ជាតិ
របាយការណ៍​៖ កម្ពុ​ជាមាន​ជនអន្តោប្រវេសន៍​វៀតណាម​ជាង ១៦ ម៉ឺន​នាក់
19, Aug 2016 , 11:39 am        
រូបភាព
ដោយ:
​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​រកឃើញថា ជនអន្តោប្រវេសន៍ចំនួន ២៥ សញ្ជាតិ ​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា មាន​ចំនួន​សរុប ១៦០ ៨៧២ នាក់ ស្មើនឹង ៤៦,៥១៦ គ្រួសារ ដោយ​ក្នុងនោះ​មាន​ជនជាតិ​តិ​វៀតណាម ៩៩.៤៩ ភាគរយ​។

 
​ចំនួន​ជនជាតិ​វៀតណាម ៩៩.៤៩ ភាគរយ ឬ​ស្មើនឹង​ប្រមាណ ១៦០,០០០ នាក់​នៃ​ចំនួន​ជនអន្តោប្រវេសន៍​ទាំងអស់ ១៦០ ៨៧២ នាក់​ដែល​បាន​រកឃើញ​នេះ គឺជា​ស្ថិតិ​នៃ​ការ​ជំរឿន​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា​ទូទាំង​រាជធានី ខេត្ត របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំកន្លះ​មកនេះ​។ ហើយ​លទ្ធផល​ជំរឿន​ជនអន្តោប្រវេសន៍​ដែល​ធ្វើឡើង​ចាប់ពី​ខែមីនា ឆ្នាំ ២០១៥ ដល់​ខែសីហា ឆ្នាំ ២០១៦ នេះ ប្រកាស​ឲ្យ​ដឹង​ដោយ លោកនាយឧត្តមសេនីយ៍​ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​បូកសរុប​ជំហាន​ដំបូង ស្តីពី ការអនុវត្ត​បន្តការងារ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ក្នុងប្រទេស​កម្ពុជា នៅ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ 
 
​ទិន្នន័យ​នៃ​ចំនួន​ជនអន្តោប្រវេសន៍​ខាងលើ​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អះអាង​នៅក្នុង​របាយការណ៍​ថា ក្រុមការងារ​របស់ខ្លួន​បាន​ចុះ​ស្រង់​ស្ថិតិ និង​ជំរឿន​បានតែ​ជាង ៨៥ ភាគរយ​ប៉ុណ្ណោះ ពីព្រោះ​តែមាន​ជនអន្តោប្រវេសន៍​ខ្លះ​គេចវេស​មិន​មក​ស្រង់​ស្ថិតិ​ឡើងវិញ ហើយ​អ្នក​មួយចំនួនទៀត​ធ្វើដំណើរ​ទៅមក​ដើម្បី​រកស៊ី​នៅក្រៅ​ប្រទេស ជាពិសេស​ទៅ​ប្រទេស​វៀតណាម​។  
 
​លោកនាយឧត្តមសេនីយ៍ សុខ ផល ដែលជា​អ្នកអាន​របាយការណ៍​អន្តោប្រវេសន៍​នោះ បាន​បញ្ជាក់ថា ជនអន្តោប្រវេសន៍​ដែល​រស់នៅ​ច្រើនជាងគេ​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ១៦,៨៦០ គ្រួសារ មាន​មនុស្ស​ចំនួន ៥៤,៨០១ នាក់​, នៅ​ខេត្តកណ្តាល​មាន​ចំនួន ៦,៩៦៨ គ្រួសារ​មាន​មនុស្ស ២៦,៧២៤ នាក់​, នៅ​ខេត្ត​កំពង់​ឆ្នាំមាន​ចំនួន ៤,៦៧២ គ្រួសារ មាន​មនុស្ស ២០,៣៤១ នាក់ ខេត្តព្រៃវែង​ចំនួន ៤,៣៥៧ គ្រួសារ មាន​មនុស្ស ១៦,៣២៣ នាក់​។ ចំណែកខេត្តចំនួន ២១ ទៀត មានចំនួនជនអន្តោប្រវេសន៍ត្រឹម​តែ​ខ្ទង់រយ​គ្រួសារ​ប៉ុណ្ណោះ​។ 
 
​សូម​រម្លឹកថា លទ្ធផល​ជំរឿន​ជនអន្តោប្រវេសន៍ កាលពី​ឆ្នាំ ២០០២ មាន​ចំនូ​ន ១៩,៤៣៧ គ្រួសារ ដោយមាន​មនុស្ស​ចំនួន ៧០,០១២ នាក់​។ នៅ​ឆ្នាំ ២០១០ មាន​ជនអន្តោប្រវេសន៍​ចំនួន ២១,៧១៣ គ្រួសារ ស្មើនឹង​មនុស្ស​ចំនួន ១០០,០០០ នាក់​៕
 

Tag:
 មហាផ្ទៃ​
  អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com