ជាតិ
កញ្ញា ធី សុវណ្ណ​ថា សារភាពថា ការរិះគន់​សម្តេច ហ៊ុន សែន កន្លងមក ដោយសារ​ខ្លួន​វ័យក្មេង គំនិត​ខ្លី​
22, Aug 2016 , 7:41 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ កញ្ញា ធី សុវណ្ណ​ថា បាន​សុំទោស សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការប្រើ​ពាក្យ​ប្រមាថ​រិះគន់​របស់​នាង​កន្លង​មក​។ ការសុំ​ទោស​នេះ ធ្វើឡើង​បន្ទាប់ពី កញ្ញា ធី សុវណ្ណ​ថា ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​វេទិកា​ស្តីពី​ការការពារ និង អភិរក្ស​ធនធានធម្មជាតិ ដែល​រៀបចំឡើង​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦​។



​ធ្លាប់ជា​សកម្មជន​បក្ស​ប្រឆាំង​ដ៏​លេចធ្លោ ដោយសារតែ​ការរិះគន់​ពេញៗ​មាត់ ចំពោះ​ការដឹកនាំ​របស់ សម្តេច ហ៊ុន សែន កន្លងមក នៅថ្ងៃនេះ កញ្ញា ធី សុវណ្ណ​ថា បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ ចំពោះ​កំហុស​របស់​នាង ដែល​បាន​ប្រើពាក្យ​ប្រមាថ និង​រិះគន់​ប្រឆាំង ចំពោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ជា​ប្រធាន​បក្ស​កាន់អំណាច​។ 

«​នាង​ខ្ញុំ គឺជា​ក្មេងស្រី​ម្នាក់​ដែល​ធ្លាប់​ប្រមាថ រិះគន់​ប្រឆាំង សម្តេច ហ៊ុន សែន តែ​បែរជា​ទទួលបាន​កិត្តិយស​ឡើង​ថ្លែង​ចំពោះមុខ​សម្តេច សម្តេច​បាន​និយាយ​រាក់ទាក់ និង​បានផ្តល់​កិត្តិយស​ឲ្យ​នាង​ខ្ញុំ ហៅ​នាង​ខ្ញុំ​ថា "​ចៅស្រី​"​នាង​ខ្ញុំ​បាន​ហៅ​សម្តេច​ថា​"​លោកតា​" សម្តេច​ក៏បានផ្តល់​ផ្លូវ​១​ខ្សែ ស្ពាន​១ និង​ដាក់​តំបន់​អា​រ៉ែ​ង ជា​តំបន់​ទេសចរណ៍ តាម​សំណើ​របស់​នាង​ខ្ញុំ​ទៀតផង ។ ទឹកចិត្ត​មេត្តាធម៌ ដ៏​ធំធេង​របស់​សម្តេច ធ្វើ​ឲ្យ​នាង​ខ្ញុំ​រំភើបចិត្ត​ណាស់ នាង​ខ្ញុំ​សុំទោស​ពាក្យ​ខុសឆ្គង​កន្លងមក​ដោយសា​រ ភាព​វ័យក្មេង គំនិត​ខ្លី និង​ជឿ​បក្សប្រឆាំង​ពេក​»​។ នេះ​ជា​សារ​សុំទោស​របស់​កញ្ញា ធី សុវណ្ណ​ថា ដែល​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ដោយ​បន្ថែមទៀតថា នាង​នឹងចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កែទម្រង់​ផ្លាស់ប្តូរ​ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។


​សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណ​ថា គឺជា​អតីត​សកម្មជន​គណបក្សប្រឆាំង​ដ៏​ល្បី​ម្នាក់ ដែល​បាន​រិះគន់​ឥត​សំចៃមាត់ ចំពោះ​ចំណុច​អវិជ្ជមាន​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ប៉ុន្តែ នៅថ្ងៃនេះ កញ្ញា​បាន​សុំទោស សម្តេច ហ៊ុន សែន និង​សន្យា​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ទៀតផង​៕      


Tag:
 ធី សុវណ្ណថា
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com