អន្តរជាតិ
រុស្ស៊ី​ដក​យន្តហោះ​ចម្បាំង​ចេញពី​អ៊ីរ៉ង់​វិញ ខណៈ​អ៊ីរ៉ង់​ថា រុស្ស៊ី​បំពាន​ទំនុកចិត្ត​
23, Aug 2016 , 8:59 pm        
រូបភាព
​រុស្ស៊ី​បានប្រកាសថា ខ្លួន​បានសម្រេច​គោលដៅ​របស់ខ្លួន​ហើយ​ក្នុងការ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​ក្រុម​ភេរវជន​នៅ​ស៊ី​រី​។ បច្ចុប្បន្ននេះ​យន្តហោះ​ចម្បាំង​និង​ទម្លាក់​គ្រាប់បែក​ទាំងអស់​ចាក់ចេញ​ពី​អ៊ីរ៉ង់​អស់ហើយ តែ​ក្រុង​ម៉ូស្គូ​អះអាងថា អនាគត​រុស្ស៊ី​អាច​នឹង​ប្រើប្រាស់​មូលដ្ឋានទ័ព​អ៊ីរ៉ង់​ទៀត​។ យ៉ាងណាមិញ វា​ហាក់ដូចជា​រហ័ស​ពេក ដែល​រុស្ស៊ី​ដក​សព្វាវុធ​ចេញពី​អ៊ីរ៉ង់​។ គេ​មាន​មន្ទិល​សង្ស័យថា អ៊ីរ៉ង់​និង​រុស្ស៊ី​មានការ​ទាស់ទែង​ខ្វែងគំនិត​គ្នា​រឿង​ប្រើប្រាស់​មូលដ្ឋានទ័ព​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​ក្រុម​ភេរវជន​នេះ​។ កន្លងមក​សមាជិកសភា​អ៊ីរ៉ង់​ខ្លះ​ថា កិច្ចព្រមព្រៀង​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​ទឹកដី​អ៊ីរ៉ង់​រំលោភ​រដ្ឋធម្មនុញ្ញ ហើយ​ប្រមុខ​ការទូត​អ៊ីរ៉ង់​ក៏​រិះគន់​ការផ្សព្វផ្សាយ​ព័ត៌មាន​ពាសវាល​ពាសកាល​និង អួតអាង​ពី​ការទទួលបាន​សិទ្ធិ​ប្រើប្រាស់​មូលដ្ឋានទ័ព​អ៊ីរ៉ង់​ខ្លាំងពេក​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​គិត​ទៅ​មិន​ដល់​មួយ​សប្តាហ៍​ស្រួលបួល​ផង រុស្ស៊ី​ស្រាប់​ប្រកាស​ដក​យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-22M3 និង​យន្តហោះ​ចម្បាំង Su-34 ជាច្រើន​គ្រឿង​ចេញពី​មូលដ្ឋានទ័ព Hamedan នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ង់​ទៅកាន់​ទឹកដី​ខ្លួន​វិញ​។ បើតាម​សម្តី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី Igor Konashenkov ដែល​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន RT នៅ​ថ្ងៃ​ចន្ទ ទី ២២ សីហា រុស្ស៊ី​ដក​សព្វាវុធ​ចេញ​ដោយសារ​ខ្លួន​សម្រេច​គោលដៅ​ហើយ ហើយ​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​អាច​នឹងត្រូវ​ធ្វើឡើង​ដោយ​ផ្អែកលើ​ការប្រឆាំង​ភេរវកម្ម​និង​បញ្ហា​នៅ​ស៊ី​រី​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ​។ រុស្ស៊ី​ប្រកាសថា​យន្តហោះ​ចម្បាំង​ខ្លួន​ចេញ​វាយប្រហារ​ពី​ទឹកដី​អ៊ីរ៉ង់​នៅ​ថ្ងៃ ១៦ សីហា​កន្លងទៅ ហើយ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ក៏​បញ្ជាក់​ផងដែរ​ថា វា​មិនមែនជា​ប្រតិបត្តិការ​អចិន្ត្រៃយ៍​ឡើយ​។  ភ្លាមៗ​ក្រោយ​រុស្ស៊ី​បង្អួត​យន្តហោះ​ចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់​ដែល​ហោះហើរ​ចេញពី​អ៊ីរ៉ង់​មក​កម្ទេច​ក្រុម​ភេរវជន អាមេរិក​បាន​ចោទ​រុស្ស៊ី​ថា វា​អាច​រំលោភ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ 2231 ពាក់ព័ន្ធ​ការផ្ទេរ​អាវុធ​ទៅ​អ៊ីរ៉ង់​។ ប៉ុន្តែ​រុស្ស៊ី​បាន​តប​វិញ​ថា វា​មិន​ប៉ះពាល់​ដល់​ដំណោះស្រាយ​អង្គការសហប្រជាជាតិ​ឡើយ​ព្រោះ​វា​មិនមែនជា​ការលក់​អាវុធ​ឲ្យ​អ៊ីរ៉ង់​។ ហើយ​វា​ក៏​មិន​ត្រូវការ​ការអនុញ្ញាត​ពី​អង្គការសហប្រជាជាតិ​ជាមុន​ដែរ ព្រោះ​វា​ជា​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​ឈរលើ​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក​រវាង​ភាគី​អ៊ីរ៉ង់​និង​រុស្ស៊ី​។

