ជាតិ
នយោបាយជាតិ
ព្រះអង្គ ប៊ុត ប៊ុនតិញ ស្នើឲ្យសម្ដេច ហ៊ុន សែន សម្រាកលំហែកាយ៣ខែ ដើម្បីបន្ធូរភាពហត់នឿយ
× ក្រោយពីបានចូលរួមជួបពិភាក្សាជាមួយសម្ដេច ហ៊ុន សែន ហើយនោះព្រះអង្គ ប៊ុត ប៊ុនតិញ សង្កេតឃើញថា លោកនាយករដ្ឋមន្ត្រី មានសុខភាពទ្រុឌទ្រោម និងភាពនឿយហត់ជាខ្លាំង ក្នុងកិច្ចការប្រទេសជាតិ។ ព្រះអង្គ ប៊ុត ប៊ុនតិញ ស្នើឲ្យសម្ដេច ហ៊ុន សែន សម្រាកពីកិច្ចការងារជាតិ៣ខែ សម្រាប់មានពេលទំនេរសម្រាកលំហែកាយ ដើម្បីបន្ធូរភាពហត់នឿយរបស់ខ្លួន។ ព្រះអង្គ បន្ថែមថា ពេលវេលាសម្រាកលំហែកាយ អាចជាចំណុចល្អមួយ ដែលអាចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានឱកាសច្រើនស្វែងយល់ពីបញ្ហាបន្ថែមទៀត ក្នុងការបំពេញកិច្ចការងារប្រទេសជាតិ។
នៅក្នុងវីដេអូឃ្លីប មានរយៈពេល១២នាទីនោះ ព្រះអង្គ ប៊ុត ប៊ុនតិញ មានសង្ឃដីកាយ៉ាងដូច្នេះថា៖«អាត្មាកោតសរសើរ ដែលគាត់(សម្ដេច ហ៊ុន សែន)បានប្រើប្រាស់ពេលវេលាស្ទើមួយជីវិត មិនដែលយកពេលវេលាវិស្សមកាល ដើម្បីសម្រាកលំហែខ្លួនគាត់ទេ។ អាត្មាយល់ថា ការធ្វើបែបនេះ នឹងមិនសូវជាជោគជ័យប៉ុន្មានទេ …។ ញ៉ុមលោកនាយករដ្ឋមន្ត្រី គួរតែសម្រាក ហើយបើមានពេលសម្រាកដើរលេងជាមួយព្រះសង្ឃ ដើរលំហែជាជនសាមញ្ញ កុំឲ្យមានអ្នកហែហមច្រើនពេក ដើរលេងជាលក្ខណៈគ្រួសារ ។អាត្មាគិតថាមានន័យណាស់ ព្រោះជីវិតចុងក្រោយមានន័យត្រង់ចំណុចនេះ កសាងជាតិចំណាយពេលយូណាស់មកហើយ»។
ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលតែងតែចេញសកម្មភាពការពារធនធានធម្មជាតិនោះ បានបន្ថែមថា ព្រះអង្គ មានការអាណិតអាសូចំពោះសម្ដេច ហ៊ុន សែន ដែលខិតខំចំណាយពេលកសាងអភិវឌ្ឍន៍ជាតិ តែត្រូវបានមន្ត្រីដែលជុំវិញខ្លួនមិនសូវយល់ពីមហិច្ឆតាសម្ដេច ហើយបំផ្លាញការខិតខំកសាងជាតិទៅវិញ។ សង្ឃដីកាព្រះអង្គ ប៊ុត ប៊ុនតិញ ធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន ប្រកាសទទួលកំហុសខ្លួន លើបញ្ហាអសមត្ថភាពក្នុងការទប់ស្កាត់បទល្មើសព្រៃឈើកន្លងមក ដែលប្រមុខរដ្ឋាភិបាល អះអាងថា «ចាត់ទុកថា ខ្ញុំជាអ្នកខុសចុះ ព្រោះខ្ញុំល្ងង់ពេក» ។ ហើយនេះជាសម្ដីលើកទីមួយ ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មើលឃើញពីភាពចន្លោះប្រហោងអនុវត្តការងាររបស់មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់បទល្មើសជលផល និងបទល្មើសព្រៃឈើ។
ត្រង់ចំណុចនេះព្រះអង្គ ប៊ុត ប៊ុនតិញ បានលើកតាមធម៌ព្រះពុទ្ធយ៉ាងដូច្នេះថា៖«បុគ្គលណាដែលបានដឹងកំហុសខ្លួន ហើយងាកមកធ្វើកិច្ចការត្រូវ បុគ្គលនោះនឹងក្លាយជាបុគ្គលជោគជ័យ។ បើបុគ្គលណាដឹងតែពីអំនួត អួតតែពីកំហុសរបស់ខ្លួន បុគ្គលនោះនឹងជាបុគ្គលបរាជ័យ ប្រៀបធៀបចំណុចនេះ ញ៉ុមនាយករដ្ឋមន្ត្រី បើដឹងខ្លួនទាន់ពេលវេលា ធ្វើការល្អនៅមានវាសនាដឹកនាំប្រទេសទៅមុខទៀត»៕
Tag:
ប៊ុត ប៊ុនតិញ
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com