បទយកការណ៍ / បទសម្ភាសន៍
ទីផ្សារ​រថយន្ត​លក់ដាច់​ខ្លាំង នៅពេល​ពលរដ្ឋ​មាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២៥០០​ដុល្លារ​អាមេរិក​
23, Aug 2016 , 10:04 am        
រូបភាព
​ភ្នំពេញ​៖ ទីផ្សារ​រថយន្ត​លក់ដាច់​ខ្លាំង នៅពេល​ពលរដ្ឋ​មាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២៥០០​ដុល្លារ អាមេរិក​ក្នុង ម្នាក់ៗ​។ ប្រាក់ចំណូល​ពលរដ្ឋ​ប្រចាំឆ្នាំ​ម្នាក់​ជាង​១​ពាន់​ដុល្លារ​អាមេរិក គឺ​សម្រាប់​ទីផ្សារ​ម៉ូតូ​។ ពលរដ្ឋ​ខ្មែរ​មាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ជាង​១២០០​ដុល្លារ​អាមេរិក​នៅ ឆ្នាំ​២០១៥​នេះ​។ ស្រប​ពេលដែល​ក្រុមហ៊ុន​រថយន្ត​ថ្មី​កំពុង​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ក ម្ពុ​ជា​នោះ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ធំ​មួយ ក៏​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៤ និង​ដើមខែ​មករា​ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ​។ នេះ​គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន Daimler AG នៅ​ប្រទេស​អាល្លឺម៉ង់ ក្នុងការ​នាំចូល ចែកចាយ ដាក់លក់ ប្តូរ​គ្រឿងបន្លាស់ ថែទាំ និង​ជួសជុល​នូវ​គ្រប់​ប្រភេទ​ម៉ូ​ដែល​នៃ​រថយន្ត​ម៉ាក Mercedes-Benz​។ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ជា​ក្រុមហ៊ុន​តែមួយគត់​ដែលមាន​សិទ្ធិ​ប្រើប្រាស់​លើ​ស្លាក​សញ្ញា (Logo) របស់ Mercedes-Benz ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​អាន​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក លោក James Zemke អគ្គនាយក​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដូចតទៅ​៖



​លោក គី សុខ​លីម​៖ ហេតុអ្វី​បានជា​ក្រុមហ៊ុន Star Auto ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​របស់លោក​ចាប់ផ្តើម​បើក​ការិយាល័យ ឬ​សេវា​លក់​រថយន្ត​ម៉ាក​ល្បីៗ​របស់​ក្រុមហ៊ុន Mercedes-Benz នៅពេលនេះ​? ហេតុដូចម្តេច​ក៏​មិន​បើក​កាលពី​១០ ឬ​២០​ឆ្នាំមុន​?

​លោក James Zemke៖ តាមពិតទៅ​វា មិនមែនជា​ការសម្រេច​ចិត្ត​របស់​យើង​តែម្នាក់ឯង​នោះទេ​។ យើង​គឺជា​ក្រុមហ៊ុន​ឯករាជ្យ​ដែលមាន​តួនាទី​ជួយ​ចែកចាយ​លក់​រថយន្ត​ជូន ក្រុមហ៊ុន Mercedes-Benz​។ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត របស់​យើង​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៤ និង​ដើមខែ​មករា​ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ​។ វា​គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន Daimler AG នៅ​ប្រទេស​អាល្លឺម៉ង់ ក្នុងការ​នាំចូល ចែកចាយ ដាក់លក់ ប្តូរ​គ្រឿងបន្លាស់ ថែទាំ និង​ជួសជុល​នូវ​គ្រប់​ប្រភេទ​ម៉ូ​ដែល​នៃ​រថយន្ត​ម៉ាក Mercedes-Benz និង​ជា​ក្រុមហ៊ុន​តែមួយគត់​ដែលមាន​សិទ្ធិ​ប្រើប្រាស់​លើ​ស្លាក​សញ្ញា (Logo) របស់ Mercedes-Benz ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ មុន​ខែមករា​ឆ្នាំ​២០១៥ ក្រុមហ៊ុន Daimler AG នៅ​ប្រទេស​អាល្លឺម៉ង់ បានប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ឈ្មោះថា ក្រុមហ៊ុន ហ៊ុ​ង ហ៊ា​ប (​កាំបូ​ឌា​) ចំកាត់ (Hung Hiep Cambodia Co., Ltd.) ជា​អ្នក​ជួយ​លក់​បន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ គឺ​ក្រុមហ៊ុន​របស់​យើង Star Auto ជា​អ្នកមាន​សិទ្ធិផ្តាច់មុខ​ម្តង​ដែល​គ្មាន​ពាក់ព័ន្ធ​អ្វី​ទៅនឹង​ក្រុមហ៊ុន Hung Hiep ទេ​។

