អន្តរជាតិ
អ៊ីរ៉ង់​ត្រៀម​ចរចា​ទិញ​យន្តហោះ​ចម្បាំង Sukhoi របស់​រុស្ស៊ី​
23, Aug 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​ឧ​ត្ត​ម​សេនីយ៍ Hossein Dehghan បាន​អះអាង​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ អ៊ីរ៉ង់​ថា រដ្ឋាភិបាល​លោក​មានបំណង​ចរចា​ទិញ​យន្តហោះ​ចម្បាំង Sukhoi របស់​រុស្ស៊ី​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​អាកាស​។ ប្រមុខ​ការពារជាតិ​រូបនេះ​បញ្ជាក់​ផងដែរ​ថា អ៊ីរ៉ង់​លែង​ត្រូវការ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ហើយ ព្រោះ​ខ្លួន​មាន S-300 រុស្ស៊ី​និង​មាន​ប្រព័ន្ធ​មី​ស៊ី​ល​ផលិត​ក្នុងស្រុក​ផង​សម្រាប់​ប្រើប្រាស់​។​



​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អ៊ីរ៉ង់ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​លោក Hossein Dehghan  បាន​លើកឡើងថា អ៊ីរ៉ង់​លែង​ត្រូវការ​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ថែ​ម​ថា ព្រោះ​ខ្លួន​មាន​អាវុធ​ដែល​ទិញ​ពី​រុស្ស៊ី S-300 និង​អាវុធ​ដែល​ផលិត​បាន​ក្នុងស្រុក Bava -373 ផងដែរ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា អ៊ីរ៉ង់​មាន​ចំណាប់អារម្មណ៍​លើ​ការ​នាំចូល​យន្តហោះ​ប្រដេញ Sukhoi របស់​រុស្ស៊ី​។​

«​យើង​មិន​ត្រូវការ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ឆ្ងាយ បន្ថែម​លើ​ខែល​ការពារ​មី​ស៊ី​ល S-300 និង​Bavar-373 ឡើយ​។ យើង​លែង​ទិញ​អាវុធ​ទាំងនេះ​ទៀតហើយ​។ ដូច្នេះ​ក្រសួងការពារជាតិ​អ៊ីរ៉ង់​មាន​ផែនការ​មួយចំនួន​ក្នុងនោះ​មាន​ទាំង​ការជជែក​ពិភាក្សា​ជាមួយ​រុស្ស៊ី​រឿង​ទិញ​យន្តហោះ​ចម្បាំង Sukhoi ។ យើង​ត្រូវការ​ពង្រឹងកម្លាំង​ទ័ពអាកាស​នៅពេលនេះ​»​។​

​ការបង្ហាញ​ចំណាប់អារម្មណ៍​ចង់​ទិញ​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​នេះ បង្ហាញថា អ៊ីរ៉ង់​កំពុង​ព្យាយាម​បង្កើន​សមត្ថភាព​កងទ័ព​អាកាស​របស់ខ្លួន​នាពេល​បច្ចុប្បន្ន​។ ណាមួយ តាំង​រង​ទណ្ឌកម្ម​របស់​សហគម​ន៍​អន្តរជាតិ រដ្ឋ​ឥស្លាម​មួយ​នេះ​មិនសូវមាន​លទ្ធភាព​នាំ​អាវុធ​ចូល​ឡើយ​។  ហើយ​អ៊ីរ៉ង់​រឹតតែ​ចាប់អារម្មណ៍ ស្រប​ពេលដែល​អាវុធ​រុស្ស៊ី​កំពុងមាន​ប្រជាប្រិយភាព​នៅ​តំបន់​មជ្ឈិមបូព៌ា ក្រោយ​មហាអំណាច​មួយ​នេះ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់បែក​កម្ចាត់​ក្រុម​ភេរវជន​។​

​ដោយឡែក ដូច​បានលើកឡើង​ខាងដើម​ស្រាប់ អ៊ីរ៉ង់​មិនត្រូវ​ការ​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ថែ​ម​ឡើយ​។ អ៊ីរ៉ង់​មាន​ខែល​ការពារ​មី​ស៊ី​ល S-300 ដែល​បាន​បញ្ជា​ទិញ​ពី​រុស្ស៊ី​តាំងពី​ឆ្នាំ ២០០៧ មក​នោះ ប៉ុន្តែ​វា​ទើបបាន​ទទួល​អាវុធ​ទាំងនេះ​ថ្មីៗ​ប៉ុណ្ណោះ ក្រោយ​ភាគី​ចាប់ផ្តើម​អនុវត្ត​កិច្ចសន្យា​ទិញ​លក់​អាវុធ​ឡើងវិញ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០១៥​។ ការព្យួរ​កិច្ចសន្យា​នេះ​កើតឡើង​ដោយសារតែ​អ៊ីរ៉ង់​រង​ទណ្ឌកម្ម​ដែល​ដាក់ចេញ​តាមរយៈ​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​លេខ 1929 ឆ្នាំ ២០១០ ដែល​វា​ហាមឃាត់​រាល់​ការផ្ទេរ​ឬ​លក់​សព្វាវុធ​គ្រប់​ប្រភេទ​រួមទាំង​មី​ស៊ី​ល និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ឲ្យ​អ៊ីរ៉ង់​ផង​។

​ស្របពេល​ដែល​រង​ទណ្ឌកម្ម​សហគមន៍​អន្តរជាតិ​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ អ៊ីរ៉ង់​ក៏​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ស្រាវជ្រាវ​និង​ផលិត​អាវុធ​ក្នុងស្រុក​ដោយ​ខ្លួនឯង​ដែរ​។ ដូច​ឃើញ​ហើយ ប្រព័ន្ធ​មី​ស៊ី​ល Bavar-373  នេះ​ស្រាប់​ក៏​ជា​អាវុធ​ផលិត​ក្នុងស្រុក​ដែរ​។ បើតាម​មន្ត្រី​អ៊ីរ៉ង់ Bavar-373 គឺជា​ប្រព័ន្ធ​ការពារ​អាកាស​ដំបូង​បំផុត​ដែល​ផលិត​បាន​ក្នុង​ឆ្នាំ ២០១០ ដោយ​ក្រុម​អ្នកជំនាញ​ក្នុងស្រុក​របស់​អ៊ីរ៉ង់​។ Bavar-373 មាន​សមត្ថភាព​ក្នុង​ការចាប់​សញ្ញា​និង​កម្ទេចចោល យន្តហោះ​គ្មាន​អ្នក​បើ​, យន្តហោះ​ចម្បាំង​, មី​ស៊ី​ល និង​វត្ថុ​ដែល​ហោះហើរ​ផ្សេងទៀត​៕


Tag:
 អ៊ីរ៉ង់​
  Hossein Dehghan
  Sukhoi
  Bava-373
 S-300
© រក្សាសិទ្ធិដោយ thmeythmey.com