ជាតិ
សង្គមជាតិ
រដ្ឋាភិបាលសម្រេចសើរើបរទេសកាន់អត្តសញ្ញាណបណ្ណខ្មែរ
×
ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ពិនិត្យសើរើការបំពេញឯកសាររដ្ឋបាល និងការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ជនអន្តោប្រវេសន៍ទាំងអស់ កន្លងទៅឡើងវិញ ដើម្បីឲ្យប្រាកដថា ពួកគេបានបំពេញឯកសារចូលសញ្ជាតិខ្មែរស្របច្បាប់។ នេះបើតាម លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
សូមស្តាប់ប្រសាសន៍លោក សុខ ផល ពន្យល់ពីនីតិវិធីសុំចូលសញ្ជាតិខ្មែរស្របច្បាប់៖
លោក សុខ ផល បានប្រាប់អ្នកសារព័ត៌មានក្រោយពីការបង្ហាញរបាយការណ៍ជំរឿនអន្តោប្រវេសន៍ លើកដំបូងថា រដ្ឋាភិបាលសម្រេចពុំទទួលស្គាល់ការបំពេញឯកសាររដ្ឋបាលសញ្ជាតិខ្មែរ និងការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរឲ្យជនបរទេស កន្លងទៅឡើយ។ លោកនិយាយថា ជនអន្តោប្រវេសន៍ទាំងអស់ ត្រូវចូលខ្លួនបំពេញឯកសារអន្តោប្រវេសន៍ឡើងវិញ ដើម្បីធានាថា ពួកគេរស់នៅស្របច្បាប់ ក្នុងប្រទេសកម្ពុជា។ ករណីជនអន្តោប្រវេសន៍គ្រប់សញ្ជាតិដែលចូលប្រទេសកម្ពុជាចាប់តាំងពីសម័យសង្គមរាស្ត្រនិយម រហូតដល់បច្ចុប្បន្ន ពុំស្ម័គ្រចិត្តចូលខ្លួនបំពេញឯកសារបញ្ជាក់ពីភាពស្របច្បាប់ឡើងវិញនោះទេ ពួកគេត្រូវតែចាកចេញពីកម្ពុជា។ លោកនាយឧត្តមសេនីយ៍ សុខ ផល បញ្ជាក់។
បើតាមលោក សុខ ផល ជនអន្តោប្រវេសន៍ទាំងអស់ត្រូវបំពេញឯកសារអន្តោប្រវេសន៍ឡើងវិញ ហើយជនអន្តោប្រវេសន៍បរទេសវ័យចំណាស់ អាចទទួលបានឯកសារស្របច្បាប់មានសុពលភាព រយៈពេល ៧ឆ្នាំ និងកុមាររយៈពេល ៣ឆ្នាំ។ លោក សុខ ផល លើកឡើងបែបនេះ ក្រោយពីកម្ពុជាបង្ហាញរបាយការណ៍ជំរឿនជនអន្តោប្រវេសន៍បរទេស ជាលើកដំបូង នៅថ្ងៃទី១៩ ខែសីហានេះ៕
Tag:
សុខ ផល
អន្តោប្រវេសន៍
ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com