អង្គការសហប្រជាជាតិ (អ.ស.ប.)នៅកម្ពុជា ប្រារព្ធទិវាយុវជនអន្តរជាតិនៅថ្ងៃទី ១២ ខែ សីហា ដោយទទួលស្គាល់តួនាទីស្នូលរបស់ពលរដ្ឋវ័យក្មេងក្នុងការអភិវឌ្ឍនៅកម្ពុជា។ ប្រធានបទសម្រាប់ឆ្នាំនេះ “មាគ៌ាឆ្ពោះទៅឆ្នាំ ២០៣០៖ ការលុបបំបាត់ភាពក្រីក្រ និងការផលិតនិងប្រើប្រាស់ដោយចីរភាព” អំពាវនាវដល់អ្នកធ្វើសេចក្តីសម្រេចទាំងអស់នៅជុំវិញពិភពលោក ដែលរួមទាំងកម្ពុជាផងដែរ ឲ្យធ្វើការយ៉ាងសកម្មដើម្បីស្វែងរក និងគាំទ្រការចូលរួមយ៉ាងមានអត្ថន័យរបស់ពលរដ្ឋវ័យក្មេង នៅក្នុងការធ្វើសេចក្តីសម្រេច និងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
ទិវាយុវជនអន្តរជាតិនៅកម្ពុជា គឺជាទិវាមួយដែលផ្តោតលើទស្សនៈ និងកិច្ចផ្តួចផ្តើមរបស់ពលរដ្ឋវ័យក្មេង។ ទិវានេះត្រូវបានប្រារព្ធនៅជុំវិញពិភពលោក ដើម្បីទទួលស្គាល់សារៈសំខាន់នៃកិច្ចប្រឹងប្រែង កិច្ចសហការ និងការចូលរួមរបស់យុវជន នៅក្នុងការអភិវឌ្ឍ និងការលុបបំបាត់ភាពក្រីក្រ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសង្គមស៊ីវិល អ.ស.ប.នៅកម្ពុជា បានធ្វើការលើប្រធានបទសកលនានា ដូចជា “ការចូលរួមរបស់យុវជនក្នុងកិច្ចការស៊ីវិល” “យុវជន និងសុខភាពប្រាជ្ញាស្មារតី” និង “យុវជន និងចំណាកស្រុក”។
កាលពីឆ្នាំទៅ រដ្ឋជាសមាជិកអ.ស.ប. ដែលរួមទាំងកម្ពុជាផង បានអនុម័តជាឯកច្ឆ័ន្ទលើរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព - ដែលជារបៀបវារៈសកលដើម្បីកែប្រែពិភពលោក។ ក្នុងសេចក្តីថ្លែងការណ៍អំពីយុវជនពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន មានប្រសាសន៍ថា៖ “គ្មាននរណាម្នាក់ដឹងច្បាស់ជាងរូបអ្នកឡើយអំពីបញ្ហាប្រឈមនានា ឬ វិធីប្រសើរបំផុតសម្រាប់ការឆ្លើយតប។ នេះជាមូលហេតុដែលខ្ញុំអំពាវនាវដល់ពលរដ្ឋវ័យក្មេង ឲ្យសំដែងទស្សនៈរបស់ខ្លួន និងជំរុញដល់មេដឹកនាំឲ្យស្តាប់យុវជន។” ដូច្នេះ អនាគត ស្ថិតលើតុល្យភាពរវាងតម្រូវការចាំបាច់សម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗ។ ដើម្បីធ្វើឲ្យរបៀបវារៈអភិវឌ្ឍន៍ដោយចីរភាពក្លាយជាតថភាព ចាំបាច់ត្រូវមានការផ្លាស់ប្តូរសំខាន់មួយ។ យើងត្រូវធ្វើសេចក្តីសម្រេចអំពីការវិភាជន៍ធនធាន ទន្ទឹមនឹងចងចាំអំពីផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយៗ។ យើងត្រូវធ្វើការវិនិយោគលើវិស័យសង្គម ដែលកែលម្អភាពធន់របស់បុគ្គល និងសហគមន៍របស់ពួកគេ ហើយយើងត្រូវដាក់កាតព្វកិច្ចខាងសិទ្ធិមនុស្សឲ្យស្ថិតនៅជាស្នូលនៃការអភិវឌ្ឍ។