​យ៉ាងណា​ក៏ដោយចុះ ការដក​ទ័ព​ចេញ​ភ្លាមៗ​នេះ​មិនមែនជា​រឿង​សាមញ្ញ​ឡើយ​។ វា​បញ្ជាក់ថា រុស្ស៊ី និង​អ៊ីរ៉ង់​អាចមាន​បញ្ហា​អាក់អន់ស្រពន់ចិត្ត​ជាមួយ​គ្នា​រឿង​ប្រើប្រាស់​មូលដ្ឋានទ័ព​នេះ​។ ថ្វីបើ​អ៊ីរ៉ង់ និង​រុស្ស៊ី​សុទ្ធតែ​អះអាងថា វា​ធ្វើឡើង​ក្រោម​កិច្ចព្រមព្រៀងទ្វេភាគី និង​មិន​អចិន្ត្រៃយ៍​ក៏ដោយ តែ​ពេល​មួយ​សប្តាហ៍​វា​ខ្លី​ខ្លាំង ហើយ​គេ​ក៏​ឃើញ​មានប្រតិកម្ម​ពី​ខាង​រដ្ឋាភិបាល​អ៊ីរ៉ង់​ដែរ​។​

១.​រុស្ស៊ី​អួតអាង​ពេក​រឿង​ប្រើប្រាស់​មូលដ្ឋានទ័ព​អ៊ីរ៉ង់​រហូត​ភ្លេច​រក្សា​ការសម្ងាត់
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​ព្យាយាម​គូសបញ្ជាក់ថា រុស្ស៊ី​បានក្លាយ​ជា​ប្រទេស​ដំបូង​ហើយ​ដែល​អាចមាន​សិទ្ធិ​ប្រើប្រាស់​មូលដ្ឋានទ័ព​អ៊ីរ៉ង់​ដើម្បី​ប្រយុទ្ធ​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​មក​នោះ​។ ហើយ​រុស្ស៊ី​ក៏​ព្យាយាម​បង្ហាញ​ទៅកាន់​លោកខាងលិច​ផងដែរ​ថា រុស្ស៊ី​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​មជ្ឈិមបូព៌ា​ហើយ​នៅពេលនេះ​។ ប៉ុន្តែ​អ៊ីរ៉ង់​ទំនងជា​មិនសូវ​ពេញចិត្ត​ឡើយ​។ ថ្វី​បើជា​មិត្ត​ជិតស្និទ្ធ​ក៏ដោយ អ៊ីរ៉ង់​មិន​ចង់​ឲ្យ​រុស្ស៊ី​អួតអាង ផ្សព្វផ្សាយ​ពាសវាល​ពាសកាល​ពី​ប្រតិបត្តិការ​របស់ខ្លួន​ខុស​របៀបរបប​ឡើយ​។ បើសិន​អាច​រក្សា​ការសម្ងាត់ ឬ​នៅ​ស្ងៀម វា​ជា​ការល្អ​។​

​ទាក់ទិន​បញ្ហា​នេះ រដ្ឋមន្ត្រី​ការពារជាតិ អ៊ីរ៉ង់ Hossein Dehghan ក៏បាន​និយាយ​ផ្លែផ្កា​ឲ្យ​រុស្ស៊ី​ដែល​បញ្ចេញ​ព័ត៌មាន​ពាសវាល​ពាសកាល​ដោយ​មិន​រក្សា​ការសម្ងាត់​នោះដែរ​។ យោងតាម​សារព័ត៌មាន The New York Times  ប្រមុខ​ការពារជាតិ​រូបនេះ​ហៅ​សកម្មភាព​របស់​ក្រុង​ម៉ូស្គូ​ដែល​មិន​រក្សា​ការសម្ងាត់​ថា​ជា​«​ការ​ក្បត់​ការទុកចិត្ត​រវាង​ភាគី​ទាំងពីរ​» ថែមទៀត​។​

​លោក​បាន​បន្តថា​៖«​យើង​មិនបាន​ផ្តល់​មូលដ្ឋានទ័ព​ឲ្យ​រុស្ស៊ី​ឡើយ ហើយ​ពួកគេ​ក៏​មិនអាច​នៅទីនេះ​រហូត​ដែរ​។ នេះ​ក៏ដោយ​សារ​ភាគី​គ្មាន​កិច្ចព្រមព្រៀង​ជា​លាយលក្ខណ៍អក្សរ​ឡើយ​។ វា​ត្រឹម​ជាការ​អនុញ្ញាត បណ្តោះអាសន្ន​ប៉ុណ្ណោះ​»​។​

