡេក​ទៅ​មើល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​អាស៊ាន​វិញ​ម្តងនោះ យើង​ឃើញថា កម្ពុជា មាន​ទំហំ​ពាណិជ្ជកម្ម​តូច​ជាង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​នោះទេ​។ បើ​យោងតាម Focus Economics (​ស្ថាប័ន​ព្យាករណ៍​សេដ្ឋកិច្ច​មួយ​ដ៏​ល្បី​ដែលមាន​ទីស្នាក់ការ​កណ្តា​ល​នៅ Barcelona នៃ​ប្រទេស​អេ​ស្ប៉ា​ញ​) ប្រទេស​សមាជិក​អាស៊ាន​មាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ចិន​នៅក្នុង​ឆ្នាំ​២០១៥ (​គិតតែ​ការនាំ​ចេញទៅ​ចិន​)​ក្នុង​ទំហំ​ដូចជា ព្រុយ​ណេ ១.៤​ពាន់​លាន​ដុល្លារ​, កម្ពុជា ៣.៨​ពាន់​លាន​ដុល្លារ​, ឥណ្ឌូនេស៊ី ៣៤.៣ ពាន់​លាន​ដុល្លារ​, ឡាវ ១.៣ ពាន់​លាន​ដុល្លារ​, មី​យ៉ាន់​ម៉ា ៩.៤ ពាន់​លាន​ដុល្លារ​, ម៉ាឡេស៊ី ៤៤.២ ពាន់​លាន​ដុល្លារ​, ហ្វីលីពីន ២៦.៧​ពាន់​លាន​ដុល្លារ​, សិង្ហ​បុរី ៥៣.១ ពាន់​លាន​ដុល្លារ ថៃ ៣៨.៣ ពាន់​លាន​ដុល្លារ និង​វៀតណាម ៦៦.៤ ពាន់​លាន​ដុល្លារ​។ នេះ ក៏មាន​ន័យ​ដែរ​ថា បើ​ទំនាក់ទំនង​អាស៊ាន និង​ចិន មិនល្អ​នោះ ប្រទេស​ដែល​ប៉ះពាល់​ខ្លាំងជាងគេ​មិនមែន​កម្ពុជា​ឡើយ តែ​ប្រទេស​អាស៊ាន​មួយចំនួន​ដែលមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធំ​ជាមួយនឹង​ចិន​នោះទេ​។  
 
​ក្រៅពី​ទំនាក់ទំនង​ពាណិជ្ជកម្ម តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន អាស៊ាន និង​រដ្ឋ​អាស៊ាន ក៏​ទទួលបាន​ផលប្រយោជន៍​ជាច្រើន ពី​គម្រោង និង​គំនិត​ផ្តួចផ្តើម​ដែល​បង្កើតឡើង​ដោយ​ចិន​ក្នុង​ដំណើរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​អាស៊ាន​ផងដែរ​។ គំនិត​ផ្តួចផ្តើម​ទាំងនោះ មានដូចជា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ និង​វិថី​មួយ (OBOR = One Belt One Road)  ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ  (RCEP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ដែល​ចិន និង​អាស៊ាន គ្រោង​នឹង​បញ្ចប់​ការចរចា​នៅ​ឆ្នាំ​២០១៦​នេះ​ជាដើម​៕
 

Tag:
 កម្ពុជា​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com