ពលរដ្ឋវ័យក្មេងកម្ពុជាបច្ចុប្បន្ននេះ គឺជាជំនាន់មនុស្សដែលនឹងដើរតួសំខាន់បំផុតក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅមុនឆ្នាំ ២០៣០ និងការមិនបន្សល់ទុកអ្នកណាម្នាក់នៅពីក្រោយឡើយនៅក្នុងដំណើរដ៏វែងឆ្ងាយនេះ។ ពលរដ្ឋវ័យក្មេង គឺជាអ្នកធ្វើឲ្យមានការផ្លាស់ប្តូរ មានអំណាចក្នុងការបង្កើតថ្មី ធ្វើសកម្មភាព និងកៀរគរអ្នកដទៃ។ ភាពស្ម័គ្រចិត្តរបស់យុវជន និងសកម្មជន កំពុងកើនឡើងនៅជុំវិញពិភពលោក ដោយសារតែលទ្ធភាពទូលំទូលាយជាងមុន ក្នុងការទទួលបានព័ត៌មានតាមរយៈការតភ្ជាប់ជាមួយបណ្តាញព័ត៌មានសង្គមលើពិភពលោក។ ជាមួយសេរីភាពក្នុងការអនុវត្តសិទ្ធិមនុសុ្សរបស់ខ្លួន និងការពង្រឹងភាពអង់អាច តាមរយៈចំណេះដឹងនេះ ពលរដ្ឋវ័យក្មេងបានបំពាក់នូវសមត្ថភាពដើម្បីជំរុញឲ្យមានការកែប្រែជាវិជ្ជមាននៅក្នុងសហគមន៍របស់ខ្លួន។
ដើម្បីប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំនេះ តាមរយៈក្រុមការងារយុវជនសហប្រជាជាតិ អ.ស.ប.នៅកម្ពុជាបានចូលរួមយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា តំណាងនានានៃសង្គមស៊ីវិល និងបណ្តាញយុវជន ដើម្បីរៀបចំពិធីរយៈពេលមួយថ្ងៃនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងរាជធានីភ្នំពេញ។ ពិធីដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “បង្កើតការងារសមរម្យសម្រាប់យុវជន ដើម្បីឈានទៅសម្រេចរបៀបវារៈឆ្នាំ ២០៣០ ដើម្បីអភិវឌ្ឍន៍ដោយចីរភាព” និងផ្តោតជាពិសេសលើវិស័យនានាដែលជាកង្វល់បន្ទាន់មួយចំពោះពលរដ្ឋវ័យក្មេង ដូចជា ការងារសមរម្យ ឱកាសក្នុងមុខរបរ ការសិក្សាបន្ថែមទៀត ការចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ច និងការទទួលផលពីកំណើនសេដ្ឋកិច្ច ទន្ទឹមនឹងមានសមភាពយេនឌ័រ។ ប្រធានបទទាំងនេះគឺជាសរសរស្តម្ភគន្លឹះដើម្បីការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។ ការពិភាក្សានឹងធ្វើឡើងអំពីតួនាទីរបស់ពលរដ្ឋវ័យក្មេង ក្នុងទីផ្សារការងារ តើពលរដ្ឋវ័យក្មេងអាចនាំយកទស្សនវិស័យថ្មីៗ និងការបង្កើតថ្មីដោយរបៀបណាទៅក្នុងសេដ្ឋកិច្ច និងតម្រូវការចាំបាច់ឲ្យមានការបណ្តុះបណ្តាលបែបបន្ស៊ាំជាបន្ត សម្រាប់ពង្រីកជំនាញរបស់ពលរដ្ឋវ័យក្មេង ដើម្បីពួកគេអាចទាញយកប្រយោជន៍បានពេញលេញពីភាគលាភប្រជាសាស្ត្រ។ ការសំដែង និងរបាំប្រពៃណីរបស់សិល្បករល្បីៗ នឹងមានចាត់ចែងឡើង ទន្ទឹមនឹងការជជែកគ្នាយ៉ាងសកម្មពីសំណាក់មេដឹកនាំវ័យក្មេងនៅពេញរយៈពេលមួយថ្ងៃនេះ។ ពលរដ្ឋវ័យក្មេងនឹងចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ អំពីរបៀបដែលពួកគេបានក្លាយជាអ្នកប្រាស្រ័យទាក់ទងយ៉ាងប៉ិនប្រសប់ អ្នកគិតគូរស៊ីជម្រៅ និងរបៀបដែលពួកគេបានពង្រីកវិសាលភាពក្នុងការប្រើប្រាស់ឱកាសដោយឡែកនានាសម្រាប់ការអភិវឌ្ឍ និងការងារនៅកម្ពុជា។
