ជាតិ
លោក សាយ សំ​អាល់​៖«​ខ្ញុំ​ដាក់​ជីវិត​នយោបាយ​របស់ខ្ញុំ​ជាមួយ​ការអភិរក្ស​នេះហើយ​»
12, Aug 2016 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ថ្លែងថា លោក​បានដាក់​ជីវិត​នយោបាយ​របស់លោក​ទាំងអស់ ជាមួយ​ការ​អ​ភ​រិ​ក្ស​ព្រៃឈើ និង​សត្វព្រៃ​នៅ​កម្ពុជា​។ ការ​ថ្លែង​បែបនេះ គឺធ្វើឡើង​នៅក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ស្តីពី​គម្រោង​រេ​ដ​បូ​កនៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា នៅ​ក្រសួងបរិស្ថាន នា​រសៀល​ថ្ងៃទី​១១ ខែសីហា​។​



​លោក សាយ សំ​អាល់ បាន​ថ្លែង​នៅ​ចំពោះមុខ​មន្ត្រី​ក្រសួងបរិស្ថាន សហគមន៍​ការពារ​ព្រៃឈើ អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ក្រុមហ៊ុន​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួមទាំង​អ្នកសារព័ត៌មាន​ផង​ថា លោក​បានដាក់​ជីវិត​នយោបាយ​របស់លោក​ជាមួយ​ការអភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​នៅ​កម្ពុជា ខណៈ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការជួញដូរ​សត្វព្រៃ​កន្លងមក មាន​សភាព​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​។ រដ្ឋមន្ត្រី​ដែលមាន​វ័យក្មេង​ជាងគេ​រូបនេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ថ្ងៃនេះ ខ្ញុំ​និយាយ​ឲ្យ​អស់​ទៅ ខ្ញុំ​ដាក់​ជីវិត​នយោបាយ​របស់ខ្ញុំ​ទាំងអស់ ជាមួយ​រឿង​អភិរក្ស​នេះហើយ​»​។ ការ​ថ្លែង​បែបនេះ គឺ​បន្ទាប់ពី​លោក​បាន​សំណូម​ឲ្យ​អ្នក​អភិរក្ស​ទាំងអស់ ធ្វើលិខិត​បទដ្ឋាន​មួយ ដើម្បី​គ្រប់គ្រង​រួម ដែល​អាចជា​បុគ្គល ស្ថាប័ន និង​សង្គម ដើម្បី​អភិរក្ស​ដែនជម្រកសត្វព្រៃ និង​ចូលរួម​ផ្តល់យោបល់​ដោយ​គ្មាន​ការលាក់លៀម​ទៀតឡើយ​។

​លោក​បញ្ជាក់​បន្ថែមថា មាន​រឿងរ៉ាវ​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ដែល​ទាម​ទាម​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចាប់ដៃគ្នា ងាក​ទៅ​ទិស​ជាមួយ សហការគ្នា ដើម្បី​ធ្វើ​ការងារ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ ព្រមទាំង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍ ដែល​រស់នៅ​ជុំវិញ​តំបន់​អភិរក្ស​ឲ្យ​កាន់តែ​ប្រសើរ​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​មូលហេតុ​យ៉ាង​ដូច្នេះ​ថា​៖«​ការអភិរក្ស​នេះ មានរឿង​ខ្លះ​យើង​និយាយ​មិនត្រូវ​គ្នា និង​មិនអាច​ទៅមុខ ប្រទេស​កម្ពុជា​យើង​តូច​ណាស់ យើង​មិនអាច​ធ្វើបែបនេះ​បានទេ​»​។

​សូមបញ្ជាក់ថា ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រេ​ដ​បូក​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ជាមួយ​ក្រុមហ៊ុន​ឯកជន​នេះ កម្ពុជា​ទទួលបាន​ទឹកប្រាក់​ចំនួន​២​លាន​៦​សែន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​រយៈ​២​ឆ្នាំ ដោយ​គ្រាន់តែ​កម្ពុជា​ថែរក្សា​ព្រៃឈើ និង​សត្វព្រៃ​នៅ​តំបន់​អភិរក្ស​នេះ​ឲ្យ​បាន​គង់វង្ស​ប៉ុណ្ណោះ​។ គម្រោង​នេះ ត្រូវបាន​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មានការ​អបអ​រ​សាទរ ព្រមទាំង​សហគមន៍​នៅ​ជុំវិញ​ដែនជម្រកសត្វព្រៃ​ផងដែរ ដោយសារ​គម្រោង​ដ៏​ធំ​នេះ នឹង​កាត់បន្ថយ​បាន​មួយចំណែក​នៃ​ការកើនឡើង​កំដៅ​ផែនដី តាមរយៈ​ការបញ្ចេញ​ឧស្ម័ន​អុកស៊ីសែន​ពី​គម្រប​ព្រៃឈើ និង​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​៕ 


Tag:
 សាយ សំ​អាល់​
© រក្សាសិទ្ធិដោយ thmeythmey.com