កីឡាជាតិ
ជាតិ
ប៉េតង់កម្ពុជាឈ្នះមេដាយមាស៥, ប្រាក់៥, សំរឹទ្ធ៦ពី SEAPA Petanque Championship នៅឡាវ
× ក្រោយពីធ្វើការប្រកួតតាំងពីថ្ងៃទី១៧-២០ ខែសីហា កីឡាករកីឡាការិនីប៉េតង់កម្ពុជាបានឈ្នះមេដាយសរុបចំនួន១៦គ្រឿងក្នុងនោះមាស៥គ្រឿង, ប្រាក់៥ និងសំរឹទ្ធ៦ ពីព្រឹត្តិការណ៍ The 3rd SEAPA Petanque Championship 2016 នៅប្រទេសឡាវ ដែលមានប្រទេសចូលរួមទាំងអស់ចំនួន៤ប្រទេស។
កីឡាករកីឡាការិនីប៉េតង់កម្ពុជាបានឈ្នះមេដាយមាស៥ ប្រាក់៥ និងសំរឹទ្ធ៦ ពីការប្រកួតដណ្តើមជើងឯកប្រចាំព្រឹត្តិការណ៍ The 3rd SEAPA Petanque Championship 2016 នៅប្រទេសឡាវ ដែលមានប្រទេសនៅក្នុងតំបន់អាស៊ាន៤ប្រទេសចូលរួមក្នុងនោះមានកម្ពុជា សិង្ហបុរី ឡាវ និងវៀតណាម។
មេដាយមាស៥គ្រឿងនេះកម្ពុជារកបានលើវិញ្ញាសា២ទល់២នាក់(ឃួន លីហ៊, កៅ ភក្ត្រី) ១គ្រឿង, វិញ្ញាសា៣ទល់៣ចម្រុះ(ម៉ី សភ័ក្ត្រ, សំ សូរិយ៉ា, សុខ ចាន់មាន, យ៉ា ដារ៉ារិទ្ធ) ១គ្រឿង, វិញ្ញាសាវាយពិន្ទុនារី(កែ ឡេង) ១គ្រឿង, វិញ្ញាសា១ទល់១នាក់(ស៊ុន ស្រីយ៉ា) ១គ្រឿង និងវិញ្ញាសា៣នាក់ទល់៣នាក់នារី(ឃួន យ៉ារី, ស្រាង សុរ៉ាឃីម, ស៊ុន គន្ធា និងដួង ឌីណា) ១គ្រឿង។
ចំណែកមេដាយប្រាក់ទាំង៥គ្រឿងរកបានលើវិញ្ញាសា១នាក់ទល់១នាក់(ទីវ រដ្ឋា) ១គ្រឿង, វិញ្ញាសា៣នាក់ទល់៣នាក់(ទីវ រដ្ឋា, កុង សុភក្ត្រា, ឃួន លីហ៊, កៅ ភក្តី) ១គ្រឿង, វិញ្ញាសាវាយយកពិន្ទុបុរស(សុខ ចាន់មាន)១គ្រឿង,វិញ្ញាសា២ទល់២នាក់(កែ ឡេង, អ៊ុន ស្រីមុំ) ១គ្រឿង និងវិញ្ញាសា៣ទល់៣(ស៊ុន ស្រីយ៉ា, កែវ សុវណ្ណា, កែ ឡេង, និងអ៊ុន ស្រីមុំ) ១គ្រឿង។
ខណៈមេដាយសំរឹទ្ធទាំង៦គ្រឿងរកបានដោយកីឡាករ កុយ សុភក្ត្រា ១គ្រឿង(វាយយកពិន្ទុយុវជន), ម៉ី សុភ័ក្ត្រ ១គ្រឿង(វាយយកពិន្ទុបុរស), សំ សូរិយ៉ា ១គ្រឿង(១នាក់ទល់១នាក់បុរស), សុខ ចាន់មាន និង យ៉ាដារ៉ារិទ្ធ ១គ្រឿង(២នាក់ទល់២នាក់បុរស), និងកីឡាការិនី ដួង ឌីណា ២គ្រឿង(វាយយកពិន្ទុ និង១នាក់ទល់១នាក់)។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយសម្រាប់ការចូលរួមព្រឹត្តិការណ៍ SEAPA Petanque Championship របស់កម្ពុជាដោយកាលពីលើកទី១ដែលឡាវធ្វើជាម្ចាស់ផ្ទះកម្ពុជាដណ្ដើមបានមេដាយមាស៣, ប្រាក់២ និងសំរិទ្ធមួយចំនួន ចំណែកលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយដណ្តើមបានមេដាយមាស៣, ប្រាក់២ និងសំរិទ្ធ៣៕
Tag:
ប៉េតង់
The 3rd SEAPA Petanque Championship 2016
© រក្សាសិទ្ធិដោយ thmeythmey.com