ជាតិ
ភរិយា​សព​លោក កែម ឡី ហាក់​គ្មាន​សង្ឃឹម​នឹង​ទទួលបាន​យុត្តិធម៌​
11, Aug 2016 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ លោកស្រី ប៊ូ រចនា ភរិយា​សព​លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ពុំមាន​សង្ឃឹមថា សមត្ថកិច្ច​នឹងរ​កវែ​កមុខ​ឃាតករ​នៅ​ពីក្រោយ​រឿង​ស្វាមី​លោកស្រី​ដែល​ត្រូវបាន​ឃាតក​បាញ់សម្លាប់ នៅក្នុង​ស្តា​ម៉ា​ត​មួយ (Star Mart) ស្ថិតនៅ​ជាប់​ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​ឡើយ​។​


​លោកស្រី ប៊ូ រចនា និង​កូនៗ បាន​រង់ចាំ​យុត្តិធម៌​នៃ​ឃាតកម្ម​លើ​ស្វាមី និង​ឪពុក​របស់​ពួកគេ អស់​រយៈពេល ១​ខែ មួយថ្ងៃ​ហើយ គិត​ចាប់ពី​ថ្ងៃទី​១០ ខែកក្កដា រហូតមកដល់​ថ្ងៃនេះ ។ បើទោះបីជា​ពេលវេលា កន្លងទៅ​១​ខែ​ហើយក៏​ពិតមែន  ប៉ុន្តែ​ទិដ្ឋភាព​នៃ​ការបាញ់សម្លាប់​លោក កែម ឡី នៅតែ​ដក់​ជាប់​ក្នុង​កែវភ្នែក​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​សាច់ញាតិ​របស់លោក​បណ្ឌិត កែម ឡី ។ លោកស្រី ប៊ូ រចនា នៅតែ​រង់ចាំ​យុត្តិធម៌ ខណៈ​រឿងរ៉ាវ​ទាំង​អម្បាលម៉ាន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ដ៏​សាហាវ​មួយ​នេះ នៅតែ​ត្រូវបាន​គេ​លើក​មក​ជជែក​ជា​រៀងរាល់ថ្ងៃ​។   
 
​តែ​យ៉ាងណា លោកស្រី​ពុំ ប៊ូ រចនា មិនមាន​សង្ឃឹមថា នឹង​ទទួល​យុត្តិធម៌​ឡើយ​។ លោកស្រី រចនា ដែល​នៅតែ​សោកសង្រេង និង​នឹករលឹក​ដល់​ស្វាមី​របស់ខ្លួន​យ៉ាងខ្លាំង​ផង​នោះ បាន​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី តាម​ទូរ​សព្ទ​យ៉ាងនេះ​ថា​៖«​ខ្ញុំ​គ្មាន​សង្ឃឹម​នឹង​ទទួល​យុត្តិធម៌​នោះទេ​»​។​
 
​សូមបញ្ជាក់ថា ក្រោយ​ទទួលមរណភាព សព​លោក កែម ឡី ត្រូវបាន​ដង្ហែ​ទៅ​តម្កល់ទុក​នៅ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ដែល​ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វា អស់​រយៈពេល​១៥​ថ្ងៃ​។ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ក្រុមគ្រួសារ និង​គណៈកម្មការ​រៀប​ចំ​បុណ្យ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បានរួម​គ្នា​ដង្ហែ​សព​លោក កែម ឡី យកទៅ​បញ្ចុះ​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលជា​ស្រុកកំណើត​របស់លោក​។ រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​ផ្សេងៗ នៅតែ​បន្ត​នាំគ្នា ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក កែម ឡី ដល់​ផ្នូរ​របស់លោក​៕
 

Tag:
 កែម ឡី​
  ប៊ូ រចនា
© រក្សាសិទ្ធិដោយ thmeythmey.com