អន្តរជាតិ
ព្យុងយ៉ាង​៖ យន្តហោះ B-2 អាមេរិក​ចូល​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​ត្រៀម​វាយ​កូរ៉េខាងជើង
11, Aug 2016 , 8:59 pm        
រូបភាព
​យន្តហោះ​បំបាំងកាយ​អាច​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ B-2 ចំនួន ៣​គ្រឿង​បាន​ហោះ​ចេញពី Missouri ទៅកាន់​មូលដ្ឋានទ័ព​អាមេរិក Andersen  នៅ​កោះ​ប៉ាស៊ីហ្វិក «​ហ្កា​ម​» (Guam) ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង ។ តែ​កូរ៉េខាងជើង​ចោទ​អាមេរិក​ថា​កំពុង​អនុវត្ត​ហាត់​សម​សម្រាប់​ត្រៀមខ្លួន​សម្រាប់​ការវាយប្រហារ​នុយក្លេអ៊ែរ​លើ​កូរ៉េខាងជើង​ផងដែរ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​ទីបញ្ជាការ​យុទ្ធសាស្ត្រ​អាមេរិក​បានប្រកាសថា យន្តហោះ​យុទ្ធសាស្ត្រ​អាច​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ B-2 ចំនួន ៣​គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​ទឹកដី​អាមេរិក​នៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក កោះ​ហ្កា​ម​រួចហើយ​តាំង​ពីថ្ងៃ​អង្គារ​ទី ៩​សីហា​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ទីបញ្ជាការ​ខាងលើ ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន Pacific Daily យន្តហោះ​បំបាំងកាយ B-2 ចំនួន ៣​គ្រឿង​នេះ​ហោះ​ចេញពី​រដ្ឋ Missouri ទៅកាន់​មូលដ្ឋានទ័ព​អាមេរិក Andersen នៅលើ​កោះ​ហ្កា​ម​។ យ៉ាងណាមិញ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាប័ន​ខាងលើ​មិនបាន​បញ្ជាក់​ច្បាស់​ថា  យន្តហោះ​យុទ្ធសាស្ត្រ​នឹងចូលរួម​ក្នុង​ប្រតិបត្តិការ​អ្វី​ឲ្យ​ប្រាកដ​ឡើយ​។ តែ​វា​បានបញ្ជាក់ B-2 នឹងមាន​វត្ត​មាននៅ​តំបន់​ប៉ាស៊ីហ្វិក​រយៈ​ខ្លី​ប៉ុណ្ណោះ ហើយ​វា​នឹងត្រូវ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការហ្វឹកហ្វឺន​យោធា​ថ្នាក់​តំបន់​ប៉ុណ្ណោះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​នោះ​បន្តថា​៖ «​យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​នឹងមាន​ទំនួល​ខុសត្រូវ​ក្នុង​ធានា​សមត្ថភាព​កំញើញ​សត្រូវ​ដែល​អាច​រក្សាបាន​នូវ​សន្តិសុខ​, ស្ថិរភាព និង​សន្តិភាព​របស់​អាមេរិក​និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​»​។​

​ទោះ​មិនមាន​ការបញ្ជាក់​ច្បាស់​ពី​ឈ្មោះ​ប្រតិបត្តិការ​យោធា​ក៏ដោយ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា ការពង្រាយ​យន្តហោះ​នេះ​ទៅកាន់​ទីកន្លែង​ខាងលើ គឺ​ដើម្បី​រៀបចំ​សមយុទ្ធ​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​រវាង​កូរ៉េខាងត្បូង​ជាមួយ​សហរដ្ឋអាមេរិក ដែល​សមយុទ្ធ​នេះ​នឹងត្រូវ​រៀបចំឡើង​នៅ​ចន្លោះ​ខែសីហា​និង​កញ្ញា​។​

​យ៉ាងណាមិញ ការចូលរួម​ក្នុង​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង​របស់​យន្ត​ហោះ B-2 ដែលមាន​តួនាទី​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ​នោះ បានធ្វើ​ឲ្យ​កូរ៉េខាងជើង​ខឹងសម្បារ​ខ្លាំង​ដែរ​។​ទាក់ទិន​បញ្ហា​នេះ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង  KCNA បាន​អះអាងថា វា​ជា​រឿង​ចាំបាច់​សម្រាប់​កូរ៉េខាងជើង​ក្នុងការ​តាមដាន​សកម្ម​ភាព​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន​នេះ​ព្រោះ​វា​មានការ​ពង្រាយ​សម្ភារៈ​យោធា​និង​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។ ហើយ​ស្ថាប័ន​ព័ត៌មាន​ក្រុង​ព្យុងយ៉ាង​នេះ​បាន​ហៅ​លំ​ហាត់​យោធា​ដោយមាន​ការចូលរួម​ពី​យន្តហោះ​យុទ្ធសាស្ត្រ​ទម្លាក់អាវុធ​នុយក្លេអ៊ែរ​នេះ​ថា​ការហាត់​សម និង​ត្រៀមខ្លួន​ជាមុន​ដើម្បី​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ប្រឆាំង​កូរ៉េខាងជើង​ផងដែរ​។

​ត្រលប់​មកវិញ ការបញ្ជូន​យន្តហោះ​B-2 ទៅកាន់​កោះ​ហ្កា​ម កើតឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ទីបញ្ជាការ​យោធា​បា​ស៊ី​ហ្វិ​ក​សម្រេច​ពង្រាយ​យន្តហោះ​យុទ្ធសាស្ត្រ​ទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ B-1 Lancer  រួមជាមួយ​ទ័ពអាកាស ៣០០​នាក់​ផង​នោះ​ទៅកាន់​កោះ​ហ្កា​ម​ដែរ​។​

​សូមបញ្ជាក់ថា យន្តហោះ B-2 របស់​អាមេរិក​ជា​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ដ៏​ទំនើប​បំផុត​មួយ​។ វា​អាច​បំបាំងកាយ​ផុតពី​ប្រព័ន្ធ​រ៉ា​ដា និង​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ដឹកជញ្ជូន​និង​ទម្លាក់អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។ វា​អាច​ហោះហើរ​បាន​ក្នុង​រយៈកម្ពស់​ប្រហែល ១៥ គីឡូម៉ែត្រ​ឯណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com