ចំពោះអ.ស.ប.នៅកម្ពុជា ការប្រារព្ធទិវាយុវជនអន្តរជាតិគឺជាឱកាសដោយឡែកមួយដើម្បីឆ្លុះបញ្ចាំងពី សារៈសំខាន់នៃការពង្រឹងភាពអង់អាចរបស់ពលរដ្ឋវ័យក្មេង ក្នុងការបំពេញសក្តានុពលរបស់ពួកគេ ដោយផ្តល់ឲ្យពួកគេនូវចំណេះដឹង និងឧបករណ៍នានា ដើម្បីក្លាយខ្លួនជាភ្នាក់ងារដែលមានឥទ្ធិពល មានវោហាសាស្ត្រ និងដែលផ្តល់ផល។ កត្តាសំខាន់ជាស្នូលនៅក្នុងកិច្ចប្រឹងប្រែងទាំងនេះ គឺការបន្តលើកកំពស់លទ្ធភាពក្នុងការសិក្សា ការទទួលបានសេវាកម្មសុខភាព និងសុខភាពបន្តពូជ នៅក្នុងបរិស្ថានមួយ ដែលពលរដ្ឋវ័យក្មេងប្រឈមនឹងគ្រប់ទម្រង់នៃការរើសអើង ជាពិសេស អំពើហិង្សាផ្លូវភេទ និងវិសមភាពយេនឌ័រ ពោលគឺហានិភ័យដែលរំខានចំពោះអនាគតរបស់ពួកគេ។ អន្តរាគមន៍រួមគ្នា មានសារៈសំខាន់ចាំបាច់ណាស់ ដើម្បីកាត់ផ្តាច់វដ្តនៃភាពក្រីក្ររវាងជំនាន់មនុស្ស ពង្រឹងភាពធន់របស់ប្រជាជន និងចាប់យកឱកាសដែលកំណើនសេដ្ឋកិច្ចផ្តល់ឲ្យប្រទេសនេះ។
អនាគតនឹងមានភាពភ្លឺស្វាង ហើយពលរដ្ឋវ័យក្មេងកម្ពុជាបានចាប់ផ្តើមជំរុញឲ្យមានការបង្កើតថ្មីខាងបច្ចេកវិទ្យារួចមកហើយ ដោយប្រកាន់យកជម្រើសប្រកបដោយការយល់ដឹង ដែលកំពុងមានឥទ្ធិពលជាសំខាន់មកលើទម្រង់នៃការងារ មុខរបរ ការប្រើប្រាស់ និងផលិតកម្ម ព្រមទាំងកំពុងកៀរគរទស្សនៈពីសាធារណៈជន ដើម្បីធ្វើឲ្យក្រុមហ៊ុន អង្គការ និងរដ្ឋាភិបាល កាន់តែមានការទទួលខុសត្រូវចំពោះសង្គមបានច្រើនជាងមុន។ នៅពេលពួកគេមានលទ្ធភាពច្រើនជាងមុនក្នុងការទទួលបានព័ត៌មាន អាហារូបករណ៍ ការណែនាំ ឱកាសដើម្បីចាប់ផ្តើមអាជីព និងវេទិកាសម្រាប់កិច្ចសហការ ពលរដ្ឋវ័យក្មេងកម្ពុជាដែលជាអ្នកច្នៃប្រឌិត បានបង្ហាញឲ្យឃើញរួចមកហើយនូវសមត្ថភាពរបស់ខ្លួនក្នុងការបំប្លែងគំនិតរបស់ខ្លួន ឲ្យក្លាយជាដំណោះស្រាយបែបថ្មីសម្រាប់ប្រទេសកម្ពុជា។
អ.ស.ប.នៅកម្ពុជា អំពាវនាវដល់រដ្ឋាភិបាល អ្នកធ្វើសេចក្តីសម្រេច វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នៅកម្ពុជា ឲ្យបន្តការគាំទ្ររបស់ខ្លួនដល់គោលនយោបាយនានាដែលលើកកំពស់ការអភិវឌ្ឍ ការងារ សុខភាព និងសិទ្ធិមនុស្សរបស់ពលរដ្ឋវ័យក្មេង។ ពលរដ្ឋវ័យក្មេងត្រូវតែចូលរួមជាភ្នាក់ងារដែលជំរុញឲ្យមានការផ្លាស់ប្តូរ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដោយសារពួកគេគឺជាជំនាន់មនុស្សដែលនឹងលុបបំបាត់ភាពក្រីក្រដាច់ខាតលើពិភពលោក និងធានាដល់និរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយនៅលើមាគ៌ាឆ្ពោះទៅឆ្នាំ ២០៣០ និងហួសពីនេះទៀត។
លោកស្រី Marie Odile Emond,អ្នកសម្របសម្រួលសហប្រជាជាតិស្តីទី ក្នុងនាមប្រព័ន្ធអ.ស.ប.នៅកម្ពុជា
បណ្ឌិត Derveeuw Marc G.L., អ្នកសម្របសម្រួលក្រុមការងារយុវជនសហប្រជាជាតិ