Star Auto ជា​បុត្រ​​សម្ព័ន្ធ​របស់​ក្រុមហ៊ុន លៃ ស៊ី​ង ហុង ហ្គ្រូ​ប (Lei Shing Hong Group) ដែលជា​ក្រុមហ៊ុន​ដ៏​ធំជាងគេ​នៅ​ទីក្រុង​ហុងកុង​មាន​បទពិសោធ​ជាង​សែសិប​(៤០) ឆ្នាំ​ក្នុងការ​ចែកចាយ​រថយន្ត Mercedes-Benz ទៅ​បណ្តា​ទីផ្សារ​អន្តរជាតិ​ធំៗ​ជាច្រើន​មានដូចជា​ប្រទេស អាល្លឺម៉ង់ អូស្ត្រាលី ចិន ហុងកុង កូរ៉េខាងត្បូង ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ និង​កម្ពុជា​ជាដើម​។ ឆ្លើយ​ទៅ​សំណួរ​ដែល​សួរថា ហេតុអ្វី​បានជា Star Auto មិន​ចូលមក​កាលពី​១០​ឆ្នាំមុន​។ យើង​ដឹង​ហើយ​ថា កាលណោះ ទីផ្សារ​សម្រាប់ Mercedes-Benz នៅ​តូច​ណាស់ ពីព្រោះ​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ​ខ្មែរ​នៅមានកម្រិត​ទាប​។ រឿង​មួយទៀត​ដែល​ខ្ញុំ​ចង់​ប្រាប់​ដែរនោះ គឺថា នាពេល​បច្ចុប្បន្ននេះ យើង​កំពុង​សាងសង់ អគារ​តាំង​បង្ហាញ និង​ថែទាំ​ជួសជុល​រថយន្ត (Show Room) រថយន្ត Mercedes-Benz ថ្មី​ដែល​ធំ​និង​ទំនើប​ជាងគេ​បង្អស់​នៅ​កម្ពុជា​នេះ​។

​លោក គី សុខ​លីម​៖ នៅទីណា​ដែរ​ទីតាំង​ថ្មី​នោះ​លោក​?

លោក James Zemke៖ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រង្វង់​មូល​ក្បាលថ្នល់​ទេ ពោលគឺ​នៅក្បែរ​សាលារៀន​អន្តរជាតិ ISPP ថ្មី (​ចម្ងាយ​ពី​២​ទៅ​៣​គីឡូម៉ែត្រ​ខាងត្បូង​ឈាង​ខាងលិច​ស្ពាន់​ក្បាលថ្នល់​)​។ Show Room របស់​រថយន្ត Mercedes-Benz ថ្មី​នេះ​ស្ថិតនៅលើ​មហាវិថី​សម្តេច ហ៊ុន សែន (​នៅលើ​បឹងទំពុន​ចាស់​)​។

លោក គី សុខ​លីម​៖ តើ​ពេលណា​ទៅ​ទើប​សំណង់​អគារ Show Room ត្រូវបាន​បញ្ចប់​?

​លោក James Zemke៖ អគារ Show room ថ្មី​អាច​នឹង​បញ្ចប់​នៅ​ចុង ឆ្នាំ​២០១៦ ឬ​ដើមឆ្នាំ​២០១៧ ។

​លោក គី សុខ​លីម​៖ រថយន្ត Mercedes-Benz គឺជា​ប្រភេទ​រថយន្ត​ប្រណិត​ដែលមាន​តម្លៃ ខ្ពស់​។ តើ​លោក​គិតថា ពលរដ្ឋ​ខ្មែរ​មាន​ប្រាក់​ដើម្បី​ទិញ​ដែរឬទេ​?

