ជាតិ
ក្រសួងការបរទេស​ខ្មែរហាមឃាត់​ លោក ហុង លីម មិនឲ្យចូលប្រទេស​កម្ពុជា
10, Aug 2016 , 2:37 pm        
រូបភាព
លោក ហុង លីម តំណាងរាស្រ្ត ដើមកំណើតខ្មែរ
លោក ហុង លីម តំណាងរាស្រ្ត ដើមកំណើតខ្មែរ
ដោយ: ថ្មីៗ
 ទីបំផុត​ ក្រសួង​ការបរទេស​កម្ពុជា​បានប្រកាស​មិនទទួលស្វាគមន៍​លោក ហុង លីម តំណាងរាស្ត្រអូស្រ្តាលី​ ដើមកំណើតខ្មែរ ឲ្យចូលក្នុង​ប្រទេស​កម្ពុជាឡើយ។ សេចក្តីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើងនៅថ្ងៃទី​១០ខែសីហានេះ តាម​រយៈសេចក្តីប្រកាស​ដែលចាត់ទុកលោក ហុង លីម ជាជនដែល«មិនត្រូវបាន​ស្វាគមន៍» (Persona non grata)។



ក្រសួងការបរទេស​កម្ពុុជា​បាន​ធ្វើ​សេចក្តីសម្រេចនេះ បន្ទាប់ពី​លោក ហុង លីម បាន​ធ្វើ​អត្ថាធិប្បាយ​នៅលើរលកធាតុអាកាសនៃវិទ្យុអាស៊ីសេរី​នៅថ្ងៃទី​៤​ខែសីហា ចាត់ទុក​ប្រទេស​កម្ពុជា​ដូចរបប​តិរច្ឆាន។ ក្រសួងការបរទេស​បានថ្លែងថ្កោលទោស លោក ហុង លីម យ៉ាង​ខ្លាំង ហើយបានបញ្ជាក់ថា លោក ហុង លីម កំពុង​តែ​ប្រមាថ​ប្រជាជាតិ​កម្ពុជាទៀតផង។ 

«ក្រសួង​ការបរទេស​ថ្កោលទោស​ដាច់អហង្ការបុគ្គល​ឈ្មោះ ហុង លីម ចំពោះការ​និយាយ​បង្ខូចកិត្តិយស ដែលផ្ទុយពីការ​ពិត​ជាក់ស្តែង​នៅ​កម្ពុជា»។ នេះជា​ការបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស ដោយ​បន្ត​យ៉ាង​ដូច្នេះ​ថា៖«ការ​ប្រមាថ​របស់​បុគ្គល ហុង លីម ចំពោះប្រជាជាតិ​កម្ពុជា បានជំរុញ​ឲ្យ​ក្រសួង​ការបរទេស​សម្រេច​ចាត់ទុកបុគ្គលនេះ ជាជន​មិនត្រូវបាន​ស្វាគមន៍»។

ទោះយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍​​ដដែលនេះ ក្រសួងការបរទេស​ថ្លែងសង្ឃឹមថា ការ​អត្ថាធិប្បាយ​របស់​លោកតំណាងរាស្ត្រអូស្រ្តាលី​ដើមកំណើតខ្មែរ មិនឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​ប្រជាជន​អូស្ត្រាលី និង​រដ្ឋាភិបាល​អូស្ត្រាលីដែល​កំពុង​មានទំនាក់ទំនង​ដ៏ល្អ​លើ​ច្រើន​វិស័យ​ជាមួយ​កម្ពុជានោះ​​ឡើយ។

ដូចក្តីសង្ឃឹមរបស់​កម្ពុជាមែន ស្ថានទូតអូស្ត្រាលីប្រចាំក​ម្ពុជា​បាន​ចេញថ្លែងការណ៍​មួយ​ភ្លាម​ៗដែរ បញ្ជាក់ថា លោក ហុង លីម មិនបាន​និយាយ​ក្នុងនាម​រដ្ឋាភិបាល និង​សភា​សហព័ន្ធរបស់ខ្លួនឡើយ ហើយថា​អូស្ត្រាលី​ក៏នៅតែ​ផ្តល់តម្លៃខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាងប្រទេសទាំងពីរ៕


© រក្សាសិទ្ធិដោយ thmeythmey.com