​ដោយឡែក ខាង​សារព័ត៌មាន​រុស្ស៊ី RT មិន​រៀបរាប់​ច្រើន​ឡើយ ហើយ​មិន​ស្រង់​សម្តី​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​នេះ​ដូច​សារព័ត៌មាន The New York Times ឡើយ ។ គេ​គ្រាន់តែ​បញ្ជាក់ថា កងទ័ពអាកាស​រុស្ស៊ី​បញ្ចប់​ភារកិច្ច​របស់ខ្លួន​ហើយ ហើយ​ម្យ៉ាងទៀត​រុស្ស៊ី​ក៏​អាច​នឹង​ប្រើប្រាស់​មូលដ្ឋានទ័ព​នៅ​អ៊ីរ៉ង់​នៅខាងមុខ​ទៀតផង​ដែរ​។

​អាច​ថា វា​រឿង​ត្រឹមត្រូវ​ដែរ ព្រោះ​រុស្ស៊ី​ហាក់បីដូចជា​ព្យាយាម​ផ្សព្វផ្សាយ​បញ្ហា​នេះ​ខ្លាំង​ហួសហេតុ​ពេក រហូត​ភ្លេច​គិតថា វា​ជា​រឿង​រសើប​សម្រាប់​អ៊ីរ៉ង់ ព្រោះ​វា​ជា​រឿងចម្រូងចម្រាស​សម្រាប់​សហគមន៍​អន្តរជាតិ និង​ក្នុងស្រុក​ផងដែរ​។ ការអនុញ្ញាត​ឲ្យ​បរទេស​ប្រើប្រាស់​ទឹកដី​ធ្វើ​សកម្មភាព​យោធា​ជា​រឿង​រសើប​នៅ​អ៊ីរ៉ង់​ចាប់តាំងពី​ប្រទេស​នេះ​ផ្តួលរំលំ​របបរាជានិយម​និង​បង្កើត​សាធារណរដ្ឋ​ឥស្លាម​ឆ្នាំ ១៩៧៩​នោះ​។​ដូច​ឃើញស្រាប់ សមាជិកសភា​អ៊ីរ៉ង់​មួយចំនួន​អះអាង​ផងដែរ​ថា កិច្ចព្រមព្រៀង​អ៊ីរ៉ង់​ជាមួយ​រុស្ស៊ី​ពាក់ព័ន្ធ​ការប្រើប្រាស់​មូលដ្ឋានទ័ព​អ៊ីរ៉ង់ វា​រំលោភ​រដ្ឋធម្មនុញ្ញ​អ៊ីរ៉ង់​។

២.​អាមេរិក​ព្រមាន​បំពាក់អាវុធ​ក្រុម​ឧទ្ទាម បើ​រុស្ស៊ី​បន្ត​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម​ទៀត​
​កាលពី​សប្តាហ៍​មុន​រុស្ស៊ី​បង្កើន​ការវាយប្រហារ​លើ​ទីក្រុង Aleppo និង Idlib (​អៃ​ដឺ​លី​ប​) ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ក្រុម Jabhat al-Nusra ផង​។​ហើយ​ក្រសួងការពារជាតិ​រុស្ស៊ី​ថា ប្រតិបត្តិការ​នេះ​បានសម្លាប់​ក្រុម​ភេរវជន​ច្រើន​នាក់​ថែម​ទៀតផង​។ ប៉ុន្តែ​អាមេរិក​នៅ​ចោទថា​រុស្ស៊ី​បាន​ឆ្លៀត​សំពោង​ទាំង​ក្រុម​ឧទ្ទាម​ដែល​ខ្លួន​គាំទ្រ​នៅក្នុង​ទីក្រុង Aleppo ។

​យោងតាម​សារព័ត៌មាន CNN រដ្ឋមន្ត្រីការបរទេស​លោក ច​ន ឃែ​រី បាន​ព្រមាន​រុស្ស៊ី និង​កងទ័ព​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ​ផងដែរ ជុំវិញ​ការបន្ត​វាយប្រហារ​លើ​ទីតាំង​កងទ័ព​ឧទ្ទាម​ស៊ី​រី​។ ប្រមុខ​ការទូត​រូបនេះ​បាន​អះអាងថា អាមេរិក​អាច​នឹង​បំពាក់​សព្វាវុធ​ដល់​ក្រុម​ប្រដាប់អាវុធ​ទាំងនោះ ដើម្បី​តទល់​ជាមួយ​កងទ័ព​អាសាដ និង​រុស្ស៊ី​។

​ចំណែក​មេទ័ព​អាមេរិក​ថ្មី​ប្រចាំ​អ៊ីរ៉ាក់ និង​ស៊ី​រី Stephen Townsend ក៏បាន​ព្រមាន​រុស្ស៊ី​និង​ស៊ី​រី​ផងដែរ​ពាក់ព័ន្ធ​ការវាយប្រហារ​លើ​ក្រុម​ឧទ្ទាម​នេះ​។ លោក​បារម្ភ​ថា វា​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​កងកម្លាំង​ពិសេស​អាមេរិក​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​នោះ​។ ហើយ​លោក​បាន​ប្តេជ្ញា​ថា លោក​នឹង​ការពារ​កងកម្លាំង​ពិសេស​របស់​អាមេរិក បើសិន​ទ័ព​អាសាដ​ហ៊ាន​វាយប្រហារ​តំបន់​ខាងលើ​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com