កីឡាជាតិ
ជាតិ
RIO៖ ហែម ថុនវិទិនី បំបែក​កំណត់​ត្រា​ចាស់​របស់ខ្លួន​ក្នុងព្រឹត្តិការណ៍​អូឡាំពិក
12, Aug 2016 , 11:09 pm        
រូបភាព
វិទិនីនាពេលហ្វឹកហាត់។ រូបថត ហ្វេសប៊ុក NOCC
វិទិនីនាពេលហ្វឹកហាត់។ រូបថត ហ្វេសប៊ុក NOCC
ដោយ: រួបរួម
​កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ទិ​នី បាន​ប្រើថេរវេលា​២៩.៣៧វិនាទី នា​ការប្រកួត​វិញ្ញាសា​ហែល​ទឹក​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ដែលមាន​ការចូលរួម​ពី​កីឡាការិនី​សរុប​៩២​នាក់​នៅ​អាងទឹក Barra Olympic Park ក្នុង​ទីក្រុង Rio de Janeiro នា​រាត្រី​ថ្ងៃ​សុក្រ ទី​១២ ខែសីហា ឆ្នាំ​២០១៦ (ម៉ោងនៅកម្ពុជា)​។



សម្រាប់​ព្រឹត្តិការណ៍​នេះ វិ​ទិ​នី ស្ថិតនៅក្នុង Heat 4 ជាមួយ​កីឡាការិនី​មកពី​ម៉ា​យ​ក្រូ​នេ​ស៊ី ម៉ាឡាវី សេ​នេ​ហ្គា​ល់ កោះ​ម៉ា​ហ្សា​ល តង់​ហ្សា​នី ម៉ុង​ហ្គោ​លី និង​ប៉ា​លេ​ស្ទី​ន​។​ នៅក្នុងក្រុមនេះ វិទិនី ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី​៤ ដោយឈរពីលើ​កីឡាការិនីតង់ហ្សានី Magdalena Moshi, កីឡាការិនីម៉ាឡាវី Ammara Pinto កីឡាការិនីម៉ាយក្រូនេស៊ី Debra Baniel និងកីឡាការិនីសេនេហ្គាល់ Awa Ly Ndiaye ដែលបាន​បោះបង់ចោលការប្រកួត។

ចំពោះ​លទ្ធផល​ជារួម​ក្នុងការប្រកួតវិញ្ញាសាហែលចម្ងាយ​៥០ម៉ែត្រ នៅ Rio Olympic នេះ វិទិនី ស្ថិតក្នុងចំណាត់​ថ្នាក់​លេខ​៦៦ ក្នុងចំណោម​កីឡាការិនី​សរុប​៩២នាក់។ កីឡាការិនីកំពូល​ចំនួន​​១៦នាក់ឈាន​បន្ត​នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

នាព្រឹត្តិការណ៍​​អូឡាំពិក​ក្រុង​ឡុង​ដ៍​កាលពី​ឆ្នាំ​២០១២ វិ​ទី​នី សម្រេចបាន ៣០.៤៤​វិនាទី ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៥៧​ក្នុងចំណោម​អត្ត​ព​លិ​ក​៧៤​នាក់​។ កាលពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០១៥​នៅ​សិង្ហ​បុរី វិ​ទិ​នី​ប្រើ​ថេរវេលា ៣០.៦០​វិនាទី​។​

​សម្រាប់​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​៥០​ម៉ែត្រ​នេះ កីឡាការិនី​អាល្លឺម៉ង់ Britta Steffen គឺជា​ម្ចាស់​កំណត់ត្រា​ពិភពលោក (World Record) ដែល​ធ្វើបាន​សម្រេច​ក្នុង​រយៈពេល ២៣.៧៣​វិនាទី នា​ព្រឹត្តិការណ៍​ហែល​ទឹក​ពិភពលោក​ឆ្នាំ​២០០៩ នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​។ ចំពោះ​កំណត់ត្រា​អូឡាំពិក (Olympic Record) កីឡាការិនី​ហូ​ឡង់ Ranomi Kromowidjojo បាន​ប្រើ​ថេរវេលា ២៤.០៥​វិនាទី កាលពី​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០១២ នៅ​ទីក្រុង​ឡុង​ដ៍​។​


Tag:
 RIO2016
  ហែលទឹក
  ហែម ថុនវិទិនី
© រក្សាសិទ្ធិដោយ thmeythmey.com