អន្តរជាតិ
បងធំ​អាស៊ាន​ កម្ទេច​ទូក​នេសាទ​ខុសច្បាប់ ​វៀតណាម ​ចិន​...​សាទរ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ
18, Aug 2016 , 11:50 am        
រូបភាព
រូបភាពអាជ្ញាធរឥណ្ឌូនេស៊ីកម្ទេចទូកនេសាទ កាលពីខែមេសាកន្លងទៅ (ថតដោយ៖ Xinhua)
រូបភាពអាជ្ញាធរឥណ្ឌូនេស៊ីកម្ទេចទូកនេសាទ កាលពីខែមេសាកន្លងទៅ (ថតដោយ៖ Xinhua)
ដោយ:
​នៅ​ថ្ងៃទី​១៧ ខែសីហា​ម្សិលមិញ​នេះ សាធារណរដ្ឋ​ឥណ្ឌូនេស៊ី បាន​ប្រារព្ធ​ពិធី​«​បុណ្យ​ឯករាជ្យ​ជាតិ​»​លើក​ទី​៧១​។ នាឱកាស​នោះដែរ ក្រៅពី​ការលេង​ល្បែង​ប្រជាប្រិយ​បែប​ប្រពៃណី រដ្ឋ​បងធំ​អាស៊ាន​មួយ​នេះ ក៏បាន​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​បរទេស​រាប់សិប​គ្រឿង​ដើម្បី​ជាការ​សាទរ និង​បង្ហាញ​ពី​ឥទ្ធិពល​របស់ខ្លួន​ក្នុងការ​បោសសម្អាត​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​ផងដែរ​។



​រដ្ឋមន្ត្រី​ដែនសមុទ្រ និង​នេសាទ​ឥណ្ឌូនេស៊ី លោកស្រី Susi Pudjiastuti បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា អាជ្ញាធរ បាន​កម្ទេច​ទូក​នេសាទ​បរទេស​៦០​គ្រឿង ដែល​បាន​ចូល​នេសាទ​ខុសច្បាប់​នៅក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​ដោយ​ការ​ពន្លិច​ចោល នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៧១​ម្សិលមិញ​នេះ​។ ការកម្ទេច​ទូក​ទាំងនេះ ត្រូវបាន​លោកស្រី​បញ្ជាក់ថា ធ្វើឡើង​នៅក្នុង​ទីតាំង​ប្រាំបី​កន្លែង​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Jakarta Post​។ 

​នាឱកាស​នោះដែរ លោកស្រី​រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា «​យើង ពិតជា​យល់ដឹង​ពី​ផលប៉ះពាល់​(​ពី​ការកម្ទេច​ទូក​)​នៃ​ស្ថានភាព​ប្រឈមមុខគ្នា ហើយ ខ្ញុំ​គិតថា ចំណាត់ការ​នេះ​(​ការកម្ទេច​ទូក​) គឺជា​សារ​មួយ​ដ៏​ខ្លាំងក្លា​រួចទៅហើយ​សម្រាប់​ប្រទេស​បរទេស និង​ទូក​នេសាទ​របស់​ពួកគេ​»​។ លោកស្រី បន្ថែមថា សម្រាប់​ចំណាត់ការ​នៃ​ការកម្ទេច​ទូក​នាពេល​អនាគត នឹងត្រូវ​ធ្វើឡើង​តាម​មធ្យោបាយ​«​ដែល​មិន​ឲ្យ​លេច​លឺជា​សាធារណ​ខ្លាំង​នោះទេ​» តែ​ក៏​មិនមែន​មានន័យថា ឥណ្ឌូនេស៊ី បោះបង់​ជំហរ​ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់​ដែរ​។​

​តាមពិតទៅ​បើតាម​ប្រភពព័ត៌មាន The Jakarta Post រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ដំបូង​ឡើយ គ្រោង​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​៧១​គ្រឿង មកពី​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង ចិន នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៧១ តែ​ចំនួន​បាន​កាត់បន្ថយ ដោយ​រដ្ឋាភិបាល ទុក​ខ្លះ​ដើម្បី​កម្ទេច​នៅ​ទីតាំង​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​«​សារមន្ទីរ​នៃ​ការនេសាទ​ខុសច្បាប់​»​ជាមួយនឹង​អាមេរិក និង​ន័​រវេ​ស​។

​នៅ​ថ្ងៃទី​១៥ ខែសីហា កន្លងទៅ អាជ្ញាធរ​ឥណ្ឌូនេស៊ី ក៏បាន​ពន្លិច​ទូក​នេសាទ​ខុសច្បាប់​មកពី​ហ្វីលីពីន​ប្រាំបី​គ្រឿង​រួចទៅហើយ​។ ការកម្ទេច​ដោយ​ពន្លិច​ក្នុង​រណ្តៅ​ជំនួស​ដោយ​ការដាក់​គ្រាប់បែក​កម្ទេច​នាពេល​កន្លងមក ត្រូវបាន​អាជ្ញាធរ​អះអាងថា​ដើម្បី​ធានា​ពី​ការមិន​ប៉ះពាល់​ដល់​បរិស្ថាន​។

​សូម​ជម្រាប​ផងដែរ​ថា ឥណ្ឌូនេស៊ី បានចាប់ផ្តើម​ចាត់វិធានការ​តឹងរ៉ឹង ប្រឆាំងនឹង​ការនេសាទ​ខុសច្បាប់ ចាប់តាំងពី​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ឡើងកាន់តំណែង​ក្នុង​ឆ្នាំ​២០១៤​មក​។ វិធានការ​នេះ ធ្វើឡើង​ក៏​ដោយសារតែ​ការនេសាទ​ខុសច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូនេស៊ី​បាត់បង់​ចំណូល​ជាតិ​ជាច្រើន​លាន​ដុល្លារ ។ បើតាម​ការអះអាង​រប​ស់​មន្ត្រី​ឥណ្ឌូនេស៊ី សកម្មភាព​នេសាទ​ខុសច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូនេស៊ី បាត់បង់​ចំណូល​រហូតដល់​២៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ឯណោះ​។​

​បើ​គិត​ចាប់ពី​ឆ្នាំ​២០១៤​មក លោកស្រី​រដ្ឋមន្ត្រី​នេសាទ Pudjiastuti បានរៀបចំ​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​យ៉ាងតិច ២០០ គ្រឿង​រួចមកហើយ​។ ហើយ​ទូក​នេសាទ​ខុសច្បាប់​ទាំងនោះ ភាគច្រើន​មក ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង ចិន​។​

​អ្វី​គួរកត់សម្គាល់​នោះ ក្នុង​ថ្ងៃ​ផ្តល់​សុន្ទរកថា​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​១៦ ខែសីហា លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ក៏បាន​ប្តេជ្ញា​ការពារ​ដែន​អធិបតេយ្យ​ឥណ្ឌូនេស៊ី​សូម្បីតែ​«​មួយ​ចំណិត​»​មិន​ឲ្យ​អ្នកណា​បំពាន​បានឡើយ​៕


Tag:
 ​ឥណ្ឌូនេស៊ី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com