ជាតិ
សេដ្ឋកិច្ច
សាលាបង្រៀនជំនាញឧស្សាហកម្មកាត់ដេរលើកដំបូងនៅកម្ពុជា នឹងសម្ពោធនៅដើមឆ្នាំ២០១៧
× ភ្នំពេញ៖ នៅដើមឆ្នាំ២០១៧ ខាងមុខនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នឹងបើកឲ្យដំណើរការវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញឧស្សាហកម្មកាត់ដេររបស់ខ្លួន ដែលនឹងអាចឲ្យធនធានមនុស្សកម្ពុជា ជំនួសអ្នកជំនាញពីបរទេសក្នុងវិស័យមួយនេះ។ នេះបើតាមមន្ត្រី GMAC ។
លោក លី តេកហេង ប្រធានប្រតិបត្តិ GMAC ឲ្យដឹងថា បន្ទាប់ពីទទួលបានកម្ចីចំនួនជាង ៣លានដុល្លារ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) សមាគម GMAC នឹងដាក់ឲ្យដំណើរការវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញឧស្សាហកម្មកាត់ដេរកម្ពុជា (CGTI) នៅដើមឆ្នាំ២០១៧ ខាងមុខនេះ។ លោកបញ្ជាក់ថា CGTI នឹងបើកបណ្ដុះបណ្ដាលលើជំនាញ ដូចជា គ្រប់គ្រង់ផលិតកម្ម, ត្រួតពិនិត្យគុណភាព និងការច្នៃម៉ូដជាដើម។
ប្រធានប្រតិបត្តិ GMAC រូបនេះ អះអាងថា CGTI ដែលជាសាលាបង្រៀនលើជំនាញឧស្សាហកម្មកាត់ដេរជាលើកដំបូងនៅកម្ពុជានេះ នឹងផ្ដល់ឱកាសឲ្យពលរដ្ឋខ្មែរទទួលបានជំនាញពិតប្រាកដ អាចជំនួសអ្នកជំនាញពីក្រៅប្រទេសបាន។ លោកថ្លែងដូច្នេះថា៖«នេះជាឱកាសសម្រាប់កូនខ្មែរ អាចកាន់ការងារគ្រប់គ្រងចង្វាក់ផលិតកម្ម ហើយបំណងរបស់យើងឲ្យខ្មែរទទួលបានជំនាញច្បាស់លាស់ ដើម្បីមានប្រាក់ខែខ្ពស់ និងជំនួសជនបរទេស»។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍គ្រឿងយន្តឧស្សាហកម្មនៅកម្ពុជា នៅថ្ងៃទី២២ខែសីហា លោក លី តេកហេង ថា CGTI នឹងបើកទទួលបង្រៀនទាំងអ្នកធ្វើការក្នុងវិស័យកាត់ដេរស្រាប់ និងសិស្សនិស្សិត ដែលចង់ទទួលបានជំនាញច្បាស់លាស់លក្ខណៈស្តង់ដារអន្តរជាតិ។
លោក លី តេកហេង ឲ្យដឹងទៀតថា GMAC កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកលទ្ធភាពឲ្យអ្នកដែលខ្វះខាតថវិកា អាចទទួលបានការបណ្ដុះបណ្ដាលទាំងនេះ។
បើតាមមន្ត្រីបច្ចេកទេសរបស់ GMAC វគ្គបណ្ដុះបណ្ដាល នឹងត្រូវចែកចេញជាពីរវគ្គ។ សម្រាប់វគ្គបណ្ដុះណ្ដាលរយៈពេលវែង ត្រូវចំណាយពេលពី ៦ខែទៅ១ឆ្នាំ ដែលគ្រោងទទួលចុះឈ្មោះចំនួន ២៤០នាក់ ក្នុងអំឡុងពេល១៨ខែដំបូង។ រីឯវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី CGTI គ្រោងបើកឱកាសសម្រាប់មនុស្ស ១៦០០នាក់ ក្នុងអំឡុងពេល៣ឆ្នាំដំបូង ដែលក្នុងមួយវគ្គត្រូវចំណាយពេលពី១ខែទៅ៣ខែ។
ឧស្សាហកម្មវាយនភណ្ឌរបស់កម្ពុជា កំពុងផ្ដល់ការងារសម្រាប់ពលរដ្ឋប្រមាណ ៧០ម៉ឺននាក់។ តែបើតាមអ្នកជំនាញក្នុងវិស័យនេះ មុខតំណែងសំខាន់ៗ ដូចជាអ្នកគ្រប់គ្រងផលិតកម្ម អ្នកត្រួតពិនិត្យគុណភាពជាដើម ត្រូវបានថៅកែរោងចក្រជួលអ្នកជំនាញពីក្រៅប្រទេសក្នុងមួយចំនួនធំ៕
Tag:
លី តេកហេង
GMAC
CGTI
© រក្សាសិទ្ធិដោយ thmeythmey.com