English-Français
ជាតិ
ទីផ្សារ​អចលនទ្រព្យ​ទ្រឹង តែ​អ្នកជំនួញ​សង្ឃឹមលើ​ទីផ្សារ​អ្នក​ចូលនិវត្តន៍​បរទេស​
21, Aug 2016 , 10:00 am        
រូបភាព
​ភ្នំពេញ​៖ ស្ថានភាព​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ ហាក់បីដូចជា​នៅ​ទ្រឹង មានន័យថា ទីផ្សា​ទំនងជា​ខ្វះ​អ្នកទិញ ហើយ​អ្នកលក់​មាន​ចំនួន​ច្រើនពេក​។ និយាយ​ឲ្យ​ខ្លី គឺថា ការផ្គត់ផ្គង់​ច្រើន តែ​តម្រូវការ​តិច​។ លោក Anthony Galliano, អ្នកជំនួញ​ជនជាតិ​អាមេរិកកាំង​នៅ​កម្ពុជា​នៃ Group CEO  និង​ជា​អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Jump Digital Cambodia អត្ថាធិប្បាយ​ថា ទីផ្សារ​អចលនទ្រព្យ​ហាក់​នៅ​ទ្រឹង ហើយ​ការផ្គត់ផ្គង់​អាច​នឹង​ច្រើនជាង​តម្រូវការ​នៅ​ឆ្នាំ​ខាងមុខ​ទៀត​នេះ​។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​អង់គ្លេស​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង លោក Anthony Galliano, អ្នកជំនួញ​ជនជាតិ​អាមេរិកកាំង​នៅ​កម្ពុជា​នៃ Group CEO  និង​ជា​អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Jump Digital Cambodia ដូចតទៅ​៖




 
​ទីផ្សារ​អចលនទ្រព្យ​ចាប់ផ្តើម​ទ្រឹង ហើយ​ការផ្គត់ផ្គង់​នឹង​ច្រើន​លើស​តម្រូវការ​នៅ​ឆ្នាំ​ខាងមុខ ជាពិសេស នៅ​ទីក្រុង​ភ្នំពេញ​។ នេះ គឺជា​ការ​ទស្សន៍ទាយរ​ប​ស់លោក Anthony Galliano, អ្នកជំនួញ​ជនជាតិ​អាមេរិកកាំង​នៅ​កម្ពុជា​នៃ Group CEO  និង​ជា​អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម Jump Digital Cambodia ដែល​បានមក​បោះទុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ 
 
​សម្រាប់​លោក Anthony Galliano, ឥឡូវនេះ ការផ្គត់ផ្គង់​ក៏ដូចជា​ច្រើន​គួរសម​ណាស់ដែរ​។ ហើយ​វារឹតតែ​ច្រើន​ថែមទៀត​នៅ​១​ឆ្នាំ ឬ​២​ឆ្នាំ​ខាងមុខ​ទៀត​នេះ​។ លោក​គិតថា តម្លៃ​វា​នឹង​ចាប់ផ្តើម​ធ្លាក់ចុះ​នៅពេលដែល​ការ​ផ្ត​ត់​ផ្គង់​នឹង​ច្រើនជាង​តម្រូវការ​។ លោក Anthony Galliano កត់សម្គាល់ថា អ្នកវិនិយោគ​មិនគួរ​សាងសង់​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ទៀត​ទេ ព្រោះ​វា​ដូចជា​ច្រើន​ជ្រុ​ក​ពេក​ហើយ តែបើ​នៅតាម​ខេត្ត​មួយចំនួន​ដូចជា បាត់ដំបង សៀមរាប ក្រុងព្រះសីហនុ ឱកាស​ដូចជា​នៅមាន​ល្អ​។ 
 
​ទីផ្សារ​អចលនទ្រព្យ​ដូចជា​ប្រឈម​នឹង​បញ្ហា​ខ្លះ តែ​លោក Anthony Galliano ដូចជា​មិនមាន​គំនិត​ទុទិដ្ឋិនិយម​ខ្លាំងពេក​ទេ​។ សម្រាប់​រូបលោក តម្លៃ​អចលនទ្រព្យ​ថយចុះ អ្នកទិញ​រឹតតែ​មានឱកាស​កាន់តែ​ល្អ​។ លោក​ផ្តល់យោបល់​ថា​៖«​វារឹតតែ​ល្អ​សម្រាប់​អ្នកទិញ​ក្នុង​រយៈពេល​១ ឬ​២​ឆ្នាំ​ខាងមុខ​ទៀត​»​។ 
 
​ទោះបីជា​ទីផ្សារ​អចលនទ្រព្យ​ទំនងជា​ធ្លាក់ចុះ​នា​ថ្ងៃ​ខាងមុខ​ក៏ដោយ ក៏​លោក Anthony Galliano ដូចជា​នៅតែមាន​ក្តីសង្ឃឹម​ច្រើន​ទៅវិញ​។ ក្តីសង្ឃឹម​របស់លោក គឺ​ពឹងផ្អែក​នៅ​ទីផ្សារ​នៃ​អ្នក​ចូលនិវត្តន៍​ជនបរទេស ដូចជា ជនជាតិ​ជប៉ុន តៃវ៉ាន់​…​សម្រាប់​លោក Anthony Galliano, កម្ពុជា គឺជា​ទឹកដី​ល្អ​សម្រាប់​អ្នក​ចូលនិវត្តន៍​បរទេស ពីព្រោះ តម្លៃ​នៃ​ការរស់នៅ​កម្ពុជា​ថោក សុវត្ថិ​ភាពល្អ អាកាសធាតុ​ល្អ ឆ្នេរ​ល្អ ពលរដ្ឋ​ខ្មែរ​រាក់ទាក់​។ កាលពីមុន​ឡើយ អ្នក​ចូលនិវត្តន៍​បរទេស​ភា​គ​ច្រើន​សំឡឹងមើល​ដែនដី​នៃ​ប្រទេស​ថៃ តែ​ពេលនេះ ថៃ​ហាក់ដូចជា​ចាល់​ច្រើនពេក​សម្រាប់​អ្នក​ចូលនិវត្តន៍​បរទេស ដូច្នេះ បច្ចុប្បន្ននេះ អ្នក​ចូលនិវត្តន៍​បរទេស​កំ​ពុង​សំឡឹងមើល​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា ទី​ដែល​ពួកគេ​អាច​រស់​នៅបាន​ដ៏​សុខសាន្ត​។ សូមបញ្ជាក់ថា ជនបរទេស​អាច​ទិញ​ផ្ទះសម្បែង​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់ពី​ជាន់​ទី​១​ឡើងទៅ​។ ទីផ្សារ Condo គឺ​ឆ្លើយតប​យ៉ាងពិត​ប្រាកដ​ចំពោះ​តម្រូវការ​ជនបរទេស និង​ជាពិសេស អ្នក​ចូលនិវត្តន៍​បរទេស​៕ 

Tag:
 អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com