អន្តរជាតិ
ចិន​ជួយ​ប៉ា​គី​ស្ថាន​យូរហើយ ដល់ពេល​ឥណ្ឌា​ជួយ​បំពាក់អាវុធ​វៀតណាម​ម្តង​
15, Aug 2016 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ខែកញ្ញា​ខាងមុខ លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នឹង​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ទីមួយ​ក្នុងពេល ១៥​ឆ្នាំ​ដែល​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​វៀតណាម​។ ការផ្គត់ផ្គង់​អាវុធ​ពី​ឥណ្ឌា និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ និង​សន្តិសុខ​ទ្វេភាគី​នោះ​ជា​ប្រធានបទ​ស្នូល​នៃ​ទស្សនកិច្ច​នេះ​។ មហា​យក្ស​ចិន​ក៏​ចាំ​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ទស្សនកិច្ច​នេះ រួមទាំង​ការវិវត្ត​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជារួម​ផងដែរ​។​



​នៅ​ខាងដើម​កញ្ញា​ខាងមុខនេះ  ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នឹង​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​វៀតណាម មុន​បន្តទៅ​ចូលរួម​កិច្ចប្រជុំ​ប្រទេស ២០ នៅ​ចិន និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​នៅ​ឡាវ​ផង​។​

​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម​នា​ខែកញ្ញា​នេះ​នឹង​ក្លាយជា​ទស្សនកិច្ច​លើកដំបូង​បំផុត​របស់​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​រយៈពេល ១៥ ឆ្នាំ​មកនេះ ហើយ​វា​នឹង​ផ្តោត​សំខាន់​លើ​វិស័យ​ការពារជាតិ​និង​សន្តិសុខ​ជារួម​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​បើតាម​សារព័ត៌មាន India Today លោក នា​រិ​ន្ទ្រា​ម៉ូ​ឌី នឹង​ពិភាក្សា​ជាមួយ​សម​ភាគី​វៀតណាម​ពាក់ព័ន្ធ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ និង​សន្តិសុខ ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ ហើយ​អ្វីដែល​សំខាន់​ភាគី​ទាំងពីរ​នឹង​បន្ត​ចរចា​គ្នា​រឿង​ផ្គត់ផ្គង់​សព្វាវុធ​និង​សាងសង់​ស្ថានីយ៍​ផ្ទុក​រូបភាព​ផ្កាយរណប​ដែល​អាច​ឃ្លាំមើល​ស្ថានភាព​ជារួម​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​នោះ​។​

១.​ចិន​រង់​ចាំមើល​សកម្ម​ភាព​ឥណ្ឌា​និង​វៀតណាម​
​វត្តមាន​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​នៅ​វៀតណាម​ជា​ក្តីបារម្ភ​របស់​ចិន​ដែរ​។ ក្រៅពី​មាន​ជម្លោះព្រំដែន​ជាមួយ​ចិន មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​នេះ​តែងតែ​ជួយ​ឈឺឆ្អាល​និង​តស៊ូ​មតិ​ដើម្បី​ការពារ​សេរីភាព​នាវាចរណ៍​ផ្លូវ​សមុទ្រ​និង​គោរព​ច្បាប់​សមុទ្រ​ក្នុងការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នោះ​។

​ខណៈដែល​ចិន​ទាត់ចោល​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ផង​នោះ ការ​ខិតជិត​គ្នា​រវាង​ឥណ្ឌា​ជាមួយ​ភាគី​ជម្លោះ​នោះ​ក្លាយជា​ជា​ក្តីកង្វល់​របស់​ក្រុង​ប៉េកាំង​ចៀស​មិន​ផុត​ឡើយ​។ ឥណ្ឌា​និង​វៀតណាម​អាច​នឹង​ចាប់ផ្តើម​ពង្រឹង​ការ​សហប្រតិបត្តិការ​គ្នា​ល្បាតផ្លូវ​សមុទ្រ​នៅពេល​ខាងមុខ​ផង​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក៏​អាច​ថា​បាន​។​ណាមួយ​ឥណ្ឌា​ក៏​នេះ​ក្លាយជា​អ្នកផ្គត់ផ្គង់​អាវុធ​ឲ្យ​វៀតណាម​ថែមទៀត​នាពេល​បច្ចុប្បន្ននេះ​។