​លោក James Zemke៖ នេះ​គឺជា​សំណួរ​ល្អ​។ ជាច្រើន​ឆ្នាំកន្លងមក នៅពេល​ខ្ញុំ​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​រថយន្ត​នេះ មានការ​សិក្សា​មួយ​និយាយថា ប្រសិនបើ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេសមួយ​ស្ថិតក្នុង​កម្រិត ២៥០០​ដុល្លារ​ក្នុង​មួយឆ្នាំ គេ​គិតថា ពលរដ្ឋ​អាចមាន​លទ្ធភាព​ទិញ​រថយន្ត​បាន​។ ប្រាក់ចំណូល​ប្រចាំឆ្នាំ​តិចជាង​នេះ គឺ​សម្រាប់​ទីផ្សារ​ម៉ូតូ​។ នៅ​កម្ពុជា ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាជាង​១០០០​ដុល្លារ បន្តិច ដូច្នេះហើយ​បានជា​ទីផ្សារ​ម៉ូតូ​កើនឡើង​ខ្លាំងណាស់ ដល់​កំពូល​តែម្តង​។ តែ​នេះ​មិនមែន​មានន័យថា គ្មាន​អ្នកទិញ​រថយន្ត​ទេនោះ​។ មាន​ក្រុមហ៊ុន មាន​អង្គការ​ត្រូវការ​រថយន្ត​ដែរ តែ​ចំនួន​វា​នៅមានកម្រិត​។ បច្ចុប្បន្ន​ទីផ្សារ​តូច​មែន ប៉ុន្តែ​សេដ្ឋកិច្ច​នៃ​ប្រទេសមួយ​នេះ​នឹង​រីកចម្រើន​ជាង​នេះ​បន្តិច​ម្តងៗ ។ ខ្ញុំ​ដឹង​ហើយ​ថា ឥឡូវនេះ ទីផ្សារ​ក៏​នៅមានកម្រិត​ដែរ ប៉ុន្តែ នេះ​ជា​ពេលវេលា​ដែល​យើង​ត្រូវ​រៀបចំ​អ្វីៗ​គ្រប់យ៉ាង​ដូចជា​៖ បណ្តុះបណ្តាល​បុគ្គលិក​ផ្នែក​លក់ បុគ្គលិក​ផ្នែក​ជំនាញ​ជួសជុល និង ហើយ​ចាំបាច់​សាងសង់​អគារ​ថ្មី​មួយ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។​ល​។

​លោក គី សុខ​លីម​៖ ពលរដ្ឋ​ខ្មែរ​នៅ​ចូលចិត្ត​ប្រើប្រាស់​រថយន្ត​ជជុះ នៅឡើយ​ដោយសារ​ប្រាក់ចំណូល​របស់​ពួកគេ​នៅមានកម្រិត​។ តើ​គូប្រកួត​ប្រជែង​របស់លោក​ជា​ក្រុមហ៊ុន​នាំចូល​រថយន្ត​ថ្មី ឬ​ក្រុមហ៊ុន​នាំចូល​រថយន្ត​ជជុះ​?

​លោក James Zemke៖ ទាំងពីរ​ហ្នឹង​តែម្តង​។ យើង​ប្រកួត​ជាមួយ​ទាំងពីរ​នេះ​តែម្តង​។ អ្នកទិញ​មិនបាន​ដឹង​ច្បាស់​ទេ​ថា ទោះបី​រថយន្ត​ម៉ាក​ដូចគ្នា​ក៏ដោយ តែ​រថយន្ត​ជជុះ និង​រថយន្ត​ថ្មី​មាន​លក្ខណៈ​ខុសគ្នា​ច្រើនណាស់​។

លោក គី សុខ​លីម​៖ រថយន្ត​លោក​នៅទីនេះ ផលិត​ទាំងអស់​នៅក្នុង​ប្រទេស​អា​លឺ្ល​ម៉​ង់​មែន​ឬទេ​?

