អន្តរជាតិ
កាន់តំណែង​បាន​ជាង​១​ថ្ងៃ លោកស្រី​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ព្រមាន​ចិន និង​កូរ៉េខាងជើង
05, Aug 2016 , 10:52 am        
រូបភាព
លោក Tomomi Inada រដ្ឋមន្ត្រីក្រសួងការពារជាតិ​ថ្មីរបស់ជប៉ុន។ រូបថត Zuma Press
លោក Tomomi Inada រដ្ឋមន្ត្រីក្រសួងការពារជាតិ​ថ្មីរបស់ជប៉ុន។ រូបថត Zuma Press
​ចូលកាន់​តំណែង​មិនទាន់បាន​ពីរ​ថ្ងៃ​ស្រួលបួល​ផង​នោះ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​ថ្មី បានចេញ​សារ​ព្រមាន​ខ្លាំងៗ​ទៅ​គូប្រជែង​ស្រួចស្រាល់ និង​ជា​អ្នកជិតខាង​ចំនួន​ពីរ គឺ​ចិន និង​កូរ៉េខាងជើង​។ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន បានលើកឡើង​ពី​សកម្មភាព​បង្កហេតុ​ជា​ញឹកញយ​របស់​កូរ៉េខាងជើង និង​ការប្រើប្រាស់​កម្លាំងយោធារ​បស់​ចិន នៅ​តំបន់​ដែនសមុទ្រ​មាន​ជម្លោះ​។​



​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​របស់​ជប៉ុន លោកស្រី Tomomi Inada ដែល​ទើប​ទទួល​ការតែងតាំង​ពី​នាយករ​ដ្ឋ​មន្ត្រី ស៊ីន​ហ្សូ អា​បេ បាន​ផ្ញើ​សារ​ទៅ​កូរ៉េខាងជើង និង​ចិន ដែល​តែងតែ​ធ្វើ​សកម្មភាព​នាំ​ឲ្យ​ស្ថានភាព​តំបន់​ទាំងមូល ឈានទៅរក​ការតានតឹង​ម្ដង​ហើយ​ម្ដងទៀត​។ មួយរយៈ​ពេល​ចុង​ក្រោយនេះ កូរ៉េខាងជើង បាន​បញ្ចេញ​អាកប្បកិរិយា​ផ្គើន​នឹង​អន្តរជាតិ តាមរយៈ​ការបាញ់​មី​ស៊ី​ល​របស់​ខ្លូន ខណៈ​ក្រុង​ប៉េកាំង បាន​បញ្ចេញ​សាច់ដុំ​យោធា​នៅ​តំបន់​ជម្លោះ​ជាមួយ​ប្រទេស​ដទៃទៀត​។ 

​លោកស្រី Tomomi Inada ត្រូវ​តែងតាំង​ជា​ប្រមុខ​ការពារជាតិ​ថ្មី តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ដែល​ធ្លាក់ចូល​ដែនទឹក​ជប៉ុន​ជា​លើកដំបូង​។ ថ្លែង​ទៅកាន់​ក្រុម​ទាហាន នៅក្រោយ​ការត្រួត​ពល​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ថ្មី លោកស្រី Inada និយាយថា កូរ៉េខាងជើង តែងតែ​បង្ករឿង​ម្ដង​ហើយ​ម្ដងទៀត ដូចជា​ការសាកល្បង​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជាដើម​។

​សូម​រម្លឹកថា នៅ​ថ្ងៃទី​៣ ខែសីហា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​មធ្យម ដែល​ធ្លាក់​ក្នុង​ដែនសមុទ្រ​ជប៉ុន​។ ហើយ​នោះ​ក៏​ជា​លើកទីមួយ ដែល​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​កូរ៉េខាងជើង ធ្លាក់​ក្នុង​បរិវេណ​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ​របស់​ជប៉ុន ខណៈដែល​ស្ថានការណ៍​នៅក្នុង​តំបន់​នេះ កំពុងតែ​តានតឹង​ដោយសារ​ការបាញ់​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់​ក្រុង​ព្យុងយ៉ាង​ស្រាប់​ហើយ​នោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មិន​ត្រឹមតែ​ព្រមាន​កូរ៉េខាងជើង​ទេ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ក៏បាន​ព្រមាន​ក្រុង​ប៉េកាំង​ចំពោះ​ជំហរ​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ផងដែរ​។ លោកស្រី Inada បញ្ជាក់ថា ចិន​បាន​បង្កើន​សកម្មភាពរ​បស់​ខ្លួន​ទាំង​នៅ​សមុទ្រ និង​ដែនអាកាស​នៅ​ជុំវិញ​ជប៉ុន ហើយ​ចិន កំពុងតែ​ប៉ុនប៉ង​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​នៅ​តំបន់​ទាំងនោះ តាមរយៈ​ការប្រើប្រាស់​កម្លាំងយោធា​។​

​ការរិះគន់​នេះ ធ្វើឡើង​ស្របពេល​ដែល​មហា​យក្ស​ចិន កំពុង​ពង្រឹងកម្លាំង​យោធា​របស់​ខ្លួន ជាពិសេស​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​ទាមទារ​ដែនសមុទ្រ​ស្ទើរ​ទាំងស្រុង​។ មិន​ត្រឹមតែ​សមុទ្រ​ចិន​ខាងត្បូង ជប៉ុន និង​ចិន ក៏​មើលមុខ​គ្នា​មិនត្រូវ​ដោយសារតែ​ជម្លោះទឹកដី​រ៉ាំរ៉ៃ​លើ​កោះ Senkaku នៅ​សមុទ្រ​ចិន​ខាងកើត​៕


Tag:
 ជប៉ុន​
 ​ ចិន​
 ​ កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com