អន្តរជាតិ
លោក Duterte ប្រកាស​ដកតំណែង​មន្ត្រី​តែងតាំង​ទាំងអស់​ដោយសារ​រឿង​ពុករលួយ​
21, Aug 2016 , 11:00 pm        
រូបភាព
​លោក Rodrigo Duterte ត្រូវបាន​ប្រជាជន​ហ្វីលីពីន​គាំទ្រ​ខ្លាំង និង​ចាត់ទុកថា​ជា​«​បុរស​ខ្លាំង​» ដោយ​ហៅ​ឈ្មោះ​ក្រៅ​ថា «​អ្នក​ដាក់ទណ្ឌកម្ម​» ព្រោះ​លោក​ប្រើ​គោលនយោបាយ​កណ្តាប់ដៃ​ដែក​ក្នុងការ​លុបបំបាត់​បទ​ល្មើស និង​អំពើពុករលួយ​ពី​សង្គម​ហ្វីលីពីន​។ យ៉ាងណាក្ដី ដោយ​មើលឃើញ​ពី​វត្ត​មាននៃ​អំពើពុករលួយ​នៅតែ​បន្ត​កើតឡើង​នោះ លោក Duterte ប្រកាសថា តួនាទី​របស់​មន្ត្រី​ទាំងអស់ លើកលែងតែ​រដ្ឋមន្ត្រី នឹងត្រូវ​ទុក​ឲ្យ​នៅ​ទំនេរ​សិន​។

 
​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានប្រកាសថា រាល់​តួនាទី​មន្ត្រី​រដ្ឋាភិបាល​ដែល​ត្រូវបានតែងតាំង​ទាំងអស់ នឹងត្រូវ​ទុក​ឲ្យ​នៅ​ទំនេរ ព្រោះ​អំពើពុករលួយ​នៅតែមាន​នៅតាម​ស្ថាប័ន​របស់​ពួកគេ​។ យ៉ាងណាក្ដី រដ្ឋមន្ត្រី​ទាំងអស់​ក្នុងគណៈ​រដ្ឋមន្ត្រី​របស់​លោក នឹង​ស្ថិតក្រោម​បទបញ្ជា​ថ្មី​នេះឡើយ ដោយ​លោក​បកស្រាយ​ថា វា​ដូចជា​លឿន​ពេក ដែល​ពួកគេ​ត្រូវ​ពុករលួយ​នោះ​។  
 
​ក្នុង​សន្និសីទកាសែត​នៅ​ទីក្រុង Davao នៅ​ថ្ងៃទី​២១ ខែសីហា លោក​ប្រធានាធិបតី​និយាយថា នៅ​ថ្ងៃទី​២២ ខែសីហា ខ្ញុំ​នឹង​ប្រកាសថា មន្ត្រី​ទាំងអស់​នៅ​ទូទាំងប្រទេស ដែល​ចូលកាន់​តំណែង​ដោយសារ​ការតែងតាំងរ​បស់​ខ្ញុំ នឹងត្រូវ​ដកចេញ​ពី​តួនាទី ហើយ​តំណែង​ទាំងនោះ​ទុក​ឲ្យ​នៅ​ទំនេរ​។ តែ​លោក​ពន្យល់​ដែរ​ថា អ្នក​ដែល​កាន់តំណែង​ជា​ជំនួយការ និង​ជា​អ្នកតំណាង​ទាំងអស់ នឹង​នៅតែ​បន្ត​កាន់តំណែង​រហូតដល់ អ្នកថ្មី​ត្រូវបានតែងតាំង​ជំនួស ចំណែក​មន្ត្រី​ជំនាញ​វិញ នឹងមិន​ត្រូវ​រាប់បញ្ចូល​នោះទេ​។ 
 
​យោងតាម​សារព័ត៌មាន ABS-CBN News លោក Duterte ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​ជុំវិញ​ការរាយការណ៍​ស្ដីពី​កាត​បន្ត​កើតឡើង​នៃ​អំពើពុករលួយ​នៅតាម​ការិយាល័យ​រដ្ឋាភិបាល​របស់លោក​។ លោក​ប្រធានាធិបតី អះអាងថា នៅតាម​បណ្ដា​ខេត្ត​ដែល​លោក​ទៅដល់ លោក​នៅតែ​លឺ​ពី​អំពើពុករលួយ ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី ជាពិសេស​ស្ថាប័ន​ទទួលបន្ទុក​អនុវត្ត​បទបញ្ជា​តែម្ដង​។​
 
​លោក Duterte បានលើកឡើង​ចំៗ​ពី​ឈ្មោះ​ស្ថាប័ន​ចំនួន​ពីរ ដែល​អំពើពុករលួយ​នៅតែមាន គឺ​ការិយាល័យ​ដឹកជញ្ជូន​ផ្លូវគោក (LTO) និង​គណៈ​ត្រួតពិនិត្យ​ការដឹកជញ្ជូន​ផ្លូវគោក (LTFRB)​។ ថ្នាក់ដឹកនាំ​សា្ថ​ប័ន​ទាំងពីរ​នេះ​ត្រូវធ្វើ​សេចក្ដីរាយការណ៍​ឲ្យ​លោក នៅ​សប្ដាហ៍​ក្រោយ​។ ហើយ​លោក​ក៏​បញ្ជាក់ដែរថា តួនាទី​របស់​ថ្នាក់ដឹកនាំ​ប្រតិបត្តិ​នៅ LTO និង​មន្ត្រី​ដែល​ត្រូវ​តែងតាំង​អស់​នៅ​ទីនោះ ត្រូវ​ទុក​ឲ្យ​ទំនេរ​ចាប់ពី​ម៉ោង​នេះ​តទៅ​ផងដែរ​។​
 
​បុរស​ខ្លាំង​ហ្វីលីពីន ដែល​ចូលកាន់​តំណែង​មិនទាន់បាន​ពីរ​ខែ​ផង​នោះ បាន​សន្យា​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​ស្អាតស្អំ​សម្រាប់​ប្រជាជន​ហ្វីលីពីន ដោយបាន​និយាយថា លោក​ពិតជា​ស្អប់​អំពើពុករលួយ ហើយ​លោក​ក៏​មិន​ចង់​មាន​អំពើអាក្រក់​នេះ នៅជាប់​ប្រជាជន​ហ្វីលីពីន​ដែរ​។ វា​ជា​ការពិត ដែល​មន្ត្រី​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ពុករលួយ​មាន​ច្រើន​នាក់ ប៉ុន្តែ​សម្រាប់​លោក Duterte បើទោះជា​ច្រើន​ប៉ុណ្ណា ក៏​លោក​មិន​រាថយ​ក្នុងការ​បោសសម្អាត និង​ដក​មន្ត្រី​ទាំងនោះ​ចេញពី​តំណែង​ដែរ​៕     
 

Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com