​លោក James Zemke៖ វា​អាស្រ័យ​ទៅតាម​«​ម៉ូ​ដែល​»​របស់​វា​ដែរ​។ រថយន្ត​ខ្លះ​ផលិត​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ផ្ទាល់ និង​រថយន្ត​ខ្លះទៀត​ផលិត​នៅក្នុង​ប្រទេស​អាមេរិក​។

លោក គី សុខ​លីម​៖ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ តើ​ក្រុមហ៊ុន​លោក​លក់​រថយន្ត​ដាច់​អស់​ប៉ុន្មាន​គ្រឿង​ដែរ​?

​លោក James Zemke៖ ចំនួន​លក់​សរុប​ទាំងអស់ គឺ​១២​គ្រឿងក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ​។

​លោក គី សុខ​លីម​៖ តើ​ការលក់​របស់លោក​មាន​ប៉ុន្មាន​ភាគរយ​នៃ​ទីផ្សារ​លក់​រថយន្ត​ថ្មី​នៅ​កម្ពុជា​ទាំងមូល​ប្រចាំឆ្នាំ​? 

​លោក James Zemke៖ អូ​ហ៍​នៅ​តូច​ដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា រថយន្ត​ជជុះ​គ្រប់គ្រង​ទីផ្សារ​ជាង​៩០​ភាគរយ​។ រថយន្ត​ថ្មី​លក់បាន​តិចជាង​១០​ភាគរយ​ទេ​។ រថយន្ត​ថ្មី​ចំនួន​២៥០០​គ្រៀង​ត្រូវបាន​គេ​លក់​ជា​រៀងរាល់ឆ្នាំ​។

​លោក គី សុខ​លីម​៖ តើ​លោក​ត្រូវការ​១០​ឆ្នាំ​ឬ​២០​ឆ្នាំ​ទៀត​ទើប​ក្រុមហ៊ុន​លោក​អាច​លក់បាន​ចំនួន​១០០​គ្រឿងក្នុង​១​ឆ្នាំ​មែន​ទេ​?

​លោក James Zemke៖ មិនយូរ​ដល់​អ៊ីចឹង​ពេក​ទេ​។ យើង​អាច​លក់បាន​១០០​គ្រឿង​នៅពេល​ខាងមុខ​ដ៏​ឆាប់ៗ​នេះ​។ ហើយ​ក្នុង​១០​ឬ​២០​ឆ្នាំ​ទៀត ផលិតផល​យើង​អាច​លក់ដាច់​ជាងគេ​ក៏​ថា​បាន ហើយ​យើង​ជឿជាក់ថា​យើង​នឹង​ក្លាយជា​អ្នក​នាំមុខគេ​ក្នុង​ទីផ្សា​រថយន្ត ប្រណិត​នៅ​កម្ពុជា​។​

​លោក គី សុខ​លីម​៖ តើ​រថយន្ត Mercedes-Benz មានតម្លៃ​ប៉ុន្មាន​ដែរ​លោក​?

​លោក James Zemke៖ វា​អាចមាន​តម្លៃ​ពី​ជាង​១០​ម៉ឺន​ដុល្លារ ទៅដល់​៤០​ម៉ឺន​ដុល្លារ​អាមេរិក​។

​លោក គី សុខ​លីម​៖ តើ​អ្វី​ទៅជា​លក្ខណៈពិសេស​របស់​រថយន្ត Mercedes-Benz?

​លោក James Zemke៖ លក្ខណៈពិសេស​របស់រ​ថ​យន្ត​អាល្លឺម៉ង់ គឺ​ធានា​សុវត្ថិភាព​ខ្ពស់​, ប្រើប្រាស់​ជាប់​យូរ​, វិស្វកម្ម​ផលិតកម្ម​កម្រិត​ខ្ពស់​, រួមចំណែក​ការពារ​បរិស្ថាន​ល្អ​, ឌី​ហ្សា​ញ​សាមញ្ញ តែ​គួរ​ឲ្យ​គយគន់ មាន​ផាសុកភាព តម្រូវ​គ្រប់​វ័យ មាន​វ័យ​ចំណាស់ វ័យ​កណ្តាល និង​យុវវ័យ ជាដើម​…៕


Tag:
 ​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com