២.​ចិន​ជួយ​ប៉ា​គី​ស្ថាន​យូរហើយ ដល់​ដែល​ឥណ្ឌា​ជួយ​វៀតណាម​ម្តង​
​ដូច​បានលើកឡើង​ខាងដើម​ស្រេច​ហើយ​ប្រធានបទ​សំខាន់​កិច្ចពិភាក្សា​រវាង​មេដឹកនាំ​វៀតណាម​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី នោះ គឺ​ការទិញ​លក់​អាវុធ​សព្វាវុធ​ពី​ឥណ្ឌា​។ ឥណ្ឌា​អាច​នឹង​ព្រម​លក់ នូវ​ប្រភេទ​សព្វាវុធ​ថ្មី​ក្នុងនោះ​មាន​ទាំង​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​ល្បឿន​លឿន BrahMos និង​ប្រភេទ​មី​ស៊ី​ល​ប្រឆាំង​នាវាមុជទឹក Varunastra  ឲ្យ​វៀតណាម​ផងដែរ​។​

​កន្លងមក រដ្ឋាភិបាល​វៀតណាម​បានបង្ហាញ​ចំណាប់អារម្មណ៍​រួចហើយ​ចំពោះ​ការនាំ​ចូល​មី​ស៊ី​ល​ផលិត​ក្នុងស្រុក​របស់​ឥណ្ឌា BraMos ដើម្បី​ពង្រឹងសមត្ថភាព​ការពារជាតិ​ខ្លួន​។ ហើយ​វៀតណាម​ក៏​ប្រហែលជា​ចាប់អារម្មណ៍​ប្រភេទ​មី​ស៊ី​លបាញ់​នាវាមុជទឹក Varunastra ដែរ ប៉ុន្តែ​ឥណ្ឌា​មិនទាន់​ប្រកាស​ដាក់លក់​សព្វាវុធ​នេះ​នៅលើ​ទីផ្សារ​អន្តរជាតិ​នៅឡើយ​ទេ​។​

​យ៉ាងណា​ក៏ដោយចុះ ឥណ្ឌា​មិន​បដិសេធ​ការលក់​អាវុធ​ឲ្យ​វៀតណាម​ឡើយ​។ ដូចដែល​បានដឹង​ស្រាប់​ហើយ ឥណ្ឌា​កំពុង​ព្យាយាម​ពង្រឹង​តួនាទី​របស់ខ្លួន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​តាមរយៈ​គោលនយោបាយ « សកម្មភាព​ភាគ​ខាងកើត​»  ហើយ​ឥណ្ឌា​ចង់​ផ្ចាញ់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ជួយ​បំពាក់អាវុធ​ប៉ា​គី​ស្ថាន​យូរ​មកហើយ​នោះ​។​

​ដោយឡែក ក្រៅពី​ផ្គត់ផ្គង់​អាវុធ ឥណ្ឌា​បានប្រកាស​ជួយ​វៀតណាម​សង់​ស្ថាន​នី​យ៍​ផ្ទុក​រូបភាព​ផ្កាយរណប​ដែល​អាច​ឃ្លាំង​មើល​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​។  កាលពីដើមឆ្នាំ ២០១៦ ឥណ្ឌា​ក៏បាន​ប្រកាស​ជួយ​សង់​ស្ថានីយ៍​ផ្ទុក​រូបភាព ដែល​ទាញ​បាន​ពី​ផ្កាយរណប​ស៊ើបការណ៍​របស់​ឥណ្ឌា​ផងដែរ ដើម្បី​ជួយ​សម្រួល​ដល់​ការឃ្លាំមើល​នានា​នៅ​តំបន់​។ កាលនោះ មន្ត្រី​ឥណ្ឌា​ទទួលបន្ទុក​ផ្នែក​កម្មវិធី​លំហរ​អាកាស​ម្នាក់​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា មជ្ឈមណ្ឌល​ដែល​ឥណ្ឌា​នឹង​សង់​ឲ្យ​វៀតណាម  នឹង​ជួយ​ឲ្យ​វៀតណាម​ទទួលបាន​រូបភាព ដែល​ថត​ដោយ​ផ្កាយរណប​របស់​ឥណ្ឌា​នៅលើ​អាកាស​ដោយ​មិនចាំបាច់​សុំ​ឥណ្ឌា​ជាមុន​ឡើយ ហើយ​ផ្កាយរណប​នេះ​អាច​ចាប់បាន​ទីតាំង​សំខាន់ៗ​ជាច្រើន​រួមទាំង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​វា​សម្រួល​ដល់​ការតាមដាន​សកម្មភាព​របស់​ភាគី ជាពិសេស​កម្ម​ភាព​យោ​ធូប​នីយកម្ម​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​ថែម​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com