អន្តរជាតិ
បងធំអាស៊ានឥណ្ឌូនេស៊ី បន្តកម្ទេចទូកនេសាទខុសច្បាប់ដែលចូលក្នុងដែនអធិបតេយ្យខ្លួន សកម្មភាពអាជ្ញាធរឥណ្ឌូនេស៊ី កម្ទេចទូកនេសាទខុសច្បាប់កាលពីខែមេសា (រូបភាពដោយ៖ Xinhua)
× អាជ្ញាធរឥណ្ឌូនេស៊ី បានពន្លិចទូកនេសាទខុសច្បាប់យ៉ាងតិចប្រាំបីគ្រឿងនៅថ្ងៃទី១៥ ខែសីហាម្សិលមិញ ដែលបានចូលនេសាទក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ការកម្ទេចនេះ គឺស្របជាមួយនឹងគោលនយោបាយក្នុងការបោសសម្អាតបទល្មើសនេសាទខុសច្បាប់ដែលតែងតែធ្វើឲ្យរដ្ឋបងធំអាស៊ាននេះ បាត់បង់ចំណូលជាតិជាច្រើនលានដុលា្លរ។
យ៉ាងហោចណាស់មានទូកនេសាទខុសច្បាប់ប្រាំបីគ្រឿងដែលមកពីប្រទេសហ្វីលីពីន ត្រូវបានកម្ទេចចោលដោយអាជ្ញាធរឥណ្ឌូនេស៊ីនៅឯឆ្នេរភាគខាងជើងនៃខេត្ត Maluku និងខេត្ត Sulawesi នៃប្រទេសឥណ្ឌូនេស៊ី។ តែការកម្ទេចនេះ ត្រូវបានអាជ្ញាធរអះអាងថាធ្វើឡើងតាមរយៈ ការពន្លិចទូកនេសាទទាំងនោះទៅក្នុងរណ្តៅ ជំនួសដោយការដាក់គ្រាប់បែកដូចពេលកន្លង ដែលបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Reuters ។
សូមជម្រាបផងដែរថា ឥណ្ឌូនេស៊ីដែលជាប្រទេសមានបណ្តុំកោះធំ និងច្រើនជាងគេរបស់ពិភពលោក បានចាប់ផ្តើមចាត់វិធានការតឹងរ៉ឹង ប្រឆាំងនឹងការនេសាទខុសច្បាប់ ចាប់តាំងពីលោកប្រធានាធិបតី ចូកូ វីដូដូ ឡើងកាន់តំណែងក្នុងឆ្នាំ២០១៤។
វិធានការនេះ ធ្វើឡើងក៏ដោយសារតែការនេសាទខុសច្បាប់ បានធ្វើឲ្យឥណ្ឌូនេស៊ីបាត់បង់ចំណូលជាតិជាច្រើនលានដុល្លារ ។ បើតាមការអះអាងរបស់មន្ត្រីឥណ្ឌូនេស៊ី សកម្មភាពនេសាទខុសច្បាប់ បានធ្វើឲ្យឥណ្ឌូនេស៊ី បាត់បង់ចំណូលរហូតដល់២៥ពាន់លានដុល្លារក្នុងមួយឆ្នាំឯណោះ។
កាលពីខែកុម្ភៈ និងមេសាកន្លងទៅ អាជ្ញាធរឥណ្ឌូនេស៊ី ក៏បានកម្ទេចទូកនេសាទរបស់ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាសរុប៥០គ្រឿង ដោយចោទថាចូលនេសាទដោយខុសច្បាប់ ក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ហើយកាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ឥណ្ឌូនេស៊ី ក៏បានមានការប្រឈមមុខគ្នាខ្លាំងជាមួយនឹងចិនលើបញ្ហានេសាទខុសច្បាប់របស់ពលរដ្ឋចិននៅក្នុងដែនអធិបតេយ្យសមុទ្ររបស់ខ្លួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com