ជាតិ
នយោបាយជាតិ
កញ្ញា ធី សុវណ្ណថា ស្នើឲ្យចាត់ការអ្នកលាបពណ៌ តែសម្តេច ប្រាប់ថា«ចៅក៏ធ្លាប់លាបពណ៌តាដែរ»
× ភ្នំពេញ៖ នៅចំពោះមុខសម្តេច ហ៊ុន សែន កញ្ញា ធី សុវណ្ណថា បានសម្តែងការសោកស្តាយ ចំពោះបុគ្គលមួយចំនួន ដែលតែងតែលាបពណ៌រដ្ឋាភិបាល ដោយខុសពីការពិត។ ការលើកឡើងរបស់កញ្ញា ធី សុវណ្ណថា បានធ្វើឲ្យ សម្តេច ហ៊ុន សែន នឹកឃើញដល់ការលាបពណ៌ លើក្រុមគ្រួសាររបស់ខ្លួន។
សម្តេច ហ៊ុន សែន ចាប់ផ្តើមឈឺចាប់សាជាថ្មី រហូតដល់ហូរទឹកភ្នែកទៀតផង នៅពេលនឹកឃើញដល់ការលាបពណ៌លើភរិយា និងកូនប្រុសរបស់ខ្លួន កាលពីកន្លងមក។ សម្តេច មិនអាចទទួលយកបាននោះទេ ហើយក៏មិនអាចលើកឡែងឲ្យបានដែរ ចំពោះអ្នកដែល វាយប្រហារថា សម្តេច ប៊ុន រ៉ានី ជាភរិយារបស់មេដឹកនាំវៀតណាម ហើយលោក ហ៊ុន ម៉ាណែត ក៏ជាកូនរបស់មេដឹកនាំវៀតណាម ដែរនោះ។ សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ៗថា ការប្រមាថនេះ គឺមានលក្ខណះធ្ងន់ធ្ងរណាស់ ដូច្នេះត្រូវតែមានការប៉ះប៉ូវក្នុងតម្លៃដ៏ខ្ពស់ខ្ពស់បំផុត។
បន្ទាប់ពីរៀបរាប់ពីក្តីឈឺចាប់រួចហើយ សម្តេច ក៏និយាយទៅកាន់កញ្ញា ធី សុវណ្ណថា ដែលហៅខ្លួនថា «លោកតា» វិញម្តង។ សម្តេច បានលើកឡើងថា សម្តេច ត្រូវបានគេលាបពណ៌ឆ្អែតឆ្អន់ទៅហើយ ដោយហោចទៅ សូម្បីតែ កញ្ញា ធី សុវណ្ណថា ក៏ធ្លាប់លាបពណ៌សម្តេច ដែរ។ សម្តេច បានបែរមុខទៅកាន់ កញ្ញា ធី សុវណ្ណថា ហើយឆ្លើយតបថា៖«ចៅត្រូវបានគេលាបពណ៌មួយចំនួនទេ។ តែតានែ! ត្រូវគេលាបពណ៌ រាប់ទាំងចៅ ក៏ធ្លាប់លាបពណ៌តាដែរ កាលពីនៅជាវីរនារីរបស់សង្គ្រោះជាតិនុះ។ មិនចឹង! រឿងហ្នឹង និយាយគ្នាឲ្យត្រង់ៗ»។
នៅព្រឹកថ្ងៃចន្ទនេះ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានចូលរួមក្នុងវេទិកាស្តីពី «ការការពារ និងការអភិរក្សធនធានធម្មជាតិ» ដែលរៀបចំឡើងនៅវិមានសន្តិភាព។ ថ្លែងក្នុងវេទិកានេះ កញ្ញា ធី សុវណ្ណថា បានស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការ ចំពោះបុគ្គលមួយចំនួន ដែលតែងតែផ្សព្វផ្សាយព័ត៌មានមិនពិត ហើយលាបពត៌មន្ត្រីរដា្ឋភិបាល និងអ្នកដទៃផ្សេងទៀត។ កញ្ញា បានលើកឡើងនៅមុខសម្តេច ហ៊ុន សែន ថា ការលាបពណ៌ និងការចោទប្រកាន់ដោយខុសពីការពិតបែបនេះ អាចធ្វើឲ្យមន្ត្រីរដ្ឋាភិបាល ដែលខិតខំបំពេញកិច្ចការ បាក់ទឹកចិត្ត។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំចង់ឲ្យមន្ត្រី ដែលពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ កុំឲ្យជនខិលខួច បង្ហោះផ្សាយ ហើយចោទប្រកាន់អ្នកដទៃ បំផ្លាញ់កិត្តិយសអ្នកដទៃ។ អ៊ីចឹង សូមឲ្យមានវិធានការផ្លូវច្បាប់យ៉ាងត្រឹមត្រូវ ទៅដល់ពួកគាត់។ យើងស្រឡាញ់និងគោរពអ្នកបញ្ចេញមតិយ៉ាងត្រឹមត្រូវ ប៉ុន្តែអ្នកបញ្ចេញមតិ លាបពណ៌ ចោទប្រកាន់គេ គឺឥតចំណេញអ្វីដល់សង្គមជាតិទេ ថែមទាំងធ្វើ ឲ្យមានការបែកបាក់ដល់សង្គមជាតិទៀតផង»៕
Tag:
ធី សុវណ្ណថា
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com