អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Sanofi អញ្ជើញក្រុមអ្នកជំនាញវេជ្ជសាស្ត្រមកចែករំលែកចំណេះដឹងអំពីជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម
× ភ្នំពេញ-កម្ពុជា-ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជាបន្តរៀបចំសិក្ខាសាលានៅសណ្ឋាគារភ្នំពេញ ដោយបានអញ្ជើញអ្នកឯកទេសខាងវេជ្ជសាស្ត្រប្រមាណ១០០នាក់ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីជំងឺពីរមុខ ដែលជាឃាតករលាក់មុខសម្លាប់ប្រជាពលរដ្ឋកម្ពុជាគឺ៖ ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។
នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) បានបញ្ជាក់នៅក្នុងសិក្ខាសាលានោះថា៖ “ក្រុមហ៊ុនសាណូហ្វី តែងតែបេ្តជ្ញាធ្វើការងារ ដែលពាក់ព័ន្ធនឹងជំងឺសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះ គឺជាឱកាសយ៉ាងវិសេសវិសាល ហើយយើងពិតជាសប្បាយរីករាយ ដោយបានរៀបចំឲ្យមានវេទិកាជួបជុំផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម ដែលជាជំងឺដ៏កាចសាហាវ និងបានសម្លាប់មនុស្សអស់រាប់លាននាក់នៅលើសកលលោក។ យើងទាំងអស់គ្នាត្រូវមានយុទ្ធសាស្ត្ររួមគ្នា ក្នុងការកំណត់រកជំងឺទាំងនេះឲ្យបានលឿន តាំងពីដំណាក់កាលដំបូងនៃជំងឺ ត្រូវចាប់ផ្តើមព្យាបាលឲ្យទាន់ពេល និងការលើកកម្ពស់គុណភាពព្យាបាលរបស់ជំងឺទាំងពីរនេះ។
អ្នកស្រីបានបន្ថែមទៀតថា ព្រឹត្តិការណ៍នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺទាំងពីរនេះជាសាធារណៈ ដែលស្របទៅនឹងបេសសកម្មរបស់ក្រុមហ៊ុនសាណូហ្វីក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានផ្នែកវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រដល់អ្នកជំនាញថែទាំសុខភាព និងអ្នកជំងឺ ជាមួយនឹងការនាំមកនូវផលិតផលដែលជារបកគំហើញថ្មីៗ ដើម្បីជាដំណោះស្រាយសម្រាប់តម្រូវការក្នុងវិស័យសុខាភិបាលកម្ពុជា។”
នៅក្នុងឱកាសនេះដែរ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សុខ ជួរ ប្រធានផ្នែកជំងឺសរសៃឈាមបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា៖ «យោងតាមអង្គការសុខភាពពិភពលោក មានមនុស្សម្នាក់បានស្លាប់ រៀងរាល់១០នាទីម្តង ដោយសារជំងឺទឹកនោមផ្អែម នៅទូទាំងពិភពលោក។ មនុស្សដែលប្រឈមនឹងជំងឺនេះខ្លាំងជាងគេ គឺមនុស្សចាស់អាយុចាប់ពី៥៥ឆ្នាំឡើងទៅ។ ចំណែកឯនៅប្រទេសកម្ពុជាវិញ ចំនួនអ្នកកើតជំងឺទាំងពីរនេះ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យព្រួយបារម្ភ ដោយសារអ្នកជំងឺភាគច្រើនមិនដឹងខ្លួនថាកើតជំងឺនេះ។ ពោលគឺពួកគាត់មិនមានទម្លាប់ពិនិត្យ និងតាមដានកម្រិតជាតិស្ករក្នុងឈាម និងកម្រិតសម្ពាធឈាមឲ្យបានទៀងទាត់នោះឡើយ ជាពិសេសចំពោះមនុស្សវ័យចំណាស់តែម្តង។
របាយការណ៍របស់អង្គការសុខភាពពិភពលោក ក៏បានបង្ហាញផងដែរថានៅឆ្នាំ២០០៨ មានមនុស្សប្រមាណ ១៧,៣ លាននាក់បានស្លាប់ ដែលស្មើនឹង៣០% នៃអត្រាមរណៈសកលលោក។ ក្នុងចំណោមនោះ អ្នកស្លាប់ចំនួន ៧,៣ លាននាក់ គឺដោយសារជំងឺបេះដូង និង ៦.២លាននាក់ផ្សេងទៀតស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។ ប្រទេសដែលមានចំណូលទាប និងមធ្យមគឺរងផលប៉ះពាល់ច្រើនជាងគេ។ ការស្លាប់ដោយសារជំងឺលើសម្ពាធឈាមជាង៨០% គឺកើតឡើងក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងអត្រាស្មើគ្នារវាងបុរស និងស្ត្រី។
លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសខាងជំងឺសរសៃឈាម លើសឈាម និងបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត ក៏បានចែករំលែកទិន្នន័យ និងចំណេះដឹងជាក់ស្តែងអំពីជំងឺលើសសម្ពាធឈាម៖ “តាមការអង្កេត STEPS របស់ក្រសួងសុខាភិបាលក្នុងឆ្នាំ២០១០ បង្ហាញថា ប្រេវ៉ាឡង់នៃអ្នកកើតជំងឺលើសសម្ពាធឈាម គឺមានប្រមាណ១១,២% នៃប្រជាជនពេញវ័យក្នុងប្រទេសកម្ពុជា។ មនុស្សដែលមានអាយុចាប់ពី៥៥ឆ្នាំ ដល់ ៦៤ឆ្នាំ គឺរងផលប៉ះពាល់ច្រើនជាងគេក្នុងអត្រាប្រេវ៉ាឡង់ដល់ទៅ ២៤,២%។ នៅក្នុងរបាយការណ៍អង្កេតនោះក៏បានបង្ហាញផងដែរថា អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមគឺ ២,៣% នៅក្នុងតំបន់ជនបទ និង៥,៦%នៅទីក្រុង។ ហើយមនុស្សដែលមានអត្រាកើតជំងឺនេះច្រើនជាងគេ គឺមនុស្សវ័យចំណាស់ចាប់ពីអាយុ៦៥ឆ្នាំ ទៅ ៦៩ឆ្នាំក្នុងអត្រាប្រេវ៉ាឡង់៦%។ អត្រានៃជំងឺទាំងពីរមុខនេះកំពុងកើនឡើងជារៀងរាល់ឆ្នាំគួរឲ្យកត់សម្គាល់ និងព្រួយបារម្ភ។”
លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថានៅឆ្នាំ២០១០ មានអ្នកជំងឺតែ៤៥,៥% នៃអ្នកជំងឺលើសឈាមនិង៥០,៣% នៃអ្នកជំងឺទឹកនោមផ្អែម ដែលត្រូវបានធ្វើរោគវិនិច្ឆ័យ។ នៅក្នុងពេលជាមួយគ្នានោះដែរ មានតែ២៨,៦% នៃអ្នកជំងឺលើសសម្ពាធឈាម និង ២៣,៩% នៃអ្នកជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះ ដែលទទួលបានការគ្រប់គ្រងកម្រិតជំងឺដោយជោគជ័យទៅតាមគោលដៅរបស់គ្រូពេទ្យ។
ចំពោះករណីនៃជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមភាគច្រើន បណ្តាលមកពីការប្រើប្រាស់ថ្នាំជក់, អាហារមិនសមស្របសម្រាប់សុខភាព និងមិនធ្វើលំហាត់ប្រាណដែលធ្វើឲ្យជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ និងជាហេតុបង្កើនសម្ពាធឈាម។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម សុទ្ធសឹងតែមិនបានដឹងថាខ្លួនឯងមានជំងឺនេះ ដោយសារតែជាទូទៅពុំមានរោគសញ្ញា។ ក៏ប៉ុន្តែរោគសញ្ញាទូទៅដែលទទួលបានពីផលលំបាករបស់អ្នកជំងឺមានដូចជា៖ ទន់មួយចំហៀងខ្លួន ហត់ ឈឺដើមទ្រូង និងហើមជើង។ លើសពីនេះតាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ថេង យូដាលីន ឲ្យដឹងថា មានរោគសញ្ញាមួយចំនួនតូចផ្សេងទៀត មានដូចជាឈឺក្បាល វិលមុខ រោយក ឬឈាមច្រមុះជាដើម។
លោកវេជ្ជបណ្ឌិត អំពាវនាវឲ្យប្រជាជនកម្ពុជា ដែលមានវ័យចំណាស់ចាប់ពីអាយុ៥០ឆ្នាំឡើង ទៅគួរតែទៅពិនិត្យសុខភាពឲ្យបានយ៉ាងតិច ១ ទៅ ២ ដងក្នុងមួយឆ្នាំ ដើម្បីតាមដានកម្រិតសម្ពាធឈាម និងជាតិស្ករក្នុងឈាម។ លោកវេជ្ជបណ្ឌិត ក៏បានដាស់តឿនទៅកាន់អ្នកជំងឺ ឬអ្នកដែលមិនទាន់មានជំងឺក្តី គួរចងចាំថា ការការពារ និងរក្សាស្ថេរភាពសុខភាពពីជំងឺទឹកនោមផ្អែម និងលើសសំពាធឈាមគឺមិនមែនតែថ្នាំមួយមុខទេ តែអ្វីដែលសំខាន់គឺការយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពដោយធ្វើលំហាត់ប្រាណជាប្រចាំ កាត់បន្ថយការជក់បារី កាត់បន្ថយការពិសារស្រា និងកាត់បន្ថយអាហារមានជាតិប្